December 06, 2019

Language:

ការប្រកួត​ប្រជែង​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ២០១៩ “Cambodia Cyber Champion 2019” និង​ការ​ប្រគល់​ជ័យលាភី​

​រាជធានី​ភ្នំពេញ​៖ ព្រឹក​ថ្ងៃពុធ​ ៥រោច​ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០១៩​ នៅ​ទីស្ដីការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ មាន​រៀបចំ​ព្រឹត្តិ​ការណ៍​ប្រកួតប្រជែង​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ ២០១៩​ (Cambodia​ Cyber​ Champion​ 2019​) ក្រោម​អធិបតីភាព​ លោក​ អ៊ូ​ ផាន់​ណា​រិទ្ធ​ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ នៃ​អគ្គនាយក​ដ្ឋាន​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​។ ព្រឹត្តិ​ការណ៍​នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយ​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​ គមនាគមន៍​ និង​ព័ត៌មាន​ ក្រោម​ការ​គាំទ្រ​ដោយ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ ក្នុង​គោ​លប​ណងដើម្បី​ជំរុញ​លើកកម្ពស់​បញ្ជ្រាប​ការយល់​ដឹង​ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ ស្រប​ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋ​ភិបាល​ក្នុង​ការរៀបចំ​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​ និង​ឆ្លើយតប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី៤​ ដោយមាន​ការ​ចូលរួម​បេក្ខជន​ចំនួន​ ១៦នាក់​ ស្មើ​និង​ ៨ក្រុម​ (អវត្តមាន​មួយ​ក្រុម​) មក​ពី​មហាវិទ្យាល័យ​នានា​ និង​ក្រុមហ៊ុន​ឯកជន​នៅ​រាជធានី​ភ្នំពេញ​។

ជា​កិច្ច​ចាប់ផ្តើម​បើក​កម្មវិធី​ លោក​ អ៊ូ​ ផាន់​ណា​រិទ្ធ​ បាន​ថ្លែង​លើកឡើង​អំពី​សារៈសំខាន់​នៃ​ការ​កសាង​សមត្ថភាព​ធនធានមនុស្ស​ដែល​មាន​ជំនាញ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​។ សព្វថ្ងៃ​នេះ​ជំនាញ​មួយ​នេះ​គឺ​មាន​តម្រូវការ​យ៉ាង​ខ្លាំង​ ទាំង​ក្នុង​ស្រុក​ និង​នៅក្នុង​តំបន់​ ហើយ​លោក​បាន​ផ្តាំផ្ញើ​ឱ្យ​បេក្ខជន​ដែល​ចូលរួម​ទាំងអស់​ ទោះបី​ទទួល​បាន​ជ័យលាភី​ ឬមិន​បាន​ក្ដី​ ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ​ជំនាញ​មួយ​នេះ​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​កម្ពុជា​យើង​មាន​ធនធាន​បន្ថែម​ក្នុង​ការ​ការពារ​ ទប់ស្កាត់​ និង​ឆ្លើយតបទៅនឹង​ការវាយប្រហារ​នានាពី​
អ៊ិ​នធឺ​ណិ​ត។

ការប្រកួត​នេះ​គឺ​មាន​រយៈពេល​ពេញមួយថ្ងៃ​ ហើយ​ក្រុម​ដែល​ទទួល​បាន​ជ័យលាភី​ចំនួន​ពីរ​រូប​ នឹង​ត្រូវ​ចាត់បញ្ជូន​ទៅ​ចូលរួម​ប្រកួត​បន្ត​នៅ​ប្រទេស​ថៃ​នា​ខែ​វិ​ច្ឆិ​ការ​ខាងមុខនេះ​។

ការប្រកួត​នេះ​គឺ​មាន​លក្ខណៈ​ជា​ទម្រង់​ Capture​ The​ Flag​ (CTF​) ប្រភេទ​ Jeopardy​ Style​ ដែល​មាន​ប្រភេទ​សំណួរ​ (challenges​) ដូចជា​ Digital​ Forensics​, Network​ Analysis​, Cryptography​, Reverse​ (Binary​) និង​ Miscellaneous​ ដែល​បាន​ចងក្រង​ឡើង​ឆ្លើយតប​ទៅ​បច្ចេកទេស​ក្នុង​តាម​ការ​តាន​ដាន​ និង​កំណត់​អត្តសញ្ញាណ​នៃ​ការវាយប្រហារ​ និង​ការ​លួច​ទិន្នន័យ​នា​ពេល​បច្ចុប្បន្ន​នេះ​ ដែលឆ្លុះបញ្ចាំងអំពីចំណេះដឹងដែលកំពុងមានតម្រូវការខ្ពស់ក្នុងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន​នៅតាមស្ថាប័ននីមួយៗ។

ការ​ប្រគល់​ជ័យលាភី​

ក្រោយពី​ការប្រកួត​ប្រជែង​រយៈពេល​ពេញមួយថ្ងៃ​រួចមក​ ជ័យ​ជំ​នៈ​ត្រូវ​បាន​ធ្លាក់​ទៅលើ​ក្រុម​ “KHroot​” ដែល​រួមមាន​សមាជិក​ ២រូប​គឺ​ លោក​ អ៊ឹ​ង ប៉​ហៃ​ មក​ពី​ក្រុមហ៊ុន​ ផាយ​ ផេ​ (Pi​ Pay​) និង​លោក​ កាក់​ យុត្ថា​វុឌ្ឍ​ មក​ពី​ធនាគារ​ឯកទេស​ខ្មែរ​ ភី​អិ​លស៊ី​ (Khmer​ Specialize​ Bank​ Plc​.) រកបាន​ពិន្ទុ​ប្រមាណ​ជា​ ៣១០០​ ក្នុង​ពន្ទុ​សរុប​ប្រហែល​ ៦០០០​។ លោក​ អ៊ូ​ ផាន់​ណា​រិទ្ធ​ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​ បាន​ប្រគល់​រង្វាន់​ដល់​បេក្ខជន​ជ័យលាភី​ និង​បាន​ផ្តាំ​ផ្ញើរ​ឱ្យ​បេក្ខជន​ទាំងពីរ​ប្រឹងប្រែង​ស្រាវជ្រាវ​បន្ថែម​ទៀត​មុន​ពេល​ដែល​ខ្លួន​ចេញ​ ទៅ​ប្រកួត​ថ្នាក់​តំបន់​នៅ​ប្រទេស​ថៃ​នា​ពេល​ខាងមុខនេះ​៕