December 06, 2019

Language:

ព្រឹត្តិការណ៍ប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគន៍ និងព័ត៌មាន “Association of Southeast Asian Nations (ASEAN) Capture the Flag (CTF)”

កាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ មន្ត្រីនៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ចំនួន៣ (បី)រូប ១/លោក តាន់ សុភ័ក្រ ២/លោក គឹម អាន និង ៣/លោក សុខ សុវណ្ណ ត្រូវបានចាត់តាំងឱ្យទៅចូលរួមព្រឹត្តិការណ៍ប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន “Association of Southeast Asian Nations (ASEAN) Capture the Flag (CTF)” នៅទីក្រុង Perth ប្រទេសអូស្ត្រាលី។

ការប្រកួតនេះត្រូវបានរៀបចំឡើងជាលើកទី១ ដោយ Australian Cyber Security Centre (ACSC) និងបើកឱ្យមានការចូលរួមពីសំណាក់ក្រុមការងារឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (Computer Emergency Response Team) ពីប្រទេសក្នុងតំបន់អាស៊ាន (១០ប្រទេស)។ ការប្រកួតប្រជែងខាងលើនេះ បានផ្តោតទៅលើប្រធានបទឆ្លើយតបទៅនឹងឧប្បទេវហេតុសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន រួមមានដូចជា៖

  • ការស្វែងរកភស្តុតាងនៅក្នុងអង្គចងចាំ (RAM)
  • ការស្វែងរកភស្តុតាងនៅលើ Network traffic
  • ការស្វែងរកភស្តុតាងនៅលើ Event Log របស់ប្រព័ន្ធប្រតិបត្តិការ Window
  • ការវិភាគ និងស្វែងរកព័ត៌មាននៅលើមេរោគ

គោលបំណងចំបងនៃការប្រកួតខាងលើនេះ គឺផ្តោតសំខាន់ទៅលើការពង្រឹងសមត្ថភាពក្រុមការងារឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CERT) ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបឧប្បទេវហេតុ ហើយក៏ជាឱកាសល្អមួយដើម្បីពង្រឹងកិច្ចសហការរវាងក្រុមការងារ CERT នៃប្រទេសជាសមាជិកអាស៊ាន និងប្រទេសអូស្ត្រាលី។ ជាមួយគ្នានោះ ក៏មានការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកអំពីបច្ចេកទេសក្នុងការដោះស្រាយចម្លើយនីមួយៗ នៅពេលចប់ការ ប្រកួតផងដែរ។

ការប្រកួតនេះជាការដកស្រង់បទពិសោធន៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលនៅក្មេងខ្ចីនៅឡើយសម្រាប់សមត្ថភាពក្នុងការប្រកួតប្រជែងនេះ ហើយកម្ពុជានឹងបន្តប្រឹងប្រែងធ្វើការបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពសម្រាប់ការបំពេញភារកិច្ច និងកិច្ចសហការប្រកបដោយប្រសិទ្ធភាព៕