August 20, 2018

Language:

សិក្ខាសាលានិន្នាការ និងបច្ចេកវិទ្យាក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.ស​.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ​ខែមីនា ​ឆ្នាំ២០១៨​ នៅទីស្តីការ​ក្រសួង​ប្រៃសណីយ៍ ​និង​ទូរគមនាគមន៍​ មាន​រៀប​ចំសិក្ខា​សាលាស្តីពី​ “និន្នាការ​ និង​បច្ចេកវិទ្យា​ ក្នុង​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍ ​និងព័ត៌មាន”​ ក្រោមអធិបតីភាព​ ឯកឧត្ដម កាន ច័ន្ទមេត្តា ​រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ ​និងទូរគមនាគមន៍ ​និង​មាន​ការចូលរួម​ពី ឯកឧត្ដម​ ហ៊ុយ ​វណ្ណៈ ​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​ឯកឧត្ដម​ លោក ​លោកស្រី ​មន្ត្រីរាជការ​ក្រសួង ​ព្រមទាំង​អ្នកសារព័ត៌មាន​នានា។​

ឯកឧត្ដម កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

សិក្ខាសាលានេះបានរៀបចំឡើងក្រោមភាពជាដៃគូររវាងវិទ្យាស្ថានជាតិនីបទីក (NIPTICT) ​ជាមួយ​សហភាព​សហព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា​ ក្នុង​គោល​បំណង​ផ្សព្វ​ផ្សាយ​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា​ដូចជា ​កាសែត ​វិទ្យុ ​ទូរទស្សន៍​ ទស្សនាវដ្តី ​គេហទំព័រ​ និងបណ្តាញសង្គម ​។ល។ ​ដើម្បីស្វែងយល់​ពីនិន្នាការ​ទៅអនាគត​នៃការ​អភិវឌ្ឍ​របស់​បច្ចេកវិទ្យាថ្មីៗ​ ក្នុង​វិស័យ​បច្ចេក​វិទ្យាគមនាគមន៍ ​និងព័ត៌មាន។ ​ជាពិសេស ​ដើម្បីលើកកម្ពស់​ការ​ប្រើប្រាស់ ​“វាក្យស័ព្ទ”​ ក្នុងវិស័យ​បច្ចេក​វិទ្យាគមនាគមន៍ និង​ព័ត៌មាន ​ឲ្យបានត្រឹមត្រូវស្របទៅតាមអត្ថន័យ​បច្ចេកទេស​ ក្នុងពេលធ្វើការ​រាយការណ៍​អំពី ​សិក្ខាសាលា ​វេទិកា ​ឬព្រឹត្តិការណ៍​នានា ​ដែល​ទាក់ទង​នឹង​វិស័យ​បច្ចេក​វិទ្យា​គមនាគមន៍​ និង​ព័ត៌មាន​។

សមាជិកចូលរួមអង្គសិក្ខាសាលា

នៅក្នុងសិក្ខាសាលានោះដែរ លោក​ អ៊ូ ផាន់ណារិទ្ធ (OU Phannarith) ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន បានធ្វើបទបង្ហាញមួយស្តីអំពី “បដិវត្តន៍នៃការគំរាមគំហែងតាមប្រព័ន្ធអ៊ិនធឺណិត – តើយើងត្រៀមខ្លួនរួចហើយឬនៅ? (Cyber Threat Revolution – Are we ready?)” ។

ប្រធានបទខាងលើនេះគឺមានគោលបំណងផ្តល់ជាចំណេះដឹង ទៅដល់អ្នកចូលរួមអំពីការគំរាមគំហែងនានាដែលកើតមានឡើងពីអតីតកាលរហូតមកដល់ពេលបច្ចុប្បន្ន។ ការប្រើប្រាស់បច្ចេកវិទ្យាមានការកើនឡើងជាលំដាប់ ស្របគ្នាទៅនឹងភាពងាយស្រួលក្នុងការទទួលបាននូវលទ្ធភាព (កម្មវិធី និងបច្ចេកទេស) សម្រាប់ជាយន្តការនៃការវាយប្រហារ បានធ្វើឲ្យវាមានការលំបាកណាស់ក្នុងការទប់ស្កាត់បើប្រៀបធៀបទៅនឹងអតីតកាល (១០ឆ្នាំមុន)។ ក្នុងពេលបច្ចុប្បន្ននេះ វត្ថុនានាចាប់ផ្តើមភ្ជាប់ទៅនឹងអ៊ិនធឺណិត​ មានដូចជា នាឡិការដៃ និងឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះជាដើម។

ទាញយកបទបង្ហាញទីនេះ >> 2018-CyberThreats-Evolution-Distribute