April 29, 2024

Language:

សិក្ខាសាលាស្តីពី អនាគតនៃសន្តិសុខសាយប័រសម្រាប់វិស័យសាធារណៈ (Securing the Future of Cybersecurity for the Public Sector)

ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី អនាគតនៃសន្តិសុខសាយប័រសម្រាប់វិស័យសាធារណៈ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ Fairfield by Marriott Phnom Penh ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី អនាគតនៃសន្តិសុខសាយប័រសម្រាប់វិស័យសាធារណៈ (Securing the Future of Cybersecurity for the Public Sector) ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមកពីបណ្តាអង្គភាព ក្រសួង-ស្ថាប័នរដ្ឋ ចំនួន២៨។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងមានការគាំទ្រពីក្រុមហ៊ុន Palo Alto Networks ក្នុងគោលបំណងដើម្បីស្វែងយល់បន្ថែមអំពីការវិវត្តន៍ថ្មីៗនៃការគំរាមកំហែងក្នុងលំហសាយប័រ, ដំណោះស្រាយបច្ចេកវិទ្យា, និងយន្តការត្រួតពិនិត្យសន្តិសុខសាយប័រសម្រាប់វិស័យសាធារណៈ ព្រមទាំងការពង្រឹងសមត្ថភាពបច្ចេកទេសដល់តួអង្គពាក់ព័ន្ធ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានចង្អុលបង្ហាញនូវភាពចាំបាច់ក្នុងការគ្រប់គ្រងឱ្យបានលើហានិភ័យក្នុងលំហសាយប័រ និងការចាប់យកកាលានុវត្តភាពពីការរីកចំរើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងជាតិ បង្កើនផលិតភាព ជំរុញពិពិធកម្ម បង្កើតនិងលើកកម្ពស់គុណភាពការងារ។ តាមការចង្អុលបង្ហាញនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដាក់ចេញនូវគោលដៅលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័ររបស់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការអនុវត្តន៍យ៉ាងសកម្មនូវសកម្មភាពអាទិភាព ជាអាទិ៍ ១)ការរៀបចំផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍សន្តិសុខសាយប័រ, ២)ការសិក្សាវាយតម្លៃកម្រិតសន្តិសុខសាយប័រ, ៣)ការរៀបចំច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ, ៤)ការពង្រឹងសមត្ថភាពស្ថាប័នសន្តិសុខសាយប័រអង្គភាពក្រោមឱវាទ, ៥)ការកសាងមូលធនមនុស្សជំនាញសន្តិសុខសាយប័រ, និង ៦)ការបង្កើនកិច្ចសហប្រតិបត្តិការល្អរវាងគ្រប់ភាគីពាក់ព័ន្ធទាំងក្នុងស្រុក និងអន្តរជាតិ ដែលរួមមាន រដ្ឋាភិបាល វិស័យឯកជន សាកលវិទ្យាល័យ និងដៃគូអភិវឌ្ឍន៍។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ មានសង្ឈឹមថា សិក្ខាសាលាថ្ងៃនេះ ជាចំណែកមួយនៃការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាក្នុងការចូលរួមកសាងមូលធនមនុស្សជំនាញសន្តិសុខសាយប័រស្របតាមការវិវត្តន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត Artificial Intelligence (AI) និងបច្ចេកវិទ្យា Machine Learning (ML) ដែលបាននិងកំពុងធ្វើឱ្យមានការផ្លាស់ប្តូរទាំងលើទិដ្ឋភាពរួម និងចរិកលក្ខណៈនៃការគំរាមកំហែងក្នុងលំហសាយប័រឱ្យកាន់តែមានភាពស្មុគ្រស្មាញ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តអ្នកចូលរួមទាំងអស់ក្នុងធ្វើការចែករំលែកបទពិសោធន៍និងមធ្យោបាយ ព្រមទាំងបង្កើតទំនាក់ទំនងល្អ ដើម្បីលើកកម្ពស់កម្រិតនៃសន្តិសុខសាយប័ររបស់វិស័យសាធារណៈក្នុងព្រះរាជាណាចក្រកម្ពុជា។
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.