June 15, 2021

Language:

សូមប្រុងប្រយ័ត្នការបោកប្រាស់តាមរយៈកម្មវិធី “មូលនិធិសុខុមាលភាពកូកា-កូឡា”!

១.ព័ត៌មានទូទៅ

ការិយាល័យ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ (CamCERT)​ បាន​កត់សម្គាល់​ឃើញថា​នា​ពេល​ថ្មី​ៗនេះ​មាន​ការ​បោកប្រាស់​ (Scam​) មួយ​ប្រភេទ​ ដែល​កំពុង​រីក​រាលដាល​កចំពោះ​អ្នកប្រើ​ប្រាស់​អ៊ីនធឺ​ណិ​ត ជាពិសេសមានការចែករំលែក តៗគ្នាតាមរយៈ Facebook Messenger, Telegram និង WhatsApp ក្នុង​ប្រទេស​កម្ពុជា​។

ការ​បោកប្រាស់​នោះត្រូវបានរៀបចំឡើងនៅលើវេបសាយក្នុងទំរង់ជាកម្មវិធី “មូលនិធិសុខុមាលភាពកូកា-កូឡា”! ដោយតម្រូវឱ្យអ្នកប្រើប្រាស់ ធ្វើការឆ្លើយសំណួរស្ទង់មតិ និងចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិ ដើម្បីឈ្នះរង្វាន់ប្រាក់ ២០០,០០០រៀល ពីក្រុមហ៊ុនកូកាកូឡា។

២. វិធីសាស្ត្រនៃការបោកប្រាស់

ជនខិលខូចរៀបចំវេបសាយឡើង ដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់ក្នុងគោលបំណង៖

  • ធ្វើការអូសទាញអ្នកប្រើប្រាស់ចូលទៅកាន់តំណភ្ជាប់ (Link) ដែលជាគេហទំព័រក្លែងបន្លំ មិនមែនជារបស់ក្រុមហ៊ុនកូកា-កូឡា
  • ធ្វើការបញ្ឆោតអ្នកប្រើប្រាស់ឆ្លើយសំណួរ ដើម្បីទទួលបានរង្វាន់
  • ធ្វើការបញ្ឆោតអ្នកប្រើប្រាស់ឱ្យចែករំលែកតំណភ្ជាប់ទៅកាន់មិត្តភក្តិផ្សេងៗទៀត ដើម្បីទទួលបានរង្វាន់

៣. ផលវិបាក

ក្រៅពីការបោកប្រាស់ខាងលើនេះ ជនខិលខូចក៏អាចប្រើប្រាស់យុទ្ធនាការនេះក្នុងគោលបំណងផ្សេងៗ ដូចជា៖

  • លួចយកព័ត៌មានគណនីរបសអ្នកប្រើប្រាស់។ ឧទាហរណ៍៖ គណនីបណ្តាញសង្គម ឬគណនីអ៊ីនធឺណិត ឬគណនីធនាគារ ប្រសិនបើអ្នកប្រើប្រាស់ផ្តល់ព័ត៌មានគណនី ឬវាយបញ្ចូលព័ត៌មានគណនីតាមរយៈវេបសាយបោកប្រាស់នោះ
  • អាចចម្លងមេរោគផ្សេងៗជាដើម។

៤. តើត្រូវធ្វើដូចម្តេចដើម្បីជៀសវាងពីបញ្ហានេះ (មិនក្លាយខ្លួនទៅជាជនរងគ្រោះ)?

  • សូមមានការប្រុងប្រយ័ត្នចំពោះការទទួលបានសារខ្លីនៅក្នុង Facebook Messenger, Telegram, WhatsApp ឬកម្មវិធីផ្សេងៗទៀត ដោយមិនត្រូវចុចទៅលើតំណភ្ជាប់ដែលបានផ្ញើមកនោះទេ
  • មិនត្រូវផ្តល់ព័ត៌មាន ឬធ្វើតាមការណែនាំណាមួយដែលទាមទារឱ្យអ្នកផ្តល់ព័ត៌មានសំខាន់ៗរបស់អ្នកឡើយ ជាពិសេសព័ត៌មានពាក់ព័ន្ធនឹងគណនីបណ្តាញសង្គម ឬគណនីធនាគារ និងលេខកូដសំខាន់ៗផ្សេងៗ

៥. តើត្រូវធ្វើដូចម្តេចបើសិនជាអ្នកគិតថាខ្លួនជាជនរងគ្រោះ?

  • បើសិនជាអ្នកបានចុចតំណភ្ជាប់ ហើយបានធ្វើតាមការណែនាំ និងបញ្ចូលព័ត៌មានសំខាន់ៗដូចជាគណនី-បណ្តាញសង្គម ឬគណនីធនាគារ និងលេខកូដសំខាន់ៗផ្សេងៗ សូមធ្វើការផ្លាស់ប្តូរព័ត៌មានសំខាន់ៗទាំងនោះជាបន្ទាន់ដូចជា៖
    • អ្នកគួរតែផ្លាស់ប្ដូរពាក្យសម្ងាត់( Password) របស់អ្នកឲ្យបានរឹងមាំ
    • សូមប្រើប្រាស់មុខងារ ចាក់សោរពីជាន់ (Two Factor Authentication) នៅលើគណនីបណ្តាញសង្គមរបស់អ្នកដើម្បីការពារទុកជាមុន
  • អ្នកអាចរាយការណ៍អំពីបញ្ហានេះមកកាន់ការិយាល័យ CamCERT តាមរយៈអ៊ីមែល incident@camcert.gov.kh ឬចូលទៅកាន់វេបសាយ https://www.camcert.gov.kh
  • អ្នកក៏អាចធ្វើការប្តឹងទៅស្ថាប័ននគរបាលជាតិ (នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ) នៅក្នុងក្រសួងមហាផ្ទៃ អាគារ L ទំនាក់ទំងលេខទូរស័ព្ទ ០២៣ ៧២៦ ៨២២

៦.អនុសាសន៍ណែនាំ

ការិយាល័យឆ្លើតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ សូមណែនាំអ្នកប្រើប្រាស់ទាំងអស់ មេត្តាបញ្ឈប់ការចែករំលែក និងមិនត្រូវចុចលើតំណភ្ជាប់វេបសាយបោកប្រាស់ខាងលើនោះទេ ដើម្បីជៀសវាង និងការពារខ្លួនពីបញ្ហាដូចបានរៀបរាប់ខាងលើ។

៧.រូបភាពវេបសាយ នៃការបោកប្រាស់

 

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.