April 20, 2024

Language:

CamSA21-38: សេចក្តីជូនដំណឹង ស្ដីពីវិធានការបង្ការឧបាយកលបោកបញ្ឆោត “លួចគណនីហ្វេសប៊ុកទំព័រហ្វេសប៊ុក និងព័ត៌មានគណនីធនាគារ”

នាពេលថ្មីៗនេះ មានការប្រើល្បិចលួចគណនីហ្វេសប៊ុក ទំព័រហ្វេសប៊ុក និងព័ត៌មានគណនីធនាគារតាមរយៈ ការបោកបញ្ឆោតដោយចោរបច្ចេកវិទ្យា (Hackers) ឬអ្នកបោកប្រាស់បានបង្កើតទំព័រហ្វេសប៊ុកក្លែងក្លាយដោយមាន ដាក់រូបភាព និងឈ្មោះ មើលទៅហាក់ដូចជាសាររបស់ក្រុមហ៊ុនហ្វេសប៊ុកក្នុងគោលដៅបោកបញ្ឆោតអ្នកប្រើប្រាស់ជាពិសេសទៅលើអ្នកប្រកបអាជីវកម្មអនឡាញ។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជម្រាបជូនសាធារណជនអំពីឧបាយកលបោកបញ្ជោត និងវិធានការបង្ការដូចខាងក្រោម៖
ឧបាយកលបោកបញ្ឆោត
ការបោកបញ្ឆោតនេះធ្វើឡើងតាមរយៈការជូនដំណឹងទៅម្ចាស់ទំព័រហ្វេសប៊ុកថា “ទំព័រហ្វេសប៊ុកនោះបាន ប្រព្រឹត្តខុសទៅនឹងគោលការណ៍របស់ក្រុមហ៊ុនហ្វេសប៊ុកពាក់ព័ន្ធនឹងការរំលោភបំពានផ្សេងៗ។ ដើម្បីពិនិត្យបញ្ហាសុវត្ថិភាព និងបញ្ជាក់អត្តសញ្ញាណម្ចាស់ទំព័រត្រូវចុចតំណភ្ជាប់និងធ្វើតាមការណែនាំ បើមិនដូច្នេះទេក្រុមហ៊ុនហ្វេសប៊ុក នឹងបិទទំព័រហ្វេសប៊ុកនោះចោលតែម្តង”។ នៅពេលម្ចាស់ទំព័រហ្វេសប៊ុកចុចលើតំណភ្ជាប់ នឹងមានការតម្រូវឱ្យបញ្ចូល ព័ត៌មានសំខាន់ៗដូចជា ឈ្មោះ ពាក្យសម្ងាត់គណនីហ្វេសប៊ុក ឬ/និងព័ត៌មានគណនីធនាគារ ជាដើម។ បន្ទាប់មកចោរព័ត៌មានវិទ្យា ធ្វើការលួចយកគណនីហ្វេសប៊ុក ទំព័រហ្វេសប៊ុក ព្រមទាំងអាចប្រើប្រាស់ព័ត៌មានគណនីធនាគារ ដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនានានៅលើហ្វេសប៊ុក ឬក៏អាចឈានទៅចំណាយទិញទំនិញផ្សេងៗទៀត។
វិធានការបង្ការ
  • សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបន្លំដោយប្រាប់ថា “ទំព័រហ្វេសប៊ុករបស់អ្នកខុសទៅនឹងគោលការណ៍ នានារបស់ក្រុមហ៊ុនហ្វេសប៊ុក” ដែលតម្រូវឱ្យមានការចុចទៅលើតំណភ្ជាប់ (Link) ដើម្បីបំពេញព័ត៌មាន ព្រោះក្រុមហ៊ុនហ្វេសប៊ុកមិនទាមទារការបញ្ជាក់ ដោយបំពេញព័ត៌មានដូចរៀបរាប់ខាងលើទេ
  • ធ្វើការត្រួតពិនិត្យវេបសាយ ទំព័រហ្វេសប៊ុក ឬតំណភ្ជាប់នានាឱ្យបានច្បាស់លាស់មុននឹងចុចបើកមើល ឬបញ្ចូលព័ត៌មានសំខាន់ៗតាមការទាមទារ
  • គួរប្រើប្រាស់មុខងារកាតសិប្បនិម្មិត (Virtual Credit/Debit Card) និងកំណត់ទំហំសាច់ប្រាក់សម្រាប់ ការចាយវាយមិនលើសបរិមាណសមស្របមួយ
  • ពិនិត្យមើលការជូនដំណឹងអំពីការធ្វើប្រតិបត្តិការចំណាយអនឡាញឱ្យបានទៀងទាត់ ប្រសិនបើមាន ការចំណាយខុសប្រក្រតីណាមួយអ្នកត្រូវទាក់ទងទៅធនាគារជាបន្ទាន់ ដើម្បីស្វែងរកជំនួយ និងដំណោះស្រាយ។
សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ “ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)” នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយ បច្ចេកទេសបន្ថែមលើករណីនេះ តាមរយៈអ៊ីម៉ែល incident@camcert.gov.kh ឬទូរសព្ទលេខ ០២៣ ៧២២ ៣៩១ / ០១៦ ៨៥១ ៦៧៨។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.