១. ព័ត៌មានទូទៅ
ម៉ាស៊ីនមេ MCP អាចលាតត្រដាងព័ត៌មានអាថ៌កំបាំងរបស់អង្គភាព តាមរយៈឯកសារកំណត់រចនាសម្ព័ន្ធដែលរក្សាទុកជាអត្ថបទធម្មតា ការផ្តល់សិទ្ធិលើសកម្រិត និងការបញ្ចូលសេចក្ដីបញ្ជាបន្លំ (prompt injection)។
នៅពេលការប្រើប្រាស់ភ្នាក់ងារបញ្ញាសិប្បនិម្មិត (AI agent) កាន់តែកើនឡើង បញ្ហាទាំងនេះអាចក្លាយជាហានិភ័យសន្តិសុខធ្ងន់ធ្ងរ។ ពិធីសារបរិបទម៉ូឌែល (Model Context Protocol – MCP) អនុញ្ញាតឱ្យភ្នាក់ងារ AI ភ្ជាប់ទៅឧបករណ៍ និងទិន្នន័យផ្សេងៗដូចជា ឯកសារផ្ទៃក្នុង មូលដ្ឋានទិន្នន័យ, API, និងប្រព័ន្ធក្លោដ។ ម៉ាស៊ីនមេ MCP ដែលភ្ជាប់ភ្នាក់ងារ AI ទៅប្រព័ន្ធទាំងនេះ អាចត្រូវការសិទ្ធិមើលព័ត៌មានសម្គាល់ចូលប្រើ សោគណនីសេវាកម្ម សោ API និងព័ត៌មានអាថ៌កំបាំងផ្សេងទៀត។
២. ពិធីសារបរិបទម៉ូឌែល (MCP) ជាអ្វី?
ពិធីសារបរិបទម៉ូឌែល (Model Context Protocol – MCP) គឺជាស្តង់ដារបើកចំហ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដំបូងដោយក្រុមហ៊ុន Anthropic ដើម្បីអនុញ្ញាតឱ្យជំនួយការបញ្ញាសិប្បនិម្មិតភ្ជាប់ទៅឧបករណ៍ និងទិន្នន័យខាងក្រៅ។
ភ្នាក់ងារ AI អាចប្រើ MCP ដើម្បីចូលប្រើប្រព័ន្ធដែលកំពុងដំណើរការ។ ឧទាហរណ៍ ភ្នាក់ងារ AI អាចអានកំណត់ត្រាមួយពីមូលដ្ឋានទិន្នន័យ បើកឯកសារ ឬហៅប្រើ API។ ម៉ាស៊ីនមេ MCP ដំណើរការជាចំណុចកណ្ដាលរវាងភ្នាក់ងារ AI និងប្រព័ន្ធដែលវាចង់ចូលប្រើ ហើយកំណត់ថា ភ្នាក់ងារ AI អាចអនុវត្តសកម្មភាពអ្វីខ្លះ។
ដើម្បីចូលប្រើប្រព័ន្ធទាំងនេះ ម៉ាស៊ីនមេ MCP អាចត្រូវការព័ត៌មានសម្គាល់ចូលប្រើ ដូចជា សោ API និង token។ ភ្នាក់ងារ AI អាចប្រើព័ត៌មានទាំងនេះ ដើម្បីទាញយកទិន្នន័យរសើប និងអនុវត្តសកម្មភាពផ្សេងៗ។ ប្រសិនបើព័ត៌មានអាថ៌កំបាំងត្រូវបានលួច អ្នកវាយប្រហារអាចប្រើព័ត៌មាននោះ ដើម្បីចូលប្រើទិន្នន័យ និងអនុវត្តសកម្មភាពលើប្រព័ន្ធបាន។
៣. វិធីដែលម៉ាស៊ីនមេ MCP អាចលាតត្រដាងព័ត៌មានអាថ៌កំបាំង
- ៣.១ ព័ត៌មានសម្គាល់ចូលប្រើដែលរក្សាទុកជាអត្ថបទធម្មតាក្នុងឯកសារកំណត់រចនាសម្ព័ន្ធ
ម៉ាស៊ីនមេ MCP អាចរក្សាទុកសោ API និង token នៅក្នុងឯកសារកំណត់រចនាសម្ព័ន្ធក្នុងម៉ាស៊ីន។ ពេលខ្លះ ព័ត៌មានអាថ៌កំបាំងទាំងនេះត្រូវបានរក្សាទុកជាអត្ថបទធម្មតា (plaintext)។ ឯកសារទាំងនេះអាចត្រូវបានចម្លងទៅម៉ាស៊ីនផ្សេង ត្រូវបានទុកចោលដោយមិនបានចាប់អារម្មណ៍ ឬត្រូវបានបញ្ចូលទៅក្នុង Git repository ដោយអចេតនា។
ប្រសិនបើអ្នកវាយប្រហារអាចចូលប្រើម៉ាស៊ីនមេបាន ពួកគេក៏អាចអានព័ត៌មានសម្គាល់ចូលប្រើទាំងនេះបានដែរ។
- ៣.២ ការរាយប៉ាយព័ត៌មានសម្គាល់ចូលប្រើនៅតាមម៉ាស៊ីនមេដែលមិនបានគ្រប់គ្រង
ប្រសិនបើគ្មានទីតាំងកណ្ដាលសម្រាប់រក្សាទុកព័ត៌មានអាថ៌កំបាំង ភ្នាក់ងារ AI ផ្សេងៗអាចគ្រប់គ្រងព័ត៌មានសម្គាល់ចូលប្រើរបស់ខ្លួនរៀងៗខ្លួន។ សោ API និង token អាចត្រូវបានរាយប៉ាយនៅក្នុងឯកសារកំណត់រចនាសម្ព័ន្ធ និងអថេរមជ្ឈដ្ឋាន (environment variables)។ ព័ត៌មានអាថ៌កំបាំងក៏អាចមានច្បាប់ចម្លងនៅក្នុងប្រព័ន្ធអភិវឌ្ឍន៍ (development systems) ប្រព័ន្ធសាកល្បងមុនដាក់ដំណើរការ (staging systems) និងប្រព័ន្ធដំណើរការមែនទែន (production systems)។
ប្រសិនបើអង្គភាពមិនមានបញ្ជីសារពើភណ្ឌពេញលេញ ព័ត៌មានអាថ៌កំបាំងទាំងនេះអាចនៅមានសុពលភាពរយៈពេលយូរ ដោយមិនត្រូវបានប្តូរជាប្រចាំ។ ព័ត៌មានអាថ៌កំបាំងដែលមានសុពលភាពយូរនីមួយៗ អាចក្លាយជាចំណុចចូលមួយទៀតសម្រាប់អ្នកវាយប្រហារ។
- ៣.៣ ការបញ្ចូលសេចក្ដីបញ្ជាបន្លំ (Prompt Injection)
អ្នកវាយប្រហារមិនចាំបាច់លួចចូលប្រព័ន្ធដោយផ្ទាល់គ្រប់ពេលនោះទេ។
ភ្នាក់ងារ AI អាន និងអនុវត្តទៅតាមព័ត៌មានដែលវាទទួលបាន។ អ្នកវាយប្រហារអាចបង្កប់សេចក្ដីបញ្ជានៅក្នុងឯកសារ សំបុត្រស្នើសុំជំនួយ (support ticket) ឬគេហទំព័រដែលភ្នាក់ងារ AI អាន។ ភ្នាក់ងារ AI អាចចាត់ទុកសេចក្ដីបញ្ជាទាំងនោះថាជាបញ្ជាត្រឹមត្រូវ ហើយអនុវត្តតាម។ វិធីសាស្ត្រនេះត្រូវបានហៅថា prompt injection (ការបញ្ចូលសេចក្ដីបញ្ជាបន្លំ)។
ការវាយប្រហារបញ្ចូលសេចក្ដីបញ្ជាបន្លំជោគជ័យ អាចធ្វើឱ្យភ្នាក់ងារ AI ប្រើឧបករណ៍របស់ខ្លួនខុសគោលបំណង ឬលាតត្រដាងព័ត៌មានរសើប។
- ៣.៤ ការផ្តល់សិទ្ធិលើសកម្រិត
ក្នុងពេលអភិវឌ្ឍ ម៉ាស៊ីនមេ MCP អាចត្រូវបានផ្តល់សិទ្ធិទូលំទូលាយ ដើម្បីជៀសវាងបញ្ហាក្នុងការចូលប្រើ។
ប្រសិនបើសិទ្ធិទាំងនេះនៅតែត្រូវបានរក្សាទុក នៅពេលប្រព័ន្ធត្រូវបានដាក់ចូលប្រើក្នុងមជ្ឈដ្ឋានដំណើរការមែនទែន ភ្នាក់ងារ AI អាចចូលប្រើប្រព័ន្ធ និងទិន្នន័យច្រើនជាងតម្រូវការសម្រាប់ភារកិច្ចរបស់ខ្លួន។ ប្រសិនបើភ្នាក់ងារនោះត្រូវបានលួចគ្រប់គ្រង ការផ្តល់សិទ្ធិលើសកម្រិតអាចធ្វើឱ្យផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។
- ៣.៥ ហានិភ័យពីម៉ាស៊ីនមេ MCP ដែលមិនអាចទុកចិត្តបាន
នរណាក៏អាចបង្កើត និងផ្សព្វផ្សាយម៉ាស៊ីនមេ MCP បានដែរ។ នេះបង្កើតជាហានិភ័យខ្សែច្រវាក់ផ្គត់ផ្គង់ (supply-chain risk)។
ការភ្ជាប់ទៅម៉ាស៊ីនមេ MCP ដែលមិនអាចទុកចិត្តបាន អាចធ្វើឱ្យប្រព័ន្ធរបស់អ្នកប្រើប្រាស់ប្រឈមនឹងសកម្មភាពព្យាបាទ។ ម៉ាស៊ីនមេ MCP ដែលមានចេតនាព្យាបាទ ឬមានចំណុចខ្សោយ អាចអនុញ្ញាតឱ្យអ្នកវាយប្រហារដំណើរការកូដ លួចព័ត៌មានសម្គាល់ចូលប្រើ ឬចូលប្រើប្រព័ន្ធដែលបានភ្ជាប់។
៤. វិធីការពារព័ត៌មានអាថ៌កំបាំងរបស់អង្គភាពនៅលើម៉ាស៊ីនមេ MCP
អង្គភាពគួរប្រកាន់ខ្ជាប់តាមឧត្តមានុវត្តន៍សន្តិសុខចំពោះម៉ាស៊ីនមេ MCP និងភ្នាក់ងារ AI៖
- កុំដាក់ព័ត៌មានអាថ៌កំបាំងនៅក្នុងកូដដោយផ្ទាល់ និងត្រូវរក្សាទុកវានៅកន្លែងស្នូល។ ដកព័ត៌មានសម្គាល់ចូលប្រើចេញពីឯកសារកំណត់រចនាសម្ព័ន្ធ អថេរមជ្ឈដ្ឋាន និងកូដប្រភព ហើយរក្សាទុកវានៅក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មានអាថ៌កំបាំងជំនួសវិញ។ ភ្នាក់ងារ AI គួរទាញយកតែព័ត៌មានសម្គាល់ចូលប្រើដែលវាត្រូវការ នៅពេលដែលត្រូវការប៉ុណ្ណោះ។
- ប្រើព័ត៌មានសម្គាល់ចូលប្រើដែលមានសុពលភាពខ្លី និងប្តូរវាដោយស្វ័យប្រវត្តិ។ ព័ត៌មានសម្គាល់ចូលប្រើដែលមានសុពលភាពយូរមានប្រយោជន៍ចំពោះអ្នកវាយប្រហារជាង ព្រោះវាអាចប្រើប្រាស់បានរយៈពេលយូរ។ គួរប្រើព័ត៌មានសម្គាល់ចូលប្រើដែលផុតសុពលភាពដោយស្វ័យប្រវត្តិ និងប្តូរវាជាប្រចាំ។
- អនុវត្តគោលការណ៍ផ្តល់សិទ្ធិអប្បបរមា។ ផ្តល់ឱ្យភ្នាក់ងារ AI នីមួយៗតែសិទ្ធិចូលប្រើប្រព័ន្ធ និងទិន្នន័យដែលចាំបាច់សម្រាប់ភារកិច្ចរបស់វាប៉ុណ្ណោះ។ ប្រសិនបើភ្នាក់ងារមួយត្រូវបានលួចគ្រប់គ្រង ការកំណត់សិទ្ធិឱ្យនៅកម្រិតអប្បបរមាអាចកាត់បន្ថយផលប៉ះពាល់។
- តម្រូវឱ្យមានការអនុម័តពីមនុស្សសម្រាប់សកម្មភាពរសើប។ សកម្មភាពដូចជា ការបង្ហាញព័ត៌មានអាថ៌កំបាំង ការលុបទិន្នន័យ ឬការចូលប្រើប្រព័ន្ធដំណើរការមែនទែន គួរតម្រូវឱ្យមានការបញ្ជាក់យល់ព្រមជាមុន។ វាអាចជួយទប់ស្កាត់ការវាយប្រហារបញ្ចូលសេចក្ដីបញ្ជាបន្លំ មិនឱ្យបង្កផលប៉ះពាល់ធ្ងន់ធ្ងរ។
- ធ្វើកូដនីយកម្មព័ត៌មានអាថ៌កំបាំង។ ការពារព័ត៌មានអាថ៌កំបាំងដោយកូដនីយកម្ម ទាំងនៅពេលរក្សាទុក និងពេលបញ្ជូន។ ព័ត៌មានអាថ៌កំបាំងគួរត្រូវបានទាញយកតែនៅពេលត្រូវការប្រើប្រាស់ប៉ុណ្ណោះ។
- កត់ត្រា និងធ្វើសវនកម្មសកម្មភាពរបស់ភ្នាក់ងារ AI។ កត់ត្រាថាភ្នាក់ងារ AI បានចូលប្រើប្រព័ន្ធ និងទិន្នន័យអ្វីខ្លះ បានអនុវត្តសកម្មភាពអ្វីខ្លះ និងបានធ្វើនៅពេលណា។ កំណត់ត្រាទាំងនេះមានសារៈសំខាន់សម្រាប់ការតាមដាន អនុលោមភាព និងការស៊ើបអង្កេតឧប្បត្តិហេតុ។
- រក្សាបញ្ជីសារពើភណ្ឌម៉ាស៊ីនមេ MCP។ ត្រូវដឹង និងកត់ត្រាម៉ាស៊ីនមេ MCP ទាំងអស់ដែលកំពុងដំណើរការក្នុងអង្គភាព។ ម៉ាស៊ីនមេ MCP ដែលមិនបានគ្រប់គ្រង ឬត្រូវបានភ្លេច អាចនៅតែរក្សាទុកព័ត៌មានសម្គាល់ចូលប្រើដែលមានសុពលភាព ដោយមិនត្រូវបានរាប់បញ្ចូលក្នុងការត្រួតពិនិត្យសន្តិសុខ។
៥. ការពារម៉ាស៊ីនមេ MCP ដូចប្រព័ន្ធដំណើរការមែនទែនផ្សេងទៀត
ម៉ាស៊ីនមេ MCP អាចរក្សាទុកព័ត៌មានសម្គាល់ចូលប្រើដែលអនុញ្ញាតឱ្យចូលប្រើប្រព័ន្ធសំខាន់ៗរបស់អង្គភាព។ អង្គភាពគួរការពារម៉ាស៊ីនមេ MCP ដោយប្រើការគ្រប់គ្រងសន្តិសុខដូចគ្នានឹងប្រព័ន្ធដំណើរការមែនទែនផ្សេងទៀតដែលគ្រប់គ្រងព័ត៌មានសម្គាល់ចូលប្រើរសើប។
ការគ្រប់គ្រងព័ត៌មានអាថ៌កំបាំងនៅកន្លែងស្នូល ការកំណត់សិទ្ធិឱ្យនៅត្រឹមកម្រិតចាំបាច់ ការប្តូរព័ត៌មានសម្គាល់ចូលប្រើជាប្រចាំ ការកត់ត្រាសកម្មភាព និងការរក្សាបញ្ជីសារពើភណ្ឌម៉ាស៊ីនមេ MCP ឱ្យបានពេញលេញ អាចកាត់បន្ថយហានិភ័យនៃការលាតត្រដាងព័ត៌មានអាថ៌កំបាំងរបស់អង្គភាព។
៦. ឯកសារពាក់ព័ន្ធ
- https://thehackernews.com/2026/08/how-mcp-servers-can-expose-enterprise.html







