July 24, 2026

Language:

ការការពារសោសម្ងាត់ និងលេខសម្ងាត់ ពីការគំរាមកំហែងនៃកុំព្យូទ័រ Quantum

១. ព័ត៌មានទូទៅ

ទិន្នន័យដែលត្រូវបានធ្វើកូដនីយកម្មនាពេលបច្ចុប្បន្ន ដូចជា ព័ត៌មានសម្គាល់ចូលប្រើ (credentials) អាចនឹងមិនអាចរក្សាភាពសម្ងាត់បានទៀតនៅពេលអនាគតឡើយ ព្រោះយន្តការកូដនីយកម្មសោសាធារណៈ (public-key cryptography) ដែលកំពុងការពារទិន្នន័យទាំងនេះ អាចនឹងត្រូវបានបំបែកដោយកុំព្យូទ័រ quantum។ ទោះបីជាបច្ចុប្បន្នមិនទាន់មានម៉ាស៊ីនណាមួយអាចបំបែកក្បួនកូដនីយកម្ម Elliptic Curve Cryptography ឬ RSA បានក៏ដោយ ក៏ហាតវែរ quantum កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយនឹងបង្កការផ្លាស់ប្តូរដល់របៀបដែលអង្គភាពការពារទិន្នន័យរបស់ខ្លួន។ ទិន្នន័យកូដសម្ងាត់ (ciphertext) និង ព័ត៌មានសម្គាល់ចូលប្រើ ដែលអ្នកវាយប្រហារបានលួចយកនៅពេលនេះ អាចត្រូវបានរក្សាទុក ហើយនឹងត្រូវបានគេធ្វើវិកូដនីយកម្ម (decrypt) នៅពេលដែល quantum computing មានសមត្ថភាពគ្រប់គ្រាន់។

. តើយន្តការកូដនីយកម្មធន់នឹង Quantum (Quantum-Resistant Cryptography) មានភាពបន្ទាន់កម្រិតណា?

របាយការណ៍ 2025 Quantum Threat Timeline របស់ Global Risk Institute បង្ហាញថា កុំព្យូទ័រ quantum ដែលមានសមត្ថភាពពាក់ព័ន្ធនឹងការបំបែកកូដនីយកម្មទំនងជានឹងត្រូវបានបង្កើតឡើងក្នុងរយៈពេល ១៥ឆ្នាំខាងមុខ។ អ្វីដែលធ្វើឱ្យការគំរាមកំហែង quantum មានសារៈសំខាន់នៅពេលបច្ចុប្បន្ន មិនមែនត្រឹមតែជាបញ្ហាអនាគតនោះ គឺយុទ្ធសាស្ត្រដែលត្រូវបានគេហៅថា “លួចពេលនេះ បំបែកពេលក្រោយ (Harvest Now, Decrypt Later)”។ ក្នុងយុទ្ធសាស្ត្រនេះ អ្នកវាយប្រហារចាប់លួចយកទិន្នន័យដែលត្រូវបានធ្វើកូដនីយកម្មនៅថ្ងៃនេះ រក្សាទុកវា ហើយធ្វើវិកូដនីយកម្ម (បំបែក) នៅពេលដែលមានកុំព្យូទ័រ quantum ប្រើប្រាស់បាន។ ដោយសារកុំព្យូទ័រ quantum ដែលមានសមត្ថភាពគ្រប់គ្រាន់អាចនឹងត្រូវផលិតបានក្នុងរយៈពេលប្រហែល ១៥ឆ្នាំ នៅខាងមុខ ទិន្នន័យណាដែលត្រូវបានលួច និងប្រមូលទុកនៅថ្ងៃនេះ គួរត្រូវបានចាត់ទុកថាជាទិន្នន័យដែលបានលេចធ្លាយរួចទៅហើយ។

. កាលបរិច្ឆេទកំណត់ Q-day

ទោះបីជាយើងមិនទាន់ច្បាស់ថា កុំព្យូទ័រ quantum នឹងមកដល់ពេលណាក៏ដោយ ស្ថាប័នរដ្ឋនានានៅលើសកលលោកកំពុងកំណត់កាលបរិច្ឆេទកំណត់ជុំវិញចំណុចសំខាន់មួយដែលគេស្គាល់ថា Q-day ដែលជាពេលដែលកូដនីយកម្មត្រូវតែផ្លាស់ប្តូរ។

កម្រងក្បួនកូដ Commercial National Security Algorithm Suite 2.0 របស់អង្គភាពសន្តិសុខជាតិសហរដ្ឋអាមេរិក (National Security Agency, NSA) នឹងតម្រូវឱ្យប្រព័ន្ធសន្តិសុខជាតិសហរដ្ឋអាមេរិកថ្មីៗចាប់ផ្តើមប្រើប្រាស់ក្បួនកូដនីយកម្មធន់នឹង quantum ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២៧។ ទោះបីកាលកំណត់សម្រាប់ប្រភេទប្រព័ន្ធផ្សេងៗត្រូវបានរៀបចំជាដំណាក់កាលរហូតដល់ដើមទសវត្សរ៍ឆ្នាំ២០៣០ ក៏ដោយ ក៏អង្គភាព NSA មានគោលបំណងធ្វើឱ្យប្រព័ន្ធសន្តិសុខជាតិទាំងអស់មានភាពធន់នឹង quantum នៅត្រឹមឆ្នាំ២០៣៥ ដែរ។

វិទ្យាស្ថានជាតិស្តង់ដារនិងបច្ចេកវិទ្យាសហរដ្ឋអាមេរិក (National Institute of Standards and Technology, NIST) ក៏កំពុងចេញសេចក្ដីព្រាងលេខ IR 8547 ដែលកំណត់លែងណែនាំឱ្យប្រើប្រាស់ក្បួន RSA-2048 និង ECC P-256 ក្រោយឆ្នាំ២០៣០ និងមិនអនុញ្ញាតឱ្យប្រើទាំងស្រុងក្រោយឆ្នាំ២០៣៥។ កាលបរិច្ឆេទកំណត់ទាំងនេះអាចមើលទៅដូចជានៅឆ្ងាយ ប៉ុន្តែការផ្លាស់ប្តូរទូទាំងអង្គភាពអាចត្រូវការពេលពី ៥ដល់១៥ឆ្នាំ ព្រោះគ្រាន់តែដំណាក់កាលស្វែងរកប្រព័ន្ធពាក់ព័ន្ធ (discovery phase) សម្រាប់អង្គភាពធំៗ អាចចំណាយពេលពី ១ ដល់ ២ ឆ្នាំទៅហើយ។

. ហេតុអ្វីបានជាព័ត៌មានសម្គាល់ចូលប្រើមានហានិភ័យខ្ពស់នៅក្នុងសម័យក្រោយ Quantum (Post-Quantum)

មិនមែនរាល់ទិន្នន័យដែលត្រូវបានធ្វើកូដនីយកម្មទាំងអស់នៅក្នុងអង្គភាពសុទ្ធតែមានកម្រិតហានិភ័យដូចគ្នានោះទេ នៅពេលដែលយន្តការកូដនីយកម្មដែលការពារវាលែងមានប្រសិទ្ធភាព។ ព័ត៌មានអាថ៌កំបាំង (secrets) ភាគច្រើន ដូចជា session tokens មានអាយុកាលសម្ងាត់ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។ ផ្ទុយទៅវិញ ព័ត៌មានសម្គាល់ចូលប្រើ អាចត្រូវបានបន្តប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំ ឬរហូតដល់ប្រព័ន្ធដែលពាក់ព័ន្ធត្រូវបានដកចេញពីការប្រើប្រាស់។

សម្រាប់អ្នកវាយប្រហារ នេះមានន័យថា ព័ត៌មានសម្គាល់ចូលប្រើគឺជាទ្រព្យសម្បត្តិដែលមានតម្លៃសម្រាប់ការលួចយក និងរក្សាទុកនៅថ្ងៃនេះ ដើម្បីរង់ចាំធ្វើវិកូដនីយកម្ម នៅពេលដែលកុំព្យូទ័រ quantum មានសមត្ថភាពគ្រប់គ្រាន់។

អ្វីដែលធ្វើឱ្យបញ្ហានេះក្លាយជាហានិភ័យសន្តិសុខដ៏ធំគឺ ទំហំ (scale) នៃព័ត៌មានសម្គាល់ចូលប្រើ ជាពិសេសដោយសារអង្គភាពភាគច្រើនកំពុងមានចំនួន អត្តសញ្ញាណមិនមែនមនុស្ស (non-human identities, NHIs) កើនឡើង ដូចជាគណនីសេវាកម្ម (service accounts) និង សោ API។ ព័ត៌មានសម្គាល់ចូលប្រើសម្រាប់ម៉ាស៊ីនទាំងនេះ ច្រើនតែមានអាយុកាលប្រើប្រាស់យូរ ព្រោះមិនមានអ្នកប្រើប្រាស់ណាម្នាក់ទទួលខុសត្រូវក្នុងការផ្លាស់ប្ដូរវាជាប្រចាំ ហើយជាញឹកញាប់ក៏មិនទាន់ត្រូវបានរាប់បញ្ចូលក្នុងបញ្ជីសារពើភណ្ឌ (inventory) ដើម្បីវាយតម្លៃការប្រឈមនឹងហានិភ័យផ្នែកកូដនីយកម្មដែរ។ ដូច្នេះ វាក្លាយជាគោលដៅដ៏ល្អសម្រាប់អ្នកវាយប្រហារក្នុងការលួចយក និងរក្សាទុក។

. របៀបចាប់ផ្ដើមការផ្លាស់ប្ដូរទៅកាន់កូដនីយកម្មក្រោយសម័យ Quantum ដោយផ្ដោតលើព័ត៌មានសម្គាល់ចូលប្រើជាមុន

ដោយសារហានិភ័យភាគច្រើនប្រមូលផ្ដុំនៅលើព័ត៌មានសម្គាល់ចូលប្រើ ការផ្លាស់ប្ដូរទៅកាន់កូដនីយកម្មក្រោយសម័យ quantum ក៏គួរចាប់ផ្ដើមពីព័ត៌មានសម្គាល់ចូលប្រើដូចគ្នា។ អង្គភាពគួរអនុវត្តវិធីសាស្ត្រ ព័ត៌មានសម្គាល់ចូលប្រើអាទិភាព (credentials-first) ក្នុងការផ្លាស់ប្ដូរទៅកាន់កូដនីយកម្មក្រោយសម័យ quantum តាមរយៈជំហានដូចខាងក្រោម៖

  • ធ្វើបញ្ជីសារពើភណ្ឌយន្តការកូដនីយកម្មដែលកំពុងប្រើប្រាស់ (Inventory Existing Cryptography)

មូលហេតុចម្បងដែលធ្វើឱ្យការផ្លាស់ប្ដូរយន្តការកូដនីយកម្មត្រូវចំណាយពេលយូរ គឺអង្គភាពភាគច្រើនមិនអាចកំណត់បានច្បាស់លាស់នូវបញ្ជីនៃការប្រើប្រាស់យន្តការកូដនីយកម្ម (cryptographic dependencies) របស់ខ្លួន។

ការធ្វើបញ្ជីសារពើភណ្ឌផ្ដោតលើព័ត៌មានសម្គាល់ចូលប្រើ គួរចាប់ផ្ដើមពីការស្វែងរកប្រព័ន្ធដែលរក្សាទុក ឬគ្រប់គ្រងព័ត៌មានអាថ៌កំបាំង រួមមានប្រព័ន្ធគ្រប់គ្រងពាក្យសម្ងាត់ ឬអាថ៌កំបាំង និងប្រព័ន្ធគ្រប់គ្រងសិទ្ធិចូលប្រើ (privileged access management, PAM) ជាដើម។

ដំណាក់កាលនេះអាចនាំឱ្យរកឃើញគណនីសេវាកម្មដែលត្រូវបានភ្លេចចោល ព័ត៌មានអាថ៌កំបាំងដែលត្រូវបានសរសេរបង្កប់ដោយផ្ទាល់ក្នុងកម្មវិធី (hardcoded secrets) ឬការតភ្ជាប់អន្តរប្រព័ន្ធ (integrations) ដែលមិនត្រូវបានប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំ។

  • ផ្តល់អាទិភាពលើហានិភ័យ ជាជាងទំហំ (Prioritize risk over size)

ទោះបីជាអង្គភាពជាច្រើនចង់ចាប់ផ្ដើមការពារប្រព័ន្ធដែលមានទំហំធំបំផុតរបស់ខ្លួនក៏ដោយ វិធីសាស្ត្រដែលមានប្រសិទ្ធភាពជាងគឺការកំណត់អាទិភាពដោយផ្អែកលើអាយុកាលសម្ងាត់ (confidentiality lifetime) របស់ព័ត៌មានសម្គាល់ចូលប្រើ ពោលគឺរយៈពេលដែលព័ត៌មាននោះត្រូវរក្សាភាពសម្ងាត់ រួមជាមួយលទ្ធភាពដែលអ្នកវាយប្រហារអាចចូលដល់វាបាន។ តាមទស្សនៈនេះ ព័ត៌មានសម្គាល់ចូលប្រើតូចមួយដែលមានអាយុកាលយូរ និងអាចប្រើសម្រាប់ចូលទៅកាន់ប្រព័ន្ធសំខាន់ៗ មានសារៈសំខាន់ជាងបណ្ដុំទិន្នន័យដ៏ធំមួយដែលមានអាយុកាលខ្លី។ ការកំណត់អាទិភាពផ្អែកលើហានិភ័យបែបនេះជួយធានាថា ព័ត៌មានសម្គាល់ចូលប្រើដែលប្រឈមខ្លាំងបំផុតចំពោះយុទ្ធសាស្ត្រ “លួចពេលនេះ បំបែកពេលក្រោយ” ត្រូវបានការពារជាមុន។

  • ផ្លាស់ប្ដូរទៅប្រើកូដនីយកម្មចម្រុះ (Hybrid Cryptography)

ជំនួសឱ្យការផ្លាស់ប្ដូរចេញនូវក្បួនកូដនីយកម្មបែបបុរាណទាំងស្រុង អង្គភាពគួរអនុវត្តកូដនីយកម្មចម្រុះ (hybrid cryptography) ដោយប្រើរួមបញ្ចូលគ្នានូវក្បួនកូដនីយកម្មបែបបុរាណ និងក្បួនកូដនីយកម្មធន់នឹង quantum នៅក្នុងដំណើរការផ្លាស់ប្ដូរសោ (key exchange) តែមួយ។ វិធីសាស្ត្រនេះជួយឱ្យការតភ្ជាប់នៅតែមានសុវត្ថិភាព ទាំងពីអ្នកវាយប្រហារសម័យបច្ចុប្បន្ន និងពីអ្នកវាយប្រហារដែលប្រើកុំព្យូទ័រ quantum នាពេលអនាគត។

កូដនីយកម្មចម្រុះក៏ជួយកាត់បន្ថយហានិភ័យនៃការពឹងផ្អែកទាំងស្រុងលើក្បួនកូដនីយកម្មថ្មីតែមួយផងដែរ ព្រោះក្បួនកូដនីយកម្មបែបបុរាណនៅតែត្រូវបានរក្សាទុក ហើយមិនចាំបាច់ដកចេញ ដើម្បីបន្ថែមការការពារធន់នឹង quantum។

  • រៀបចំប្រព័ន្ធឱ្យមានភាពបត់បែនផ្នែកកូដនីយកម្ម (Crypto-Agility)

ដោយសារក្បួនកូដនីយកម្មនានាអាចត្រូវបានណែនាំឱ្យលែងប្រើប្រាស់ (deprecated) ហើយប៉ារ៉ាម៉ែត្ររបស់វាក៏អាចផ្លាស់ប្ដូរតាមពេលវេលា អង្គភាពគួររំពឹងថា ការផ្លាស់ប្ដូរលើកនេះនឹងមិនមែនជាលើកចុងក្រោយនោះទេ។

ដូច្នេះ ប្រព័ន្ធគួរត្រូវបានរៀបចំដោយគិតគូរពី ភាពបត់បែនផ្នែកកូដនីយកម្ម តាំងពីដំបូង ដើម្បីឱ្យការផ្លាស់ប្ដូរក្បួនកូដនីយកម្មនាពេលអនាគត គ្រាន់តែជាការកែប្រែការកំណត់រចនាសម្ព័ន្ធ (configuration) ប៉ុណ្ណោះ មិនមែនជាការកែសម្រួលនិមាបនកម្មប្រព័ន្ធ (system architecture) ទាំងមូលឡើងវិញនោះទេ។

ជាពិសេស សម្រាប់ព័ត៌មានសម្គាល់ចូលប្រើ គួររក្សាយន្តការកូដនីយកម្មឱ្យស្ថិតនៅទីតាំងកណ្ដាលមួយ (centralized location) ដើម្បីឱ្យនៅពេលដែលត្រូវផ្លាស់ប្ដូរក្បួនកូដនីយកម្ម អង្គភាពអាចធ្វើបច្ចុប្បន្នភាពតែម្តង ដោយមិនចាំបាច់កែប្រែកម្មវិធី លំហូរដំណើរការការងារ (pipelines) និងការតភ្ជាប់អន្តរប្រព័ន្ធ (integrations) នីមួយៗឡើយ។

  • ចាប់ផ្ដើមការពារកន្លែងដែលមានហានិភ័យខ្ពស់បំផុត (Start protecting where the risk is highest)

ទោះបីជាអង្គភាពជាច្រើនអាចមានទំនោរពន្យារពេលការផ្លាស់ប្ដូរទៅប្រើកូដនីយកម្មធន់នឹង quantum ក៏ដោយ អង្គភាពគួរចងចាំថា ការផ្លាស់ប្ដូរនេះជាដំណើរការដែលត្រូវចំណាយពេលយូរ ហើយទិន្នន័យដែលត្រូវបានការពារនៅថ្ងៃនេះ ត្រូវតែអាចរក្សាភាពសម្ងាត់បានរហូតដល់អនាគត។

កុំព្យូទ័រ quantum មិនចាំបាច់ត្រូវបានបង្កើតឡើងរួចហើយនោះទេ ដើម្បីឱ្យការគំរាមកំហែងពីការលួចយកព័ត៌មានសម្គាល់ចូលប្រើ និងការរង់ចាំធ្វើវិកូដនីយកម្មក្លាយជាបញ្ហាពិតប្រាកដ។ ការផ្លាស់ប្ដូរទៅកាន់កូដនីយកម្មធន់នឹង quantum គួរចាប់ផ្ដើមពីព័ត៌មានសម្គាល់ចូលប្រើ ព្រោះវាជាចំណុចរួមនៃអាយុកាលសម្ងាត់ និងវិសាលភាពនៃផលប៉ះពាល់ (blast radius)។ ការការពារព័ត៌មានសម្គាល់ចូលប្រើឱ្យរួចផុតពីការគំរាមកំហែងក្នុងសម័យ quantum គឺជាអាទិភាពដែលអង្គភាពគួរចាប់ផ្ដើមអនុវត្តចាប់ពីពេលនេះ មុនពេលការរីកចម្រើននៃហាតវែរ quantum បង្ខំឱ្យត្រូវធ្វើការផ្លាស់ប្ដូរ។

 ៦. ឯកសារពាក់ព័ន្ធ

  • https://thehackernews.com/2026/06/why-post-quantum-cryptography-starts.html
  • https://www.keepersecurity.com/blog/2023/06/07/what-is-elliptic-curve-cryptography/
  • https://globalriskinstitute.org/publication/quantum-threat-timeline-report-2025b/
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.