១. ព័ត៌មានទូទៅ
អស់រយៈពេលជាច្រើនឆ្នាំមកហើយ មនុស្សបានកំណត់អត្តសញ្ញាណឯកសារក្លែងក្លាយដោយស្វែងរកសញ្ញាណព្រមាន ដូចជា ពុម្ពអក្សរមិនត្រឹមត្រូវ និមិត្តសញ្ញាមិនច្បាស់ ឬទិន្នន័យមេតា (metadata) ដែលមិនត្រូវនឹងកាលបរិច្ឆេទដែលបានអះអាងជាដើម។ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតបង្កើតមាតិកា (Generative AI) បានផ្លាស់ប្តូរទំនៀមទម្លាប់នេះ។ សញ្ញាណព្រមានចាស់ៗជាច្រើនកំពុងកាន់តែបាត់បង់ប្រសិទ្ធភាព ហើយការបង្កើតឯកសារក្លែងក្លាយដែលមើលទៅគួរឱ្យជឿជាក់លែងត្រូវការជំនាញឯកទេសទៀតហើយ។ នរណាក៏ដោយដែលមាន chatbot និងពេលវេលាប៉ុន្មាននាទីក៏អាចបង្កើតវាបានដែរ។
អ្នកស្រាវជ្រាវបានបង្កើតលិខិតឆ្លងដែនសិប្បនិម្មិតមួយដោយប្រើម៉ូឌែល GPT-4o ក្នុងរយៈពេលតិចជាងប្រាំនាទី។ វាមើលទៅស្ទើរតែដូចគ្នាបេះបិទនឹងលិខិតឆ្លងដែនពិត។ បច្ចុប្បន្ន ក្រុមហ៊ុនប្រមាណមួយលើដប់រាយការណ៍ថាបានរកឃើញមាតិកា deepfake ឬឯកសារដែលបង្កើតដោយបញ្ញាសិប្បនិម្មិតក្នុងការប៉ុនប៉ងក្លែងបន្លំ ហើយមាតិកា deepfake ក៏ជាមូលហេតុនៃការបរាជ័យក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណប្រហែលមួយក្នុងចំណោមម្ភៃករណីរួចទៅហើយ។
កំណើននេះមិនមានសម្ទុះយឺតនោះទេ។ រាល់ការរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតបង្កើតមាតិកាធ្វើឱ្យការបង្កើតឯកសារក្លែងក្លាយចំណាយធនធានទាបជាងមុន និងមើលទៅកាន់តែគួរឱ្យជឿជាក់។ ជាលទ្ធផល ចំនួននៃការប៉ុនប៉ងក្លែងបន្លំក៏បន្តកើនឡើងផងដែរ។
ឯកសារ PDF ដែលបានចុះហត្ថលេខាក៏ប្រឈមនឹងហានិភ័យដែរ។ ហត្ថលេខាអាចបង្ហាញថាមានសុពលភាពនៅក្នុងកម្មវិធីមើល PDF ប៉ុន្តែវាមិនបញ្ជាក់អ្វីបានច្រើនទេ ប្រសិនបើឯកសារនោះអាចត្រូវបានបង្កើតឡើងវិញ ចុះហត្ថលេខាម្តងទៀត ឬកែប្រែដោយសម្ងាត់ក្រោយការចុះហត្ថលេខា។ ដោយហេតុនេះ ការផ្ទៀងផ្ទាត់ហត្ថលេខា PDF កំពុងផ្លាស់ប្តូរពីការត្រួតពិនិត្យរូបហត្ថលេខា ទៅជាការផ្ទៀងផ្ទាត់តាមបច្ចេកទេសគ្រីបតូ (cryptographic verification)។ ក្រុមការងារសន្តិសុខមិនគួរសួរត្រឹមតែថា “តើឯកសារអាចបើកបាន ហើយបង្ហាញសញ្ញាធីកដែរឬទេ?” ប៉ុណ្ណោះទេ តែគួរសួរថា “តើយើងអាចបញ្ជាក់បានទេថា នេះពិតជាឯកសារដដែលដែលត្រូវបានចុះហត្ថលេខានៅកាលបរិច្ឆេទដែលបានអះអាង ដោយបុគ្គល ឬអង្គភាពហត្ថលេខីនោះ?”។
ដើម្បីឆ្លើយសំណួរនេះដោយអាចទុកចិត្តបាន ភស្តុតាងមិនអាចមានតែនៅក្នុងច្បាប់ចម្លងរបស់អ្នកផ្ញើ ឬនៅក្នុងកម្មវិធីរបស់ក្រុមហ៊ុនផ្គត់ផ្គង់តែមួយប៉ុណ្ណោះទេ។ ការផ្ទៀងផ្ទាត់ដែលរឹងមាំត្រូវតែភ្ជាប់ភស្តុតាងទៅនឹងព្រឹត្តិការណ៍នៃការចុះហត្ថលេខា និងអនុញ្ញាតឱ្យភាគីផ្សេងទៀតអាចផ្ទៀងផ្ទាត់វាដោយឯករាជ្យ។
វិធីសាស្ត្រមួយគឺការបង្កើតតម្លៃ hash ឌីជីថលតែមួយគត់សម្រាប់ឯកសារដែលបានចុះហត្ថលេខានីមួយៗ ហើយភ្ជាប់វាទៅនឹងកំណត់ត្រាសាធារណៈដែលមានត្រាពេលវេលា (timestamp)។ បន្ទាប់មក នរណាម្នាក់ដែលមានឯកសារនោះអាចបញ្ជាក់បានថា ឯកសារនៅរក្សាបាននូវភាពត្រឹមត្រូវដើមរបស់វា ដោយមិនចាំបាច់ជឿទុកចិត្តលើអ្នកផ្ញើ ឬចូលប្រើវេទិកាជាក់លាក់ណាមួយឡើយ។ ការផ្ទៀងផ្ទាត់ក្លាយជាផ្នែកមួយនៃឯកសារ ជាជាងលក្ខណៈពិសេសដែលមានតែនៅក្នុងកម្មវិធីមួយប៉ុណ្ណោះ។
ការពឹងផ្អែកលើកំណត់អត្តសញ្ញាណឯកសារក្លែងក្លាយតែមួយមុខនៅតែបន្តបរាជ័យ ដោយសារតែរបៀបដែលបច្ចេកវិទ្យាវិវឌ្ឍ។ ឯកសារក្លែងក្លាយជាច្រើនឥឡូវនេះត្រូវបានបង្កើតដោយឧបករណ៍បញ្ញាសិប្បនិម្មិតបង្កើតមាតិកាដែលអាចរកប្រើបានដោយទូលំទូលាយ។ ប្រព័ន្ធកំណត់អត្តសញ្ញាណឯកសារក្លែងក្លាយជាធម្មតាត្រូវបានបណ្តុះបណ្តាលដោយផ្អែកលើប្រភេទនៃការក្លែងបន្លំដែលមានពីមុន ខណៈដែលឧបករណ៍បង្កើតឯកសារក្លែងក្លាយនៅតែបន្តមានការអភិវឌ្ឍឥតឈប់ឈរ។
បញ្ហានេះបង្កើតឱ្យមានការប្រកួតប្រជែងផ្នែកសមត្ថភាពរវាងអ្នកវាយប្រហារ និងអ្នកការពារ ដែលក្នុងនោះ អ្នកការពារនៅតែដើរយឺតជាងអ្នកវាយប្រហារ។ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតប្រភេទតែមួយដែលជួយកំណត់អត្តសញ្ញាណមាតិកាក្លែងក្លាយ ក៏អាចជួយបង្កើតមាតិកាក្លែងក្លាយជំនាន់ថ្មីទៀតបានដែរ។ ការត្រួតពិនិត្យដោយគ្រាន់តែមើលឯកសារឱ្យបានម៉ត់ចត់ជាងមុន មិនគ្រប់គ្រាន់ទៀតទេនៅពេលដែលឯកសារទាំងនោះត្រូវបានបង្កើតឡើងក្នុងគោលបំណងឆ្លងផុតការត្រួតពិនិត្យដោយភ្នែក។
អ្នកវាយប្រហារលែងចាំបាច់ប្រថុយបន្សល់ទុកភស្តុតាងដោយកែប្រែឯកសារដែលមានស្រាប់ទៀតហើយ។ ពួកគេអាចបង្កើតឯកសារថ្មី បន្ថែមហត្ថលេខាថ្មី មុនពេលផ្ញើទៅកាន់អ្នកដទៃ។ ទិន្នន័យមេតា (metadata) ដែលក្រុមការងារប្រឆាំងការក្លែងបន្លំធ្លាប់ប្រើជាភស្តុតាង អាចត្រូវបានលុបចេញ ឬក្លែងបន្លំបានយ៉ាងងាយស្រួល។ ការពិនិត្យមើលតែឯកសារផ្ទាល់ នឹងផ្តល់ព័ត៌មានដែលមានប្រយោជន៍កាន់តែតិចទៅៗ។ ផ្ទុយទៅវិញ ភស្តុតាងដែលភ្ជាប់ទៅនឹងព្រឹត្តិការណ៍ចុះហត្ថលេខាដើម មានភាពអាចទុកចិត្តបានជាង។
២. ឯកសារពាក់ព័ន្ធ
- https://hackread.com/ai-forge-documents-minutes-looks-right-not-enough/
- https://hackread.com/blacksanta-malware-hr-staff-fake-cv-downloads/
- https://hackread.com/ai-generated-content-how-cybercriminals-phishing-scams/
- https://hackread.com/microsoft-teams-flaws-fake-identities-rewrite-chats/
- https://hackread.com/lastpass-deepfake-scam-ceo-impersonation-thwarted/
- https://hackread.com/crypto-exchange-fiatusdt-leaked-kyc-data/







