October 11, 2024

Language:

ស្វែងយល់អំពីសូហ្វវែរទប់ស្កាត់និងកំចាត់មេរោគ (Anti-virus Software)

តើកម្មវិធីទប់ស្កាត់និងកំចាត់មេរោគធ្វើអ្វីខ្លះ?

ទោះបីជាមុខងារលំអិតអាចខុសគ្នាពីមួយទៅមួយ កម្មវិធីទប់ស្កាត់និងកំចាត់មេរោគ (antivirus software) ធ្វើការវិភាគ (scan) ឯកសារ ឬក៏អង្គចងចាំនៅក្នុងកុំព្យូទ័រអ្នក ដើម្បីរក នូវទម្រង់គម្រូ (patterns) ដែលចង្អុល បង្ហាញថាមានការឆ្លងមេរោគ។ ទម្រង់គម្រូដែលត្រូវបានស្វែងរកនេះ គឺជា signature ឬ definition នៃមេរោគ ដែលត្រូវបានគេស្គាល់ រួចមកហើយ។ អ្នកបង្កើតមេរោគ ធ្វើការបញ្ចេញមេរោគថ្មីៗ និងធ្វើបច្ចុប្បន្នកម្មជាប្រចាំ ហេតុដូច្នេះហើយ វាមានភាពសំខាន់ ដែលអ្នកត្រូវតែបញ្ជូលនូវ ជំនាន់ចុងក្រោយបង្អស់នៃ virus definition ក្នុងកុំព្យូទ័ររបស់អ្នក។

នៅពេលដែលអ្នកបានបញ្ជូលកម្មវិជីទប់ស្កាត់និងកំចាត់មេរោគ អ្នកគួរតែធ្វើការវិភាគ (scan) កុំព្យូទ័ររបស់អ្នក ទាំងមូលឲ្យបានទៀងទាត់។

  • វិភាគដោយស្វ័យប្រវត្តិ (Automatic Scan)៖⁣ អ្នកអាចធ្វើការកំណត់ឲ្យ កម្មវិធីធ្វើការវិភាគដោយស្វ័យប្រវត្តិ ទៅលើ files ឬ directories ឬក៏កំណត់ ធ្វើការវិភាគកុំព្យូទ័រទាំងមូល
  • វិភាគដោយជ្រើសរើស (Manual Scan)៖ វាក៏ជាគំនិតមួយដ៏ល្អផងដែរ ក្នុងការវិភាគដោយជ្រើសរើស files ដែលអ្នកបានទទួលពីខាងក្រៅ មុនពេល នឹងបើកវា។ ក្នុងនោះរួមមានឯកសារដែលមានភ្ជាប់មក ជាមួយនឹងសារអេឡិចត្រូនិច ឬទាញយកពីវិបសាយ ឬឯកសារដែលមានក្នុង CDs, DVDs ឬក៏ក្នុង USB Drive, External Hard Disk Drive, etc…

តើមានអ្វីកើតឡើងនៅពេលកម្មវិធីរកឃើញនូវមេរោគ?

រាល់កញ្ចប់កម្មវិធីនិមួយៗមាននូវវិធីសាស្រ្តរៀងៗខ្លួន ដើម្បីឆ្លើយតបនៅពេលដែលរកឃើញនូវមេរោគ ហើយការ ឆ្លើយតបនោះនឹងមានលក្ខណៈខុសគ្នា ទៅតាមលក្ខណៈដែល កម្មវិធីនោះរកឃើញនូវមេរោគ គឺដោយ ស្វ័យប្រវត្តិ ឬដោយការជ្រើសរើស។ ពេលខ្លះ កម្មវិធីនឹងបង្ហាញនូវផ្ទាំងមួយ (alert box) ប្រាប់អ្នកថា វាបានរកឃើញមេរោគ ហើយ សួរអ្នកថា តើអ្នកចង់សំអាត (clean) នូវ files នោះដើម្បីលប់ចោលមេរោគ។ នៅក្នុងករណីខ្លះទៀត កម្មវិធីទប់ស្កាត់និងកំចាត់មេរោគ អាចធ្វើការព្យាយាមលប់ចោលនូវ មេរោគដោយមិនបានសួរអ្នកជាមុនឡើយ។ នៅពេលដែលអ្នកជ្រើសរើស កម្មវិធីទប់ស្កាត់និងកំចាត់មេរោគ ចូរអ្នកដឹងពីបញ្ហាទាំងនេះ ដើម្បីភាពងាយស្រួល។

តើកម្មវិធីមួយណាដែលអ្នកគួរប្រើប្រាស់?

មាននូវអ្នកលក់ជាច្រើន ដែលផ្គត់ផ្គង់កម្មវិធីទប់ស្កាត់និងកំចាត់មេរោគ ហើយការជ្រើសរើសកម្មវិធីនេះ អាចធ្វើឲ្យ អ្នកមានការពិបាក ក្នុងការសម្រេចចិត្ត។ រាល់កម្មវិធី anti-virus ទាំងអស់ ដំណើរការមុខងារដូចគ្នា ហេតុដូច្នេះ ហើយ ការជ្រើសរើសរបស់អ្នក អាស្រ័យទៅតាម ការណែនាំ មុខងារចំបងៗ ឬក៏តម្លៃ។ ការបញ្ចូលកម្មវិធីទប់ស្កាត់ និងកំចាត់មេរោគ នឹងជួយបង្កើនកំរិតនៃការការពារកុំព្យូទ័ររបស់អ្នក។

តើអ្នកទទួលបានព័ត៌មានបច្ចុប្បន្នថ្មីៗពីមេរោគយ៉ាងដូចម្តេច?

ដំណើរការនេះ អាចខុសគ្នាទៅតាមប្រភេទផលិតផលដែលអ្នកជ្រើសរើស។ កម្មវិធីភាគច្រើនគឺរួមមានជម្រើស សម្រាប់ការធ្វើ បច្ចុប្បន្នកម្មដោយស្វ័យប្រវត្តិ (update virus definition)។ ដោយសារតែព័ត៌មានថ្មីៗ ត្រូវបាន បន្ថែមយ៉ាងទៀងទាត់នោះ វាគឺជាគំនិតមួយដ៏ល្អក្នុងការដាក់ឲ្យមាន ការធ្វើបច្ចុប្បន្នកម្មដោយស្វ័យប្រវត្តិ។ ដោយសារ តែ កម្មវិធីទប់ស្កាត់ និងកំចាត់មេរោគពឹងផ្អែកលើ signatures ហេតុដូច្នេះហើយវាអាចរកឃើញមេរោគ ដែលមាននូវ signature ណាដែលបានបញ្ចូលរួចជាស្រេច នៅក្នុង កុំព្យូទ័ររបស់អ្នកប៉ុណ្ណោះ។

ដូច្នេះជាការសំខាន់ណាស់អ្នកត្រូវធ្វើបច្ចុប្បន្នកម្មកម្មវិធីទប់ស្កាត់និងកំចាត់មេរោគរបស់អ្នកឲ្យបានទៀងទាត់ជាប្រចាំ៕

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.