April 26, 2024

Language:

វគ្គបណ្តុះបណ្តាលស្តីពី “Cybersecurity and Cyber Incident Response Essentials”

សៀមរាប​៖ ​ព្រឹក​ថ្ងៃពុធ​ ​១​៣​រោច​ ​ខែពិសាខ​ ​ឆ្នាំថោះ​ បញ្ចស័ក​ ​ព​.​ស​.​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៧​ ​ខែ​ឧសភា ​ឆ្នាំ​២​០​២​៣​ ​នៅសណ្ឋាគារអង្គរមិរ៉ាខល ខេត្តសៀមរាប ​ឯកឧត្តម​ ខូវ មករា​ ​រដ្ឋលេខាធិការ​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​បណ្ឌិត ជា វ៉ាន់ដេត ​រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គបណ្តុះបណ្តាល​ស្តីពី​ “Cybersecurity and Cyber Incident Response Essentials”​។​ ​វគ្គបណ្តុះបណ្តាល​​នេះ​ត្រូវ​បាន​រៀបចំ​ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍​ ​ក្រោម​ការសហការនិង​គាំទ្រ​ដោយ​ Cyber Resilience for Development (Cyber4Dev) ​ដោយមាន​ការចូលរួម​ពី​សិក្ខាកាម​ដែល​មកពីប្រតិបត្តិករទូរគមនាគមន៍-អ៊ីនធឺណិតក្នុងប្រទេស និងតំណាងមកពី LoaCERT ចំនួន ៣រូប​ ដែលមានចំនួន​សរុប​ ​៣០​រូប​។​

វគ្គបណ្តុះបណ្តាល​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​ដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពដល់ប្រតិបត្តិករទូរគមនាគមន៍-អ៊ីនធឺណិត និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ លើការងារសន្តិសុខសាយប័រនិងការឆ្លើយតបឧប្បត្តិហេតុសន្តិសុខសាយប័រ។

​នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ​ឯកឧត្តម​ ​ខូវ មករា​ ​រដ្ឋលេខាធិការ​ ​បាន​មានប្រសាសន៍ថា​ ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួលស្គាល់​នូវ​ការ​រីក​ចម្រើន​លូតលាស់​យ៉ាង​ឆាប់រហ័ស​នៃ​បច្ចេកវិទ្យា​ឌីជីថល និងរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ “ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥”​ ដែលមានគោលបំណងក្នុងការកសាងរដ្ឋាភិបាលឆ្លាតវៃដោយផ្អែកលើការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបច្ចេកវិទ្យាជាប្រព័ន្ធអេកូឡូស៊ីសម្រាប់ទំនើបកម្មប្រព័ន្ធអភិបាលកិច្ច និងកំណែទម្រង់ក្នុងលក្ខណៈតម្លាភាព និងគួរឱ្យជឿជាក់ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

ឯកឧត្តម​រដ្ឋលេខាធិការ​ បានលើកឡើងថាបរិវត្តកម្មឌីជីថលពិតជាបានផ្តល់ឱ្យយើងនូវអត្ថប្រយោជន៍ជាច្រើន ទន្ទឹមនឹងនេះ យើងក៏កំពុងប្រឈមមុខនឹងបញ្ហាថ្មីកាន់តែខ្លាំងឡើង ការគម្រាមកំហែងសន្តិសុខតាមអ៊ីនធឺណិតកាន់តែមានការកើនឡើង ហើយការវាយប្រហារកាន់តែមានភាពស្មុគ្រស្មាញទៅៗ ហើយផលប៉ះពាល់ពីការវាយបហារអាចប៉ះពាល់ដល់បុគ្គល ក្រុមហ៊ុន រដ្ឋាភិបាល ឬក្នុងកម្រិតប្រទេសតែម្តង។ ឯកឧត្តមរដ្ឋលេខាធិការ បន្តលើកឡើងថា ប្រតិបត្តិករទូរគមនាគមន៍-អ៊ីនធឺណិត ដើរតួនាទីយ៉ាងសំខាន់ ព្រោះជាក្រុមហ៊ុនដែលផ្តល់សេវាអ៊ីធឺណិត ដែលអាចចាត់ទុកថាជាសេវាសារវន្ត ដល់អ្នកប្រើប្រាស់ទូទៅ ក្រុមហ៊ុនឯកជន ធុរកិច្ច និងរដ្ឋាភិបាលផងដែរ ហេតុនេះការការពារសន្តិសុខនិងសុវត្ថិភាពនៃសេវាកម្មអ៊ីនណិតពិតជាមានសារៈសំខាន់មិនអាចខ្វះបាន។

ឯកឧត្តម​រដ្ឋលេខាធិការបានបន្តទៀតថា​សិក្ខាសាលានេះ មានសារៈសំខាន់ណាស់សម្រាប់អ្នកគ្រប់គ្រងឧប្បត្តិហេតុសន្តិសុខសាយប័រ ហើយក៏នឹងផ្តល់នូវទិដ្ឋភាពទូទៅនៃរបៀបដែលអ្នកសន្តិសុខ IT, CSIRTs, SOCs អាចធ្វើការជាមួយគ្នាតាមដើម្បីបង្ការការពារទប់ស្កាត់ និងឆ្លើយតបឧប្បត្តិហេតុសន្តិសុខសាយប័រ។

​ឯកឧត្តម​រដ្ឋលេខាធិការ​ ​សង្ឃឹម​ ​និង​ជឿជាក់​ថា​ ​សិក្ខាសាលា​នៅ​ថ្ងៃនេះ​នឹងផ្តល់នូវចំណេះដឹងបទពិសោធន៍ ដល់សិក្ខាកាមទាំងអស់ និងពង្រឹងទំនាក់ទំនងរវាងអ្នកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានឱ្យកាន់តែប្រសើរឡើងក្នុងការចូលរួមការពារសន្តិសុខអ៊ីនធឺណិតនៅកម្ពុជា៕

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.