១. ព័ត៌មានទូទៅ
នៅពេលអ្នកធ្វើការពីចម្ងាយ (Remote Work) ការផ្ទេរឯកសារគឺជាកត្តាចាំបាច់ដើម្បីឱ្យការងារ និងការសហការគ្នាប្រព្រឹត្តទៅបានរលូន។ ទោះជាយ៉ាងណាក៏ដោយ ឯកសារដែលត្រូវផ្ទេរទាំងនោះ ច្រើនតែមានផ្ទុកព័ត៌មានសម្ងាត់ ឬព័ត៌មានផ្ទៃក្នុងរបស់ក្រុមហ៊ុន។ ហេតុនេះ ការប្រើប្រាស់កម្មវិធីផ្ទេរឯកសារទូទៅដែលគ្មានប្រភពច្បាស់លាស់ គឺមិនគ្រប់គ្រាន់ឡើយ ពោលគឺ ការផ្ទេរឯកសារដោយសុវត្ថិភាព (Secure File Transfer) គឺជាចំណុចដែលមិនអាចខ្វះបាន។
ប៉ុន្តែ តើអ្វីទៅជាការផ្ទេរឯកសារដោយសុវត្ថិភាព? ហេតុអ្វីបានជាវាមានសារៈសំខាន់ម្ល៉េះ? ហើយតើវាមានចំណែកអ្វីខ្លះនៅក្នុងប្រព័ន្ធចូលប្រើប្រាស់ពីចម្ងាយ (Remote Access)?
២. តើអ្វីទៅជាការផ្ទេរឯកសារដោយសុវត្ថិភាព?
ការផ្ទេរឯកសារដោយសុវត្ថិភាព (Secure file transfer) គឺជាវិធីសាស្ត្របញ្ជូនឯកសារ និងទិន្នន័យរវាងឧបករណ៍ផ្សេងៗ ដោយមានការការពារតាមរយៈការធ្វើកូដនីយកម្ម (Encryption) ការផ្ទៀងផ្ទាត់អត្តសញ្ញាណ (Authentication) និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពផ្សេងៗទៀត។ វិធីសាស្ត្រនេះគួរតែអាចដំណើរការបាន ទោះបីជាឯកសារនោះជាប្រភេទអ្វី ទំហំប៉ុនណា ឬប្រើប្រាស់ពិធីការ (Protocol) ណាក៏ដោយ (SFTP, HTTPS, និង FTPS)។
ការផ្ទេរឯកសារដោយសុវត្ថិភាពធានាថា អាជីវកម្មការពារទិន្នន័យរសើប និងទិន្នន័យកម្មសិទ្ធិនៅពេលផ្លាស់ទីឯកសាររវាងឧបករណ៍ ដូចនេះវាអនុលោមតាមស្តង់ដារ និងបទប្បញ្ញត្តិរបស់ឧស្សាហកម្ម និងរដ្ឋាភិបាល។
៣. អត្ថប្រយោជន៍នៃការប្រើប្រាស់ការផ្ទេរឯកសារដោយសុវត្ថិភាព
ការផ្ទេរឯកសារដោយសុវត្ថិភាពគឺមានសារៈសំខាន់នៅគ្រប់ពេលដែលអ្នកត្រូវការផ្ញើឯកសារពីឧបករណ៍មួយទៅឧបករណ៍មួយទៀត មិនថាជាការផ្ញើគម្រោងទៅកាន់មិត្តរួមការងារ ឬការផ្ទេរឯកសាររវាងឧបករណ៍សម្រាប់ការងារពីចម្ងាយនោះទេ។ ទោះជាយ៉ាងណាក៏ដោយ វាមានអត្ថប្រយោជន៍លើសពីការផ្លាស់ទីឯកសារពីកន្លែងមួយទៅកន្លែងមួយទៀត៖
- បង្កើនសុវត្ថិភាពទិន្នន័យ៖ ពាក្យថា “សុវត្ថិភាព” គឺជាពាក្យគន្លឹះ។ ដំណោះស្រាយដែលផ្តល់ការផ្ទេរឯកសារដោយសុវត្ថិភាព នឹងការពារទិន្នន័យរបស់អ្នកជាមួយនឹងមុខងារសន្តិសុខសាយប័រ ដូចជាការដាក់លេខកូដសម្ងាត់ពីដើមដល់ចប់ (End-to-end encryption) ការផ្ទៀងផ្ទាត់ពហុកត្តា (Multi-factor authentication) និងច្រើនទៀត។
- កែលម្អប្រសិទ្ធភាព៖ ការផ្ទេរឯកសារប្រកបដោយល្បឿនលឿន និងប្រសិទ្ធភាព គឺផ្តល់ផលចំណេញដល់ផលិតភាពការងារ ដោយធានាថាបុគ្គលិកអាចចូលប្រើឯកសារដែលពួកគេត្រូវការ ទោះបីពួកគេនៅទីណាក៏ដោយ។
- ការអនុលោមតាមបទប្បញ្ញត្តិ៖ ស្ថាប័នត្រូវតែអនុលោមតាមបទប្បញ្ញត្តិសន្តិសុខមួយចំនួន ជាពិសេសនៅក្នុងឧស្សាហកម្មជាក់លាក់។ ការរក្សាសុវត្ថិភាពផ្ទេរឯកសារគឺជាផ្នែកធំមួយនៃការអនុលោមតាមច្បាប់ ដូច្នេះឧបករណ៍ផ្ទេរឯកសារដែលត្រឹមត្រូវអាចជួយស្ថាប័នបំពេញកាតព្វកិច្ចសន្តិសុខរបស់ពួកគេ។
- គាំទ្រការងារពីចម្ងាយ៖ នៅពេលដែលបុគ្គលិកធ្វើការពីចម្ងាយ វាអាចជាការពិបាកសម្រាប់ពួកគាត់ក្នុងការចូលទៅប្រើប្រាស់រាល់ឯកសារ និងគម្រោងការងារដែលចាំបាច់ ជាពិសេសប្រសិនបើពួកគាត់ប្រើប្រាស់ឧបករណ៍ផ្ទាល់ខ្លួន (BYOD – Bring Your Own Device) ដើម្បីធ្វើការ។ ការផ្ទេរឯកសារដោយសុវត្ថិភាព អនុញ្ញាតឱ្យបុគ្គលិកអាចចូលប្រើប្រាស់ឯកសារដែលពួកគាត់ត្រូវការនៅលើឧបករណ៍ណាក៏បាន ជាពិសេសនៅពេលដែលវាត្រូវបានប្រើប្រាស់ជាផ្នែកមួយនៃដំណោះស្រាយចូលប្រើប្រាស់ពីចម្ងាយ (Remote Access Solution)។
- ការចែករំលែកឯកសារធំៗ៖ ជាទូទៅ កម្មវិធីអ៊ីមែល (Email) និងកម្មវិធីជជែកកម្សាន្ត (Chat) មានសមត្ថភាពអាចផ្ញើឯកសារបាន ប៉ុន្តែវាមានដែនកំណត់លើទំហំឯកសារដែលត្រូវផ្ញើ។ ការផ្ទេរឯកសារដោយសុវត្ថិភាព អាចផ្ញើឯកសារដែលមានទំហំធំជាងមុនឆ្ងាយណាស់ តាមរយៈការប្រើប្រាស់ប្រព័ន្ធចូលប្រើប្រាស់ពីចម្ងាយ (Remote Access) ដែលធ្វើឱ្យការបញ្ជូនគម្រោងធំៗប្រព្រឹត្តទៅបានយ៉ាងរលូន ដោយមិនមានបញ្ហារអាក់រអួល។
៤. ប្រភេទនៃការផ្ទេរឯកសារដោយសុវត្ថិភាព
នៅពេលយើងនិយាយអំពីការផ្ទេរឯកសារដោយសុវត្ថិភាព យើងមិនសំដៅលើវិធីសាស្ត្រតែមួយនោះទេ។ មានប្រភេទផ្សេងៗគ្នា រួមមាន៖
- SFTP: (Secure File Transfer Protocol) គឺជាការធ្វើកូដនីយកម្ម (Encrypt) ទាំងព័ត៌មានសម្ងាត់ និងទិន្នន័យ តាមរយៈប្រព័ន្ធសុវត្ថិភាព Secure Shell (SSH) នៅលើ Port 22 ដែលផ្តល់នូវការផ្ទេរទិន្នន័យប្រកបដោយភាពជឿជាក់ និងសុវត្ថិភាពរវាងប្រព័ន្ធកុំព្យូទ័រ។ នេះគឺជាជម្រើសដ៏ពេញនិយម និងគួរឱ្យទុកចិត្តបំផុតសម្រាប់ការផ្ទេរឯកសារ។
- FTPS: គឺជាផ្នែកបន្ថែមដែលមានសុវត្ថិភាពនៃពិធីការផ្ទេរឯកសារទូទៅ (File Transfer Protocol) ដែលបន្ថែមការគាំទ្រសម្រាប់ប្រព័ន្ធសុវត្ថិភាពស្រទាប់ដឹកជញ្ជូន (TLS – Transport Layer Security) ។ វាប្រើប្រាស់វិធីសាស្ត្របែប Implicit (ដោយប្រយោល) ឬ Explicit (ដោយផ្ទាល់) ដើម្បីកំណត់សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ (Client)។
- SCP: (Secure Copy Protocol) គឺជាកម្មវិធីបញ្ជាតាមរយៈ Command-line (ផ្ទាំងបញ្ជាអក្សរ) ដែលប្រើប្រាស់ពិធីការ SSH ដើម្បីផ្ទេរឯកសាររវាងទីតាំងមួយទៅទីតាំងមួយទៀតដោយសុវត្ថិភាព។ ទាំងឯកសារ និងលេខសម្ងាត់ ត្រូវបានធ្វើកូដនីយកម្ម (Encryption) ក្នុងអំឡុងពេលផ្ទេរ ដែលជួយការពារពួកវាពីការលួចមើល ឬការលួចចម្លងពីជនខិលខូច។
- Encrypted Email: ការប្រើប្រាស់អ៊ីមែលធម្មតា ប្រហែលជាមិនមែនជាជម្រើសដ៏ល្អបំផុតសម្រាប់ការផ្ញើឯកសារធំៗឱ្យមានសុវត្ថិភាព ប៉ុន្តែអ៊ីមែលដែលបានប្រើកូដនីយកម្ម (Encrypted Email) អាចមានសុវត្ថិភាពជាង។ វាធ្វើការបំប្លែងសារអ៊ីមែលទៅជាកូដសម្ងាត់តាមរយៈបច្ចេកវិទ្យា TLS/SSL Encryption និងក្បួនដោះស្រាយកូដនីយកម្មបែបសោស៊ីមេទ្រី (Symmetric-key encryption algorithms) ដែលជួយការពារអ៊ីមែលទាំងនោះក្នុងអំឡុងពេលកំពុងបញ្ជូនទៅកាន់អ្នកទទួល។
៥. ការអនុវត្តល្អបំផុត (Best Practices) សម្រាប់ការផ្ទេរឯកសារដោយសុវត្ថិភាព
- ការដាក់លេខកូដសម្ងាត់ (Encryption): គឺជាចំណុចដែលមិនអាចខ្វះបាន។ វាបំប្លែងទិន្នន័យអត្ថបទធម្មតាទៅជាកូដ ដូច្នេះអ្នកដែលគ្មានសិទ្ធិមិនអាចចូលមើលបានឡើយ។
- ធ្វើបច្ចុប្បន្នភាពកម្មវិធីឱ្យបានទៀងទាត់៖ ដើម្បីធានាថាអ្នកទទួលបានការជួសជុលចន្លោះប្រហោង (Patches) ចុងក្រោយបង្អស់ និងរក្សាដំណើរការកម្រិតខ្ពស់។
- អនុវត្តការគ្រប់គ្រងការចូលប្រើប្រាស់ (Access Controls): កំណត់សិទ្ធិដើម្បីកំណត់ថាអ្នកប្រើប្រាស់ណាអាចចូលប្រើឯកសារអ្វីខ្លះ។ នេះរួមបញ្ចូលទាំងការប្រើ MFA ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណ។
- ប្រើប្រាស់ប្រូតូកូលដែលមានសុវត្ថិភាព៖ ប្រើប្រាស់ FTPS, SFTP, និង HTTPS ដែលត្រូវបានរចនាឡើងដើម្បីការពារទិន្នន័យពីការលួចស្ទាក់ ឬការកែប្រែ។
- តាមដាន និងត្រួតពិនិត្យ (Monitor and Audit): វាចាំបាច់ក្នុងការតាមដានរាល់សកម្មភាពផ្ទេរឯកសារ ដើម្បីសម្គាល់សកម្មភាពមិនប្រក្រតី និងធានាការអនុលោមតាមស្តង់ដារ។
៦. លក្ខណៈពិសេសសំខាន់ៗដែលត្រូវពិចារណា
នៅពេលជ្រើសរើសដំណោះស្រាយ អ្នកគួរពិចារណាលើ៖
- ១. ភាពងាយស្រួលក្នុងការប្រើប្រាស់៖ ដូចជាមុខងារទាញ និងទម្លាក់ (Drag-and-drop)។
- ២. ការអនុលោមតាមសន្តិសុខ៖ ធានាថាវាស្របតាមច្បាប់ដូចជា HIPAA, GDPR ជាដើម។
- ៣. លទ្ធភាពពង្រីក (Scalability): សមត្ថភាពក្នុងការគាំទ្រទិន្នន័យកាន់តែច្រើននៅពេលអាជីវកម្មរីកចម្រើន។
- ៤. ភាពត្រូវគ្នា និងការរួមបញ្ចូល៖ អាចដំណើរការជាមួយកម្មវិធីផ្សេងៗដែលក្រុមការងារអ្នកកំពុងប្រើ។
- ៥. តម្លៃ៖ ស្វែងរកតម្លៃដែលសមស្របនឹងថវិកា ប៉ុន្តែនៅតែផ្តល់នូវមុខងារចាំបាច់គ្រប់គ្រាន់។
៧. ឯកសារពាក់ព័ន្ធ
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.





