November 19, 2019

Language:

វគ្គបណ្តុះបណ្តាលស្តីអំពី ​”ការប្រកួតប្រជែងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (Cybersecurity Competition CTF Bootcamp)”

រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃទី១៣​ ខែតុលា​ ឆ្នាំ២០១៩​ មន្ត្រី​នៃ​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​នៃ​អគ្គនាយក​ដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​(MPTC​) ចំនួន០២​ (ពីរ​)រូប​ ១/លោក​ គឹម​ អាន​ (KIM​ ANN​) និង​ ២/លោក​ សុខ​ សុវណ្ណ​ (SOK​ SOVAN​) បាន​ចូលរួម​ធ្វើជា​គ្រូបង្គោល​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីអំពី​ “ការប្រកួត​ប្រជែង​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ – Cybersecurity​ Competition​ CTF​ Bootcamp​” ដល់​សាធារណៈ​ជន​ប្រមាណ​ជា​ ៦៣រូប​ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ (Institute​ of​ Technology​ of​ Cambodia​)។ វគ្គ​បណ្តុះបណ្តាល​នេះ​ ធ្វើឡើង​ស្រប​ពេល​ជាមួយ​នឹង​ព្រឹត្តិ​ការណ៍​ BarCamp​ ASEAN​ 2019​ ក្រោម​ប្រធានបទ​ “Together​ Towards​ a Digital​ Future​”។

គោលបំណង​នៃ​វគ្គ​បណ្តុះបណ្តាល​ខាងលើ​នេះ​គឺ​ដើម្បី​ចែករំលែក​ចំណេះដឹង​ និង​បទពិសោធន៍​ពាក់ព័ន្ធ​ទៅ​នឹង​ការប្រកួត​ប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ពត៌មាន​ដោយ​ផ្តោត​សំខាន់​ទៅលើ​បច្ចេកទេស​ចាំបាច់​នានា​ ដែល​ត្រូវការ​ក្នុង​ពេល​ប្រកួត​នៅក្នុង​ស្រុក​ និង​ក្នុង​តំបន់​។ ប្រធានបទ​ចំ​បងៗ​មួយចំនួន​ដូច​ខាងក្រោម​ត្រូវ​បាន​លើកយក​មក​បង្ហាញ​រួម​ជាមួយ​ការ​បង្ហាញ​ផ្ទាល់​ (hand​-on​ demo​)

  • ការណែនាំអំពីការប្រកួតប្រជែងលក្ខណៈប្រភេទ Capture The Flag (CTF)
  • ប្រភេទនៃការប្រកួតប្រជែង និងប្រភេទសំនួរ (Challenges)
  • ការត្រៀមខ្លួន និងការពង្រឹងសមត្ថភាព មុននឹងឈានទៅចូលរួមការប្រកួតផ្សេងៗ
  • ណែនាំអំពីការប្រកួតប្រជែងនៅកម្ពុជាដែលបានរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រួមមាន
    Cambodia Cyber Contest និង Cambodia Cyber Champion និងការប្រកួតប្រជែងនៅថ្នាក់តំបន់​ក្នុងកម្រិតអាស៊ានរួមមាន​ Singapore Cyber Conquest និងអាស៊ាន-ជប៉ុន Cyber SEA Game
  • ការ​បង្ហាត់បង្ហាញ​អំពី​នីតិវិធី​ និង​កម្មវិធី​ដែល​ត្រូវ​ប្រើប្រាស់​សម្រាប់​ដោះស្រាយ​ប្រភេទ​សំ​ណួរ​ផ្សេង​ៗ រួមមាន​សំណួរ​បែប​វាយប្រហារ​ និង​បែប​ការពារ​ និង​វិភាគ​រក​ភស្តុតាង​ (Forensics​) ដែល​បាន​ដាក់ចេញ​ក្នុង​ការប្រកួត​នៅ​កម្ពុជា​កាលពី​ពេល​កន្លងទៅ​នេះ​។

ក្នុង​នោះ​ផង​ដែរ​លោក​ គឹម​ អាន​ បាន​ជម្រាប​ជូន​ថា​នេះ​ គឺជា​ការ​ចាប់ផ្តើម​មួយ​ ហើយ​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​អំពី​ការប្រកួត​នា​ពេល​ខាងមុខ​បន្ថែម​ទៀត​ទៅដល់​សិស្ស​-និស្សិត​ ដើម្បី​ជា​ការជំរុញ​ និង​អភិវឌ្ឍ​វិស័យ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ ស្រប​ពេល​ដែល​កម្ពុជា​ដើរឆ្ពោះ​ទៅកាន់​សេដ្ឋកិច្ច​ឌីជីថល​ និង​ត្រៀមខ្លួន​ដើម្បី​ចាប់​យក​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី៤​ ផង​ដែរ​៕