October 22, 2026

Language:

របៀបជ្រើសរើសកម្មវិធីកម្ចាត់មេរោគ (Antivirus) សម្រាប់ឧបករណ៍ច្រើនក្នុងពេលតែមួយ (ផ្នែក ១)

១. ព័ត៌មានទូទៅ

ករណីអ្នកមានឧបករណ៍ច្រើន អ្នកប្រាកដជាចង់ឱ្យឧបករណ៍នីមួយៗទទួលបានការការពារមេរោគបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ ការជ្រើសរើសកម្មវិធីកម្ចាត់មេរោគដែលត្រឹមត្រូវសម្រាប់ឧបករណ៍ច្រើន គឺមិនមែនមើលតែលើដែនកំណត់ចំនួនឧបករណ៍នោះទេ។

អ្នកត្រូវការកម្មវិធីកម្ចាត់មេរោគណាដែលគាំទ្រប្រព័ន្ធប្រតិបត្តិការ (OS) ដែលអ្នកកំពុងប្រើប្រាស់ ផ្តល់ការការពារដែលមានស្ថេរភាពស្មើៗគ្នានៅលើគ្រប់ឧបករណ៍ អាចឱ្យអ្នកគ្រប់គ្រងអ្វីៗទាំងអស់ចេញពីទីតាំងតែមួយ និងមានតម្លៃសមរម្យរហូតដល់ផុតកំណត់នៃការប្រើប្រាស់។

មិនថាសេចក្តីត្រូវការរបស់អ្នកគឺដើម្បីការពារឧបករណ៍ផ្ទាល់ខ្លួនច្រើន ការពារកុំព្យូទ័ររបស់សមាជិកផ្សេងទៀតនៅក្នុងគ្រួសារ ឬគាំទ្រទាំងកុំព្យូទ័រ Mac និង PC នោះទេ ការស្វែងរកកម្មវិធីកម្ចាត់មេរោគដែលត្រឹមត្រូវគឺជារឿងសំខាន់បំផុត។ ដោយផ្អែកលើចំណុចនេះ តោះមកមើលពីរបៀបកំណត់ទំហំនៃការការពារដែលអ្នកត្រូវការ ការប្រៀបធៀបការការពារ ការគណនាថ្លៃចំណាយសរុប និងការជ្រើសរើសកញ្ចប់សេវាការពារមេរោគសម្រាប់ឧបករណ៍ច្រើនដែលល្អបំផុតសម្រាប់អ្នក។

២. តើអ្វីជាកម្មវិធីកម្ចាត់មេរោគសម្រាប់ឧបករណ៍ច្រើន (Multi-device antivirus software)?

កម្មវិធីកម្ចាត់មេរោគសម្រាប់ឧបករណ៍ច្រើន គឺជាកម្មវិធីសុវត្ថិភាពដែលអ្នកអាចដំឡើងលើឧបករណ៍ដែលគាំទ្រជាច្រើនក្រោមការជាវ (Subscription) តែមួយ ដូច្នេះអ្នកប្រើប្រាស់ដែលមានកុំព្យូទ័រច្រើនអាចរក្សាការការពារឧបករណ៍ទាំងអស់នោះបាន ដោយមិនបាច់ទិញឧបករណ៍បន្ថែម ឬទិញកញ្ចប់សេវាច្រើនដងនោះទេ។

វាអាចមានទម្រង់ខុសៗគ្នាជាច្រើន ដោយសារកញ្ចប់សេវាអាចខុសគ្នាតាមក្រុមហ៊ុនផ្គត់ផ្គង់នីមួយៗ។ បម្រែបម្រួលទាំងនេះរួមមាន៖

  • ចំនួនឧបករណ៍ដែលទទួលបានការការពារ
  • ប្រព័ន្ធប្រតិបត្តិការដែលត្រូវបានគាំទ្រ
  • ចំនួនអ្នកប្រើប្រាស់ ឬសមាជិកគ្រួសារ
  • មុខងារដែលមាននៅលើវេទិកា (Platform) នីមួយៗ
  • ការកំណត់ថា តើអ្នកអាចតាមដានឧបករណ៍ទាំងអស់ចេញពីគណនីតែមួយបានដែរឬទេ
  • កម្រិតភាពងាយស្រួលក្នុងការបន្ថែម ដកចេញ ឬផ្លាស់ប្តូរឧបករណ៍

សូមចងចាំថា “ឧបករណ៍ច្រើន (Multi-device)” មិនប្រាកដថាវានឹងគាំទ្រគ្រប់វេទិកា ឬគ្រប់ប្រភេទឧបករណ៍នោះទេ។ ដំណោះស្រាយការពារមេរោគមួយចំនួនត្រូវបានបង្កើតឡើងសម្រាប់តែប្រព័ន្ធប្រតិបត្តិការជាក់លាក់ប៉ុណ្ណោះ ហើយកញ្ចប់សេវាមួយចំនួនអាចគ្របដណ្តប់តែលើកុំព្យូទ័រ ខណៈដែលកញ្ចប់សេវាផ្សេងទៀតរួមបញ្ចូលទាំងទូរស័ព្ទ និងថេបប្លេតផងដែរ។

៣. តើអ្នកត្រូវការការពារឧបករណ៍ចំនួនប៉ុន្មាន?

មុនពេលអ្នកចាប់ផ្តើមស្វែងរកកម្មវិធីកម្ចាត់មេរោគសម្រាប់ឧបករណ៍ច្រើន អ្នកត្រូវកំណត់ឱ្យច្បាស់ថា តើអ្នកចង់ការពារឧបករណ៍ចំនួនប៉ុន្មាន។ ចំនួននេះមិនប្រាកដថាជាចំនួនឧបករណ៍ទាំងអស់ដែលអ្នកមាននោះទេ ព្រោះមិនមែនគ្រប់ឧបករណ៍ទាំងអស់សុទ្ធតែត្រូវការការការពារមេរោគបន្ថែមនោះឡើយ។ វាជារឿងសំខាន់ក្នុងការកំណត់ថា តើឧបករណ៍ណាខ្លះដែលត្រូវការការការពារពិតប្រាកដ។

 

  • រាប់ចំនួនកុំព្យូទ័រទាំងអស់ដែលកំពុងប្រើប្រាស់៖ ដំបូង ត្រូវពិចារណាលើចំនួនឧបករណ៍ដែលអ្នកកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន រួមមាន កុំព្យូទ័រលើតុ (Desktop), កុំព្យូទ័រយួរដៃ (Laptop) និងកុំព្យូទ័រប្រើប្រាស់រួមគ្នានៅក្នុងគ្រួសារ។
  • រាប់បញ្ចូលទាំងឧបករណ៍ដែលមានទំនោរនឹងបន្ថែម ឬផ្លាស់ប្តូរ៖ ប្រសិនបើអ្នកមានគម្រោងទិញកុំព្យូទ័របន្ថែមក្នុងពេលឆាប់ៗនេះ ដូចជាកុំព្យូទ័រធ្វើការមួយផ្សេងទៀត ឬឧបករណ៍ប្រើប្រាស់ក្នុងគ្រួសារ នោះអ្នកក៏ត្រូវរបញ្ចូលវាទៅក្នុងគណនីផងដែរ។
  • បែងចែកឧបករណ៍ដែលកំពុងប្រើប្រាស់ ឱ្យដាច់ពីឧបករណ៍ដែលឈប់ប្រើ៖ តើអ្នកពិតជាបានប្រើប្រាស់គ្រប់ឧបករណ៍ដែលអ្នកមានដែរឬទេ? ឧបករណ៍ដែលឈប់ប្រើប្រាស់ទាំងស្រុង ឬមិនបានភ្ជាប់អ៊ីនធឺណិត ប្រហែលជាមិនត្រូវការការការពារមេរោគនោះទេ ប៉ុន្តែឧបករណ៍រងដែលនៅតែភ្ជាប់ទៅអ៊ីនធឺណិត រក្សាទុកឯកសារ ឬចូលប្រើប្រាស់គណនីផ្សេងៗ នៅតែត្រូវយករកមកពិចារណា។
  • កំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ឧបករណ៍នីមួយៗ៖ តើអ្នកត្រូវការកញ្ចប់សេវាការពារមេរោគសម្រាប់មនុស្សម្នាក់ដែលមានកុំព្យូទ័រច្រើន ឬសម្រាប់សមាជិកគ្រួសារច្រើននាក់? ចំនួនមនុស្សដែលប្រើប្រាស់ឧបករណ៍នីមួយៗនឹងប៉ះពាល់ដល់ការរៀបចំគណនី តម្រូវការគាំទ្រ និងការគ្រប់គ្រងការជូនដំណឹង (Alerts) ដូច្នេះវាជាកត្តាសំខាន់មួយដែលត្រូវពិចារណា។
  • ជ្រើសរើសដែនកំណត់ឧបករណ៍ឱ្យសមស្របតាមជាក់ស្តែង៖ កាលណាអ្នកមានឧបករណ៍កាន់តែច្រើន កញ្ចប់សេវាសម្រាប់ឧបករណ៍ច្រើនក៏អាចមានតម្លៃកាន់តែថ្លៃផងដែរ។ សូមពិចារណាលើថវិការបស់អ្នក ហើយជ្រើសរើសកញ្ចប់សេវាណាដែលគ្របដណ្តប់លើតម្រូវការបច្ចុប្បន្នរបស់អ្នក (ជាមួយនឹងទំហំបម្រុងទុកបន្តិចបន្តួចសម្រាប់ការកើនឡើង) ជាជាងការចំណាយបន្ថែមលើចំនួនឧបករណ៍ច្រើនលើសពីតម្រូវការ។

៤. តើប្រព័ន្ធប្រតិបត្តិការណាខ្លះដែលកម្មវិធីកម្ចាត់មេរោគត្រូវតែគាំទ្រ?

ប្រព័ន្ធប្រតិបត្តិការខុសៗគ្នាជួបប្រទះនូវការគំរាមកំហែងខុសៗគ្នា ហើយកម្មវិធីកម្ចាត់មេរោគដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការមួយ អាចនឹងគ្មានប្រសិទ្ធភាពលើប្រព័ន្ធប្រតិបត្តិការមួយផ្សេងទៀតនោះទេ។ អ្នកគួរពិនិត្យមើលភាពត្រូវគ្នានៃប្រព័ន្ធ ដើម្បីប្រាកដថាកម្មវិធីកម្ចាត់មេរោគដែលអ្នកជ្រើសរើស គាំទ្រគ្រប់ប្រព័ន្ធប្រតិបត្តិការ (OS) ដែលឧបករណ៍របស់អ្នកកំពុងប្រើប្រាស់ មិនមែនគាំទ្រតែលើកុំព្យូទ័រចម្បងរបស់អ្នកនោះទេ។

  • កុំព្យូទ័រ Windows

ប្រសិនបើអ្នកប្រើប្រាស់កុំព្យូទ័រ Windows សូមបញ្ជាក់ថាកម្មវិធីកម្ចាត់មេរោគនោះត្រូវគ្នានឹងកំណែ (Version) Windows របស់អ្នក។ វាក៏សំខាន់ផងដែរក្នុងការផ្ទៀងផ្ទាត់ថា មុខងារសំខាន់ៗត្រូវបានរាប់បញ្ចូល ដូចជាការការពារមេរោគភ្លាមៗ (Real-time malware protection), ការការពារការឆបោកតាមអ៊ីនធឺណិត (Phishing prevention), និងការស្វែងរកដោយផ្អែកលើកាយវិការខុសប្រក្រតី (Behavioral detection) ដើម្បីឱ្យអ្នកទទួលបានការការពារពេញលេញតាមតម្រូវការ។

  • កុំព្យូទ័រ Mac

ប្រសិនបើអ្នកមានកុំព្យូទ័រ Mac ការគាំទ្រលើ Mac គួរតែត្រូវបានវាយតម្លៃដោយឡែកពីគ្នា ជាជាងការសន្មតថាអ្វីដែលដំណើរការលើ PC នឹងដំណើរការលើ Mac ដែរនោះ។ ផលិតផលមួយអាចផ្សព្វផ្សាយថាគាំទ្រទាំង Windows និង macOS ប៉ុន្តែមុខងារសម្រាប់ OS នីមួយៗអាចមានភាពខុសគ្នា ឬប្រសិទ្ធភាពនៃការដំណើរការអាចប្រែប្រួលតាមឧបករណ៍។ ដូចគ្នានឹងកុំព្យូទ័រ Windows ដែរ សូមប្រាកដថាមុខងារចម្បងៗដែលអ្នកត្រូវការ ត្រូវបានរាប់បញ្ចូលជាស្រេចដោយស្វ័យប្រវត្តិ។

  • គ្រួសារដែលប្រើប្រាស់លាយគ្នារវាង Windows និង Mac

ប្រសិនបើអ្នកប្រើប្រាស់ទាំងកុំព្យូទ័រ Mac និង PC អ្នកនឹងត្រូវស្វែងរកដំណោះស្រាយការពារមេរោគណាដែលគាំទ្រ OS ទាំងពីរក្រោមការជាវ (Subscription) និងគណនីតែមួយ។ ប្រាកដថាបានពិនិត្យមើលថាតើឧបករណ៍ Windows និង Mac អាចចែករំលែកកញ្ចប់សេវាតែមួយបានដែរឬទេ, មុខងារណាខ្លះ (ប្រសិនបើសិនជាមាន) ដែលខុសគ្នាតាមប្រព័ន្ធប្រតិបត្តិការ និងថាគ្រប់ឧបករណ៍ទាំងអស់បង្ហាញនៅលើផ្ទាំងគ្រប់គ្រង (Dashboard) តែមួយឬយ៉ាងណា។

៥. តើគ្រប់ឧបករណ៍ទាំងអស់ទទួលបានការការពារដូចគ្នាដែរឬទេ?

សូម្បីតែកម្មវិធីកម្ចាត់មេរោគដូចគ្នា ក៏អាចផ្តល់ជូននូវមុខងារ និងកម្រិតការពារខុសៗគ្នាដែរនៅតាមប្រព័ន្ធប្រតិបត្តិការនីមួយៗ។ នៅពេលអ្នកវាយតម្លៃដំណោះស្រាយការពារមេរោគសម្រាប់ឧបករណ៍ច្រើន សូមពិនិត្យមើលថាតើមុខងារទាំងនោះមានការប្រែប្រួលតាមវេទិកា (Platform) ដែរឬទេ ដើម្បីប្រាកដថាអ្នកទទួលបានការការពារដែលអ្នកត្រូវការនៅគ្រប់ឧបករណ៍ទាំងអស់។

សូមប្រាកដថាបានប្រៀបធៀប៖

  • ការការពារមេរោគភ្លាមៗ (Real-time malware protection)
  • ការការពារការឆបោកតាមអ៊ីនធឺណិត និងតំណភ្ជាប់ព្យាលបាទ (Phishing and malicious-link protection)
  • ការស្វែងរកការគំរាមកំហែងដោយផ្អែកលើឥរិយាបទខុសប្រក្រតី (Behavior-based threat detection)
  • ការការពារការកេងប្រវ័ញ្ចលើចន្លោះប្រហោងសុវត្ថិភាព (Exploit protection)
  • ការស្កែនឧបករណ៍ផ្ទុកទិន្នន័យចល័ត/ដកដោតបាន (Removable media scanning)
  • ការស្កែនតាមកាលវិភាគ និងការស្កែនដោយដៃ (Scheduled and manual scans)
  • ការគ្រប់គ្រងការចាត់វិធានការដាច់ដោយឡែក (Quarantine controls)
  • ការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ (Automatic updates)
  • សមត្ថភាពមើលឃើញនៅលើផ្ទាំងគ្រប់គ្រង (Dashboard visibility)
  • ជម្រើសនៃការគាំទ្រ (Support options)

នៅពេលវាយតម្លៃកម្មវិធី សូមស្វែងរកតារាងមុខងារជាក់លាក់សម្រាប់វេទិការនីមួយៗ។ ការពិពណ៌នាអំពីផលិតផលជាទូទៅ តែងតែមិនបានបែងចែកមុខងារទាំងនេះឱ្យច្បាស់លាស់នោះទេ ដូច្នេះវាជារឿងសំខាន់ក្នុងការពិនិត្យមើលឱ្យបានល្អិតល្អន់ជាងមុន។

៦. តើមុខងារការពារណាខ្លះដែលសំខាន់បំផុត?

ទន្ទឹមនឹងនេះ តើអ្វីជាមុខងារចម្បងៗដែលអ្នកគួរស្វែងរកនៅក្នុងកម្មវិធីកម្ចាត់មេរោគ? មិនថាអ្នកប្រើ Mac, PC ឬឧបករណ៍ផ្សេងទៀតនោះទេ មានមុខងារការពារមួយចំនួនដែលអ្នកមិនគួររំលងឡើយ។ រួមមាន៖

  • ការការពារពីមេរោគភ្លាមៗ (Real-time malware protection)

ការការពារមេរោគ គឺជាទិដ្ឋភាពសំខាន់បំផុតមួយនៃដំណោះស្រាយការពារមេរោគណាមួយ។ ឧបករណ៍ដែលបានភ្ជាប់នីមួយៗគួរតែត្រូវបានតាមដានជាបន្តបន្ទាប់ ដើម្បីស្វែងរកការគំរាមកំហែងនៅពេលវាលេចឡើង ជាជាងការពឹងផ្អែកលើការស្កែនដោយដៃជារឿយៗ។

  • ការការពារការឆបោក (Phishing) និងវេបសាយព្យាលបាទ

ល្បិចឆបោក (Phishing scams) និងគេហទំព័របោកប្រាស់ គឺជាវិធីសាស្ត្រវាយប្រហារតាមអ៊ីនធឺណិតដ៏ពេញនិយម។ ការការពារ Phishing ដ៏ល្អ អាចជួយសម្គាល់តំណភ្ជាប់បោកប្រាស់ ទំព័រចូលប្រើប្រាស់ (Login) ក្លែងក្លាយ និងការទាញយកឯកសារដែលមានមេរោគ។ ពិតណាស់ គ្រប់គ្នានៅតែត្រូវដឹងពីរបៀបជៀសវាង Phishing និងការអនុវត្តល្អៗផ្សេងទៀត ប៉ុន្តែការការពារ Phishing ដែលល្អពិតជាអាចជួយបានច្រើន។

 

  • ការស្វែងរកការគំរាមកំហែងដោយផ្អែកលើឥរិយាបទខុសប្រក្រតី (Behavior-based threat detection)

ឧបករណ៍ការពារមេរោគជាទូទៅស្វែងរកហត្ថលេខា (Signatures) មេរោគដែលគេស្គាល់ស្រាប់ ប៉ុន្តែអ្នកវាយប្រហារអាចផ្លាស់ប្តូរ លាក់បាំង ឬកែប្រែវា ដើម្បីធ្វើឱ្យពិបាកក្នុងការរកឃើញ។ ចំណែកឯការតាមដានកាយវិការ (Behavioral monitoring) វិញ អាចសម្គាល់ឃើញសកម្មភាពសង្ស័យ ដែលអាចជាសញ្ញានៃមេរោគ ឬមេរោគផ្សេងៗ ទោះបីជាវាមិនត្រូវគ្នានឹងហត្ថលេខាដែលគេស្គាល់ក៏ដោយ។

  • ការធ្វើបច្ចុប្បន្នភាពការគំរាមកំហែងដោយស្វ័យប្រវត្តិ (Automatic threat updates)

ការគំរាមកំហែងមានការវិវត្តជាប្រចាំ ដោយមានមេរោគថ្មីៗលេចឡើងយ៉ាងឆាប់រហ័ស។ ការរក្សាកម្មវិធីកម្ចាត់មេរោគឱ្យទាន់សម័យគឺជារឿងខានមិនបាន ដូច្នេះហើយទើបតម្រូវឱ្យមានការធ្វើបច្ចុប្បន្នភាពការគំរាមកំហែងដោយស្វ័យប្រវត្តិ។ ការធ្វើបច្ចុប្បន្នភាពស្វ័យប្រវត្តិទាំងនេះអាចរាប់បញ្ចូលទាំងហត្ថលេខាការគំរាមកំហែង, ទិន្នន័យកេរ្តិ៍ឈ្មោះ (Reputation data), វិធាននៃការស្វែងរក (Detection rules), ឬម៉ូដែលរៀនសូត្ររបស់ម៉ាស៊ីន (Machine-learning models) អាស្រ័យលើផលិតផលនីមួយៗ។

  • ការការពារការកេងប្រវ័ញ្ចចន្លោះប្រហោង (Exploit protection)

នៅពេលចន្លោះប្រហោងសុវត្ថិភាពរបស់កម្មវិធីត្រូវបានរកឃើញ វាក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ការវាយប្រហារតាមអ៊ីនធឺណិត។ ការការពារ Exploit អាចជួយស្វែងរកការព្យាយាមកេងប្រវ័ញ្ចលើចន្លោះប្រហោងទាំងនេះ ដែលអនុញ្ញាតឱ្យរារាំងវាបាន រហូតដល់ចន្លោះប្រហោងនោះត្រូវបានបិទភ្ជិត (Patched)។

  • ការស្កែនឧបករណ៍ផ្ទុកទិន្នន័យចល័ត (Removable media scanning)

ទម្រង់ USB, ម៉ាស៊ីនរឹងខាងក្រៅ (External hard drive) និងឧបករណ៍ផ្ទុកទិន្នន័យចល័តផ្សេងទៀត អាចផ្ទុកឯកសារពុលដែលចម្លងទៅកុំព្យូទ័រមួយផ្សេងទៀត ប្រសិនបើឯកសារទាំងនោះត្រូវបានបើក ឬដំណើរកា។ ការស្កែនឧបករណ៍ផ្ទុកទិន្នន័យចល័ត អាចជួយស្វែងរកឯកសារពុលនៅលើឧបករណ៍ផ្ទុកទិន្នន័យដែលបានភ្ជាប់ មុនពេលវាបង្កការខូចខាត។

  • ការជូនដំណឹងច្បាស់លាស់ និងការគ្រប់គ្រងការដាក់ដាច់ដោយឡែក (Quarantine controls)

កម្មវិធីកម្ចាត់មេរោគគួរតែផ្តល់នូវការជូនដំណឹងច្បាស់លាស់ដែលអ្នកប្រើប្រាស់ទាំងអស់អាចយល់បាន ដោយមិនគិតពីកម្រិតចំណេះដឹងបច្ចេកវិទ្យារបស់ពួកគេឡើយ។ នៅពេលរកឃើញការគំរាមកំហែង គួរតែមានការគ្រប់គ្រង Quarantine ច្បាស់លាស់ ដែលដាក់ឯកសារសង្ស័យឱ្យនៅដាច់ដោយឡែក និងពន្យល់ពីសកម្មភាពដែលត្រូវបានអនុវត្ត។

៧. ឯកសារពាក់ព័ន្ធ

  • https://www.splashtop.com/blog/how-to-choose-antivirus-software-multiple-devices
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.