February 17, 2020

Language:

ឯកជនភាព​ និងសុវត្ថិភាពក្នុងការប្រ់ប្រាស់បណ្តាញសង្គម

១. ព័ត៌មានទូទៅ

ប្រព័ន្ធបណ្តាញសង្គម បានក្លាយជាផ្នែកសំខាន់មួយនៅលើអ៊ីនធឺណិត។ បណ្តាញសង្គមគឺជាមធ្យោបាយដ៏ពេញនិយមមួយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ និងមនុស្សនៅជុំវិញខ្លួន ប៉ុន្តែអ្នកគួរតែប្រយ័ត្នអំពីព័ត៌មានផ្ទាល់ខ្លួន ដែលអ្នកបានបង្ហោះ (post) ឬបញ្ចេញមតិ។

អ្នកគួរចែករំលែកអត្ថបទនេះ ទៅកាន់ក្រុមគ្រួសារ មិត្តភ័ក្ត្រ និងអ្នកធ្វើការជាមួយគ្នា ឱ្យពួកគេបានស្វែងយល់អំពីការណែនាំទាំងនេះដើម្បីប្រើប្រាស់បណ្តាញសង្គមប្រកបដោយសុវត្ថិភាព។

  • ការកំណត់ឯកជនភាព និងសុវត្ថិភាពនៅលើបណ្តាញសង្គម៖ ស្វែងយល់អំពីការកំណត់ភាពឯកជន និងសុវត្ថិភាពនៅលើបណ្តាញសង្គមឱ្យបានច្បាស់លាស់។ ការកំណត់ទាំងនោះអាចការពារព័ត៌មានដែលបានបង្ហោះព័ត៌មាន ឬបញ្ចេញមតិនៅក្នុងបណ្តាញសង្គម ឱ្យឃើញត្រឹមតែមិត្តភ័ក្ត្រអ្នកប៉ុណ្ណោះ ឬសម្រាប់អ្នកណាម្នាក់ ឬអាចឱ្យគេឃើញគ្រប់គ្នា ដែលជាមុខងារដ៏ចាំបាច់ និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងព័ត៌មាន និងឯកជនភាពរបស់អ្នកនៅលើបណ្តាញសង្គម។
  • ការបង្ហោះព័ត៌មាន ឬបញ្ចេញមតិ៖ អ្វីដែលអ្នកបង្ហោះ ឬបញ្ចេញមតិនៅលើអនឡាញវានឹងរក្សាទុក ហេតុដូចនេះសូមប្រុងប្រយ័ត្ន និងគិតឱ្យបានច្បាស់មុននឹងសម្រេចចិត្តបង្ហោះ ជាពិសេសព័ត៌មានដែលពាក់ព័ន្ធទៅនឹងរូបអាសអាភាស ឬព័ត៌មានក្លែងក្លាយជាដើម ដែលអាចនាំឱ្យអ្នកមានឈ្មោះមិនល្អក្នុងការចែកចាយព័ត៌មាន។
  • រក្សាព័ត៌មានផ្ទាល់ខ្លួនជាលក្ខណៈផ្ទាល់ខ្លួន៖ ប្រយ័ត្នប្រយែងអំពីព័ត៌មានផ្ទាល់ខ្លួនដែលអ្នកផ្តល់នៅលើបណ្តាញទំនាក់ទំនងសង្គម ព្រោះបើអ្នកបង្ហោះព័ត៌មានផ្ទាល់ខ្លួនច្រើនវាអាចនាំឱ្យអ្នកដ៏ទៃ ទាញយកព័ត៌មានទាំងនោះទៅប្រើប្រាស់ ឬបន្លំជារូបអ្នកនៅលើបណ្តាញសង្គម ករណីនេះគឺមានកើតឡើងរួចមកហើយ ជាពិសេសពួក Hacker តែងតែប្រើមធ្យោបាយនេះដើម្បីបន្លំជារូបអ្នក/លួចអត្តសញ្ញាណរបស់អ្នក ឬត្រូវបានគេស្គាល់ថា Identity Theft
  • ដឹងថាត្រូវធ្វើយ៉ាងណា៖ ប្រសិនបើមាននរណាម្នាក់រំខានយាយី ឬគំរាមកំហែងអ្នក។ អ្នកអាចធ្វើការដកគេចេញ (remove) ពីបញ្ជីមិត្តភក្តិរបស់អ្នក ឬប្លុក (block) ហើយធ្វើការរាយការណ៍ទៅកាន់អភិបាលគ្រប់គ្រងបណ្តាញសង្គម ឬអាជ្ញាធរមានសមត្ថកិច្ចដើម្បីព្រឹក្សាយោបល់ ឬដាក់ពាក្យបណ្តឹង។

២. ការអនុវត្តល្អក្នុងការការពារខ្លួន និងសុវត្ថិភាពគណនី

  • រក្សាបច្ចុប្បន្នកម្មវិធីសុវត្ថិភាព៖ ប្រើប្រាស់កម្មវិធីដែលមានកំណែចុងក្រោយបំផុតអាចផ្តល់សុវត្ថិភាពមួយកម្រិត ដូចជាកម្មវិធី browser និង ប្រព័ន្ធប្រតិបត្តិការជាដើមក្នុងការការពារដ៏ល្អបំផុតប្រឆាំងនឹងមេរោគមេរោគ និងការគំរាមកំហែងផ្សេងៗទៀតនៅលើអ៊ីនធឺណិត។
  • គ្រប់គ្រងវត្តមានលើអ៊ីនធឺណិតរបស់អ្នក៖ អ្នកគួរប្រើប្រាស់មុខងារឯកជនភាព ដើម្បីការពារក្នុងការចែករំលែកព័ត៌មាននៅលើបណ្តាញសង្គម ព្រោះព័ត៌មានខ្លះអ្នកមិនចង់បង្ហោះ ឬចែកចាយឱ្យមនុស្សគ្រប់គ្នាជុំវិញពិភពលោកបានឃើញនោះទេ
  • ប្រើប្រាស់ពាក្យសម្ងាត់ខ្លាំង៖ ការពារគណនីបណ្តាញសង្គមរបស់អ្នកដោយប្រើប្រាស់ពាក្យសម្ងាត់ខ្លាំង យ៉ាង​ហោចណាស់​ត្រូវ​មាន​ប្រវែង​ចាប់​ពី​១២​ តួរ​អក្សរ​ ផ្គុំ​ដោយ​និមិត្តសញ្ញា​ អក្សរធំ​ តូច​ និងលេខ​។ អ្នក​​អាច​ផ្តោត​លើ​ប្រយោគ​ ឬ​ពាក្យ​ដែល​អ្នក​ចូលចិត្ត​ហើយ​ងាយ​ចាំ​ (ឧទាហរណ៍ “ILoveCambodia1@”)
  • គណនីមួយ ពាក្យសម្ងាត់មួយ៖ ប្រើប្រាស់ពាក្យសម្ងាត់ផ្សេងៗពីគ្នានៅលើគណនីនីមួយៗអាចជួយទប់ស្កាត់ ​ឬ​​យ៉ាង​​ហោចណាស់​​អ្នក​គួរ​បែង​ចែក​រវាង​គណនី​សម្រាប់​ការងារ​ និង​គណនី​ផ្ទាល់ខ្លួន​ ហើយ​ត្រូវ​ដាក់​ពាក្យសម្ងាត់​ឱ្យ​បាន​ខ្លាំង​សម្រាប់​គណនី​ដែលសំខាន់​
  • ប្រុងប្រយ័ត្នលើតំណភ្ជាប់ និងការផ្សាយពាណិជ្ជកម្ម៖ អ្នកវាយប្រហារ ឬ hacker តែងតែប្រើប្រាស់មធ្យោបាយក្នុងការផ្ញើតំណភ្ជាប់ ឯកសារភ្ជាប់ ឬផ្សព្វផ្សាយពាណិជ្ជកម្មនៅលើបណ្តាញសង្គម ដើម្បីវាយប្រហារ និងលួចព័ត៌មាន និងគណនីរបស់អ្នក។ ចូរកុំចុច ឬបើកទៅកាន់តំណភ្ជាប់ ឯកសារភ្ជាប់ ឬផ្សព្វផ្សាយពាណិជ្ជកម្មទាំងនោះប្រសិនបើអ្នកមានការសង្ស័យ (ឧ. ការផ្សព្វផ្សាយលក់ទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិកក្នុងតម្លៃថោកខ្លាំងខុសពីធម្មតា ឬសារឈ្នះរង្វាន់ជាដើម។

 

ជាចុងក្រោយ សន្តិសុខ និងសុវត្ថិភាពនៃការប្រើប្រាស់បច្ចេកវិទ្យា គឺស្ថិតនៅក្នុងដៃរបស់លោកអ្នក។ សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ច៕

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.