April 16, 2024

Language:

គន្លឹះសន្តិសុខខ្លីៗស្តីពី “ការទិញទំនិញអនឡាន”

ស្របពេលទៅនឹងការរីករាលដាលនៃមេរោគកូវីដ១៩ និន្នាការនៃការទិញទំនិញអនឡាញ (Online Shopping) មានការកើនឡើងគួរជាទីកត់សំគាល់។ ក៏ប៉ុន្តែអ្នកប្រើប្រាស់អុិនធឺណែតភាគច្រើន នៅមិនទាន់បានយល់ដឹងអំពីហានិភ័យនានាដែលអាចកើតមានឡើងជុំវិញការបញ្ជាទិញអនឡាញនៅឡើយទេ ដែលអាចឱ្យពួកគេទទួលរងគ្រោះបាត់បង់សាច់ប្រាក់ និងខាតបង់ពេលវេលា។ 

ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមធ្វើការណែនាំគន្លឹះសុវត្ថិភាពមួយចំនួនដូចខាងក្រោម៖

ហានីភ័យក្នុងការទិញទំនិញអនឡាញ

ទំព័របណ្តាញសង្គមបោកប្រាស់៖​ អ្នកលក់ខ្លះបានបោកប្រាស់អ្នកទិញដោយទទួលប្រាក់ហើយតែមិនដឹកជញ្ជូនទំនិញ ពួកអ្នកបោកប្រាស់ទាំងនោះបានបង្កើតជាវេបសាយ ឬទំព័របណ្តាញសង្គមផ្សេងៗក្នុងការផ្សព្វផ្សាយលក់ទំនិញ តែមិនមានព័ត៌មានទីតាំងជាក់លាក់នោះទេ ករណីនេះបានកើតឡើងយ៉ាងច្រើននៅលើបណ្តាញសង្គម (social media)។

វេបសាយលក់ទំនិញក្លែងក្លាយ៖ ជនបោកប្រាស់ ឬឧក្រិដ្ឋជនបច្ចេកវិទ្យាបានបង្កើតវេបសាយលក់ទំនិញផ្សេងៗក្នុងតម្លៃថោក ឬបង្កើតវេបសាយឱ្យដូចទៅនឹងវេបសាយលក់ទំនិញល្បីៗដូចជា AMAZON និង EBAY ជាដើម ក្នុងការបោកបញ្ឆោតជនរងគ្រោះធ្វើការបញ្ជាទិញ។​ ជនរងគ្រោះអាចបាត់បង់ទាំងប្រាក់កាក់ និងអាចបាត់បង់ទាំងព័ត៌មានហិរញ្ញវត្ថុ (credit card) តាមរយៈការបញ្ជាទិញនៅលើវេបសាយដែលគ្មានប្រភពច្បាស់លាស់ និងវេបសាយដែលបង្កើតឡើងដោយជនល្មើស។

គន្លឹះសុវត្ថិភាពមួយចំនួនដែលអ្នកគួរយល់ដឹងមានដូចខាងក្រោម៖

ហាងលក់ទំនិញក្លែងក្លាយ

  • សូមទិញទំនិញពីហាងដែលអ្នកស្គាល់ប៉ុណ្ណោះ
  • ពេលទិញទំនិញនៅលើវេបសាយអនឡាញសូមត្រួតពិនិត្យមើលអាសយដ្ឋាន “https” នៅក្នុង address bar និងប្រុងប្រយ័ត្នអំពីតួរអក្សរ និងលេខ ដូចជា “0” និង “o”, “1” និង “l” ។ល។

អ្នកបោកប្រាស់នៅបណ្តាញសង្គម

  • មានការកើនឡើងនៃការលក់ទំនិញអនឡាញយ៉ាងច្រើននៅលើបណ្តាញសង្គមហ្វេសប៊ុក អ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់
    ជាពិសេសទំព័រ (page) ណាដែលលក់ទំនិញតម្លៃថោកខុសពីធម្មតាខ្លាំងពេក

ការទូរទាត់ប្រាក់អនឡាញ

  • ត្រួតពិនិត្យរបាយការណ៍ទិញទំនិញរបស់អ្នកឱ្យបានទៀតទាត់
  • រាយការណ៍ទៅកាន់ធនាគារភ្លាមៗ បើអ្នកកត់សម្គាល់ឃើញមានការទិញទំនិញ ឬប្រិតិបត្តិការដែលអ្នកមិនបានធ្វើ
  • ប្រើប្រាស់កាតសិប្បនិម្មិត ឬប្រើប្រាស់កាតពីរផ្សេងៗពីគ្នា ដែលមួយគឺសម្រាប់ដាក់ប្រាក់ និងមួយទៀតសម្រាប់ការទិញ និងទូរទាត់ថ្លៃទំនិញ។

ជាចុងក្រោយ សន្តិសុខ និងសុវត្ថិភាពនៃការប្រើប្រាស់បច្ចេកវិទ្យា គឺស្ថិតនៅក្នុងដៃរបស់លោកអ្នក។ សូមមានការប្រុងប្រយ័ត្នជាប់ជានិច្ច៕

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.