April 19, 2024

Language:

វគ្គបណ្តុះបណ្តាលកសាងសមត្ថភាព ស្តីពី “សន្តិសុខសាយប័រ”

នាព្រឹកថ្ងៃពុធ ១២ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានសហការគ្នារៀបចំវគ្គបណ្តុះបណ្តាលកសាងសមត្ថភាព ស្តីពី “សន្តិសុខសាយប័រ” ដោយមានការគាំទ្រពីក្រុមហ៊ុន ភីភីលីង ស៊ីឃ្យួរឹធី ឯ.ក, ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង, ក្រុមហ៊ុន ហោ្គលវែល ខាភីថល ឯ.ក, និងក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក. និងឯកឧត្តម ស៊្រុន គឹមសាន សមាជិកនៃ ន.ទ.ក.។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងសន្តិសុខសាយប័រ បទល្មើសបច្ចេកវិទ្យា ដែលតែងតែកើតឡើងនៅកម្ពុជា និងវិធានការការពារប្រកបដោយសុវត្ថិភាព ដើម្បីកាត់បន្ថយហានិភ័យដែលកើតមានឡើងពីការប្រើប្រាស់បចេ្ចកវិទ្យាព័ត៌មានដល់មន្រ្តីជំនាញនៃ ន.ម.ក., អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ), និយ័តករ និងអង្គភាពក្រោមឱវាទរបស់ អ.ស.ហ., ក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណពី ន.ម.ក. និងដៃគូសហការជាមួយ ន.ម.ក.។

វគ្គបណ្ដុះបណ្ដាលនេះមានបទបង្ហាញពីវាគ្មិនចំនួន៣រូប គឺ១/លោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន ២/លោក គឹម អាន អនុប្រធាននាយកដ្ឋាន ៣/លោក ចាន់ ភក្ត្រា អនុប្រធានការិយាល័យ នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដោយផ្តោតលើប្រធានបទសំខាន់ៗដូចខាងក្រោម៖ប្រធានបទទី១៖ “ស្ថានភាពទូទៅនៃសន្តិសុខសាយប័រនៅកម្ពុជា”
ប្រធានបទទី២៖ “វិធីសាស្រ្តការពារសន្តិសុខក្នុងការប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គម និងដំណោះស្រាយនៅពេលគេបានហេគ”
ប្រធានបទទី៣៖ “ការការពារទិន្នន័យបុគ្គលក្នុងយុគសម័យឌីជីថល”

ថ្លែងក្នុងវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមប្រតិភូ បានគូសបញ្ជាក់ថា “នៅក្នុងយុគសម័យសកលភាវូបនីយកម្ម បច្ចេកវិទ្យាឌីជីថលបាននឹងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយក្លាយជាកតាលីករជំរុញការអភិវឌ្ឍវិស័យមូលបត្រ និងសេដ្ឋកិច្ច និងសង្គមកម្ពុជាយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះ យើងក៏ពិនិត្យឃើញថាបទល្មើសបច្ចេកវិទ្យា ជាច្រើនក៏បាន និងកំពុងវាយលុកផងដែរ ដែលការណ៍នេះ ចំណេះដឹងផ្នែកឌីជីថល និងផ្នែកហិរញ្ញវត្ថុ កាន់តែមានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូប”។

ជាមួយគ្នានេះដែរ ឯកឧត្តម ស៊្រុន គឹមសាន សមាជិកនៃ ន.ទ.ក. ក៏បានលើកឡើងថា “វិស័យទូរគមនាគមន៍ បានក្លាយជាសសៃឈាមទ្រទ្រង់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ហើយប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះក្លាយជាមធ្យោបាយដ៏សំខាន់សម្រាប់ប្រតិបត្តិការក្នុងវិស័យមូលបត្រ ហេតុដូចនេះក្នុងនាមជានិយ័តករ យើងមានបេសកម្ម និងចក្ខុវិស័យ ក្នុងការធានានូវសុវត្ថិភាពនូវរាល់ការជួញដូរមូលបត្រតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងន័យជំរុញដល់ការអភិវឌ្ឍវិស័យទាំងពីរនេះ ប្រកបដោយតម្លាភាព សណ្ដាប់ធ្នាប់ និងនិរន្ដរភាព”។

នៅក្នុងកម្មវិធីនេះផងដែរ ក៏មានការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅសទ្ទានុក្រមគតិយុត្តសម្រាប់វិស័យមូលបត្រ ដែលមានការគាំទ្រពីវិទ្យាស្ថាន ខេមអេដ ក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីមន្រ្តីនៃ ន.ម.ក.,តំណាងអគ្គលេខាធិការដ្ឋាននៃ អ.ស.ហ., និយ័តករ និងអង្គភាពក្រោមឱវាទរបស់ អ.ស.ហ., ផ្សារមូលបត្រកម្ពុជា, វិទ្យាស្ថាន ខេមអេដ, វិទ្យាស្ថាន ជាតិការទូតនិងទំនាក់ទំនង អន្តរជាតិ និងក្រុមហ៊ុនផ្តល់សេវាក្នុងវិស័យមូលបត្រសរុបចំនួន ១២៧ រូប។ វគ្គបណ្តុះបណ្តាល នេះ ត្រូវបានរៀបចំឡើង ក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា (MOU) រវាង ន.ម.ក. និង ន.ទ.ក. ដែលបានចុះកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។

ឯកសារពាក់ព័ន្ធ ៖ វគ្គបណ្តុះបណ្តាលកសាងសមត្ថភាព ស្តីពី “សន្តិសុខសាយប័រ”

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.