១. ព័ត៌មានទូទៅ
ការសិក្សាតាមប្រព័ន្ធអនឡាញ និងកិច្ចសហការតាមឌីជីថលបានផ្លាស់ប្តូរបទពិសោធន៍នៃការសិក្សារបស់សិស្សនិងនិស្សិតយ៉ាងខ្លាំង។ ថ្នាក់រៀននិម្មិត (Virtual Classrooms) ការប្រគល់កិច្ចការតាមប្រព័ន្ធក្លោដ (Cloud-based assignments) និងក្រុមសិក្សាពីចម្ងាយ បានធ្វើឱ្យការអប់រំកាន់តែមានភាពងាយស្រួល ប្រកបដោយបរិយាបន្នជាងពេលណាៗទាំងអស់។ ទោះជាយ៉ាងណាក៏ដោយភាពងាយស្រួលនេះដើរទន្ទឹមគ្នា នឹងការកើនឡើងនៃហានិភ័យសុវត្ថិភាពស៊ីប័រ (Cybersecurity risks)។ ខណៈដែលឧក្រិដ្ឋជនស៊ីប័របន្តអភិវឌ្ឍល្បិចកលថ្មីៗឥតឈប់ឈរសិស្សនិងនិស្សិតត្រូវតែចាត់វិធានការការពារទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យ សិក្សារបស់ខ្លួនឱ្យបានសកម្ម។ អ្វីមួយដែលអ្នកសិក្សាគ្រប់រូបគួរប៉ាន់ប្រមាណនិងយល់ដឹងអំពីសុវត្ថិភាព ឌីជីថលនោះគឺ៖សុវត្ថិភាពស៊ីប័រមិនមែនជាជម្រើសនោះទេ ប៉ុន្តែវាជាកាតព្វកិច្ចចាំបាច់បំផុត។
២. សារៈសំខាន់ដែលកំពុងកើនឡើងនៃសុវត្ថិភាពស៊ីប័រ
ការផ្លាស់ប្តូរទៅរកការសិក្សាតាមអនឡាញ បានពង្រីកដានជើងឌីជីថល (Digital footprint) របស់អ្នកសិក្សាគ្រប់កម្រិត។ ចាប់តាំងពីការចូលប្រើប្រាស់ថ្នាក់រៀននិម្មិត រហូតដល់ការប្រគល់កិច្ចការតាមរយៈក្លោដផតថល (Cloud portals) សិស្សនិងនិស្សិតបានប្រាស្រ័យទាក់ទងជាមួយអ៊ីនធឺណិតជារៀងរាល់ថ្ងៃ។ ការពឹងផ្អែកលើឧបករណ៍ឌីជីថលទាំងនេះ បានធ្វើឱ្យពួកគេក្លាយជាគោលដៅចម្បងនៃគំរាមកំហែងស៊ីប័រ ដូចជា៖ ការលួចអត្តសញ្ញាណ (Identity theft) ការវាយប្រហារបោកប្រាស់តាមអ៊ីមែល ឬសារអេឡិចត្រូនិច (Phishing attacks) និងការបែកធ្លាយទិន្នន័យ (Data breaches)។
ការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះបានបង្ហាញថា ការវាយប្រហារស៊ីប័រលើសិស្សនិងនិស្សិតមានការកើនឡើងយ៉ាងខ្លាំង។ ឧក្រិដ្ឋជនស៊ីប័របានកេងចំណេញពីលេខសំងាត់ដែលខ្សោយ បណ្តាញអ៊ីនធឺណិតដែលគ្មានសុវត្ថិភាព និងកង្វះការយល់ដឹងទូទៅអំពីសុវត្ថិភាពស៊ីប័រ ដើម្បីចូលប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានសិក្សាដោយគ្មានការអនុញ្ញាត។ នៅពេលដែលទិន្នន័យត្រូវបានបែកធ្លាយ អ្នកសិក្សាអាចប្រឈមមុខនឹងការឆបោកផ្នែកហិរញ្ញវត្ថុ ការលួចអត្តសញ្ញាណ និងការរំខានដល់ដំណើរការសិក្សា។ តាមរយៈការបង្កើតទម្លាប់សុវត្ថិភាពឌីជីថលឱ្យបានរឹងមាំ សិស្សនិងនិស្សិតអាចការពារព័ត៌មានរបស់ពួកគេ និងរក្សាបរិស្ថានសិក្សាដែលមានសុវត្ថិភាព។
៣. ការពង្រឹងវិធានការសុវត្ថិភាពស៊ីប័រសម្រាប់ការសិក្សាតាមអនឡាញ
ក្រៅពីទម្លាប់សុវត្ថិភាពមូលដ្ឋាន អ្នកសិក្សាអាចចាត់វិធានការបន្ថែមដើម្បីពង្រឹងសុវត្ថិភាពឌីជីថលរបស់ពួកគេ។ ការធ្វើបច្ចុប្បន្នភាពកម្មវិធី (Software) និងប្រព័ន្ធប្រតិបត្តិការ (Operating Systems) ឱ្យទាន់សម័យគឺជារឿងសំខាន់បំផុត ព្រោះការធ្វើបច្ចុប្បន្នភាពតែងតែមានកញ្ចប់ជួសជុលសុវត្ថិភាព (Security patches) ដែលការពារប្រឆាំងនឹងចំណុចខ្សោយទើបតែរកឃើញថ្មីៗ។ ការប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ (Antivirus) និងការបើកមុខងារការពារហ្វាយវ៉ល (Firewall) រឹតតែពង្រឹងការការពារប្រឆាំងនឹងការគំរាមកំហែងស៊ីប័រ។
ឧបករណ៍កូដនីយកម្ម (Encryption tools) ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារព័ត៌មានរសើបផងដែរ។ ការធ្វើកូដនីយកម្មទិន្នន័យដែលរក្សាទុកនៅលើឧបករណ៍ ធានាថាទោះបីជាកុំព្យូទ័រយួរដៃ ឬទូរស័ព្ទដៃត្រូវបានគេលួច ឬបាត់ក៏ដោយ ក៏ទិន្នន័យទាំងនោះនៅតែមិនអាចចូលប្រើប្រាស់បានឡើយ។ ដូចគ្នានេះដែរ សេវាកម្មរក្សាទុកទិន្នន័យលើក្លោដដែលមានជម្រើសកូដនីយកម្ម អាចការពារឯកសារសិក្សា និងឯកសារផ្ទាល់ខ្លួនបានយ៉ាងល្អ។
សម្រាប់អ្នកដែលស្វែងយល់កាន់តែស៊ីជម្រៅអំពីសុវត្ថិភាពអនឡាញ គ្រឹះស្ថានសិក្សាជាច្រើនបានផ្តល់នូវធនធានអប់រំស្តីពីសុវត្ថិភាពស៊ីប័រ។ ធនធានទាំងនេះផ្តល់នូវការណែនាំលម្អិតអំពីអនុវត្តល្អៗ ដែលជួយឱ្យសិស្សនិងនិស្សិតទទួលបានព័ត៌មានទាន់ហេតុការណ៍អំពីការគំរាមកំហែងសុវត្ថិភាពស៊ីប័រដែលកំពុងកើតមាន។
៤. ការបង្កើតទម្លាប់សុវត្ថិភាពឌីជីថលឱ្យបានរឹងមាំ
ជំហានដំបូងឆ្ពោះទៅរកសុវត្ថិភាពឌីជីថល គឺការអនុវត្តទម្លាប់សុវត្ថិភាពឱ្យបានរឹងមាំ។ ការប្រើប្រាស់ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវច្រើនកត្តា (Multi-Factor Authentication – MFA) គឺជាវិធីសាស្ត្រសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ក្នុងការបន្ថែមស្រទាប់ការពារបន្ថែមទៅលើគណនីអនឡាញ។ MFAតម្រូវឱ្យអ្នកប្រើប្រាស់ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់ពួកគេតាមរយៈជំហានច្រើនដំណាក់កាល ដូចជាការបញ្ចូលលេខសំងាត់ និងការបញ្ជាក់ការចូលតាមរយៈឧបករណ៍ចល័តដែលធ្វើឱ្យចោរព័ត៌មានវិទ្យា ឬហេកគ័រមានការលំបាកយ៉ាងខ្លាំងក្នុងការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត។
បន្ថែមពីនេះ សិស្សនិងនិស្សិតគួរយល់ដឹងអំពីរសារៈសំខាន់លើការគ្រប់គ្រងលេខសំងាត់។ ការប្រើប្រាស់លេខសំងាត់ស្មុគស្មាញ និងប្លែកៗគ្នាសម្រាប់គណនីផ្សេងៗគ្នា អាចរារាំងអ្នកវាយប្រហារមិនឱ្យចូលប្រើប្រាស់សេវាកម្មច្រើនក្នុងពេលតែមួយបានឡើយ ប្រសិនបើមានការបែកធ្លាយគណនីណាមួយ។ កម្មវិធីគ្រប់គ្រងលេខសំងាត់ (Password managers) អាចជួយបង្កើត និងរក្សាទុកលេខសំងាត់ខ្លាំងៗដោយសុវត្ថិភាព ដែលកាត់បន្ថយហានិភ័យនៃការវាយប្រហារពាក់ព័ន្ធនឹងលេខសំងាត់។
៥. ការសម្គាល់ការគំរាមកំហែងស៊ីប័រទូទៅ
ការយល់ដឹងអំពីការគំរាមកំហែងស៊ីប័រទូទៅ គឺជារឿងសំខាន់សម្រាប់ការរក្សាសុវត្ថិភាពឌីជីថល។ ជាឧទាហរណ៍ ការបោកប្រាស់តាមល្បិច ភីស៊ីង (Phishing scams) គឺជាការវាយប្រហារស៊ីប័រដ៏ពេញនិយមបំផុតមួយដែលសម្លឹងឆ្ពោះទៅរកសិស្សនិងនិស្សិត។ ឧក្រិដ្ឋជនស៊ីប័របញ្ជូនអ៊ីមែល ឬសារបោកប្រាស់ដោយបន្លំខ្លួនជាសាលារៀន ឬស្ថាប័នស្របច្បាប់ ដើម្បីបោកប្រាស់អ្នកសិក្សាឱ្យផ្តល់ព័ត៌មានរសើប។ សារទាំងនេះច្រើនតែបង្កើតឱ្យមានអារម្មណ៍ថាប្រញាប់ប្រញាល់ ដោយព្រមានអ្នកទទួលអំពីការផ្អាកគណនី ឬកិច្ចការដែលមិនទាន់បានប្រគល់។ ការសម្គាល់ការប៉ុនប៉ងបោកប្រាស់ (Phishing) និងការចៀសវាងចុចលើតំណភ្ជាប់ (Links) សង្ស័យ អាចការពារការចូលប្រើប្រាស់ទិន្នន័យដោយគ្មានការអនុញ្ញាត។
ការគំរាមកំហែងទូទៅមួយទៀត គឺបណ្តាញ Wi-Fi សាធារណៈដែលគ្មានសុវត្ថិភាព។ សិស្សនិងនិស្សិតញឹកញាប់តែងតែភ្ជាប់ទៅបណ្តាញចំហនៅក្នុងបណ្ណាល័យ ហាងកាហ្វេ និងទីសាធារណៈផ្សេងទៀត ដោយមិនដឹងថាបណ្តាញទាំងនេះងាយរងគ្រោះដោយសារការវាយប្រហារតាមស៊ីប័រនោះទេ។ ចោរព័ត៌មានវិទ្យា ឬហេកគ័រ អាចលួចស្កាត់ទិន្នន័យដែលផ្ញើតាមបណ្តាញគ្មានសុវត្ថិភាព ដែលធ្វើឱ្យព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានសិក្សារបស់អ្នកសិក្សាស្ថិតក្នុងហានិភ័យ។ ដើម្បីកាត់បន្ថយបញ្ហានេះ អ្នកសិក្សាគួរតែប្រើប្រាស់បណ្តាញឯកជននិម្មិត (Virtual Private Networks – VPNs) នៅពេលចូលប្រើ Wi-Fi សាធារណៈ ដើម្បីធានាថាសកម្មភាពអនឡាញរបស់ពួកគេត្រូវបានកូដនីយកម្ម និងមានសុវត្ថិភាព។
៦. បទនិន្នាការសុវត្ថិភាពស៊ីប័រនៅក្នុងវិស័យអប់រំ
បរិបទនៃសុវត្ថិភាពស៊ីប័រមានការវិវឌ្ឍជាបន្តបន្ទាប់ ដោយមានការគំរាមកំហែងថ្មីៗកើតឡើងនៅពេលបច្ចេកវិទ្យារីកចម្រើន។ និន្នាការធំមួយគឺការកើនឡើងនៃបញ្ញាសិប្បនិម្មិត (AI) នៅក្នុងឧក្រិដ្ឋកម្មស៊ីប័រ។ ចោរព័ត៌មានវិទ្យា ឬហេកគ័រ ប្រើប្រាស់ឧបករណ៍ដែលដើរដោយថាមពល AI ដើម្បីធ្វើការវាយប្រហារដោយស្វ័យប្រវត្តិ និងស្វែងរកចំណុចខ្សោយបានលឿនជាងវិធីសាស្ត្រប្រពៃណី។ ផ្ទុយទៅវិញ គ្រឹះស្ថានអប់រំកំពុងបញ្ចូលវិធានការសុវត្ថិភាពដែលដឹកនាំដោយ AI ដើម្បីស្វែងរក និងការពារការគំរាមកំហែងស៊ីប័រក្នុងពេលជាក់ស្តែង (Real-time)។
និន្នាការមួយទៀតដែលកំពុងលេចធ្លោ គឺតម្រូវការកើនឡើងនៃអ្នកជំនាញសុវត្ថិភាពស៊ីប័រ។ នៅពេលដែលការគំរាមកំហែងស៊ីប័រកាន់តែមានភាពស្មុគស្មាញ តម្រូវការអ្នកជំនាញដែលទទួលបានការបណ្តុះបណ្តាលដើម្បីការពារទិន្នន័យរសើបក៏បន្តកើនឡើងផងដែរ។ សាលារៀន និងសាកលវិទ្យាល័យនានា ឥឡូវនេះកំពុងផ្តល់ជូននូវកម្មវិធីសិក្សា និងវគ្គបណ្តុះបណ្តាលឯកទេសខាងសុវត្ថិភាពស៊ីប័រ ដែលបំពាក់បំប៉នសិស្សនិងនិស្សិតនូវជំនាញចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មស៊ីប័រ។ ការអប់រំដែលមានរចនាសម្ព័ន្ធច្បាស់លាស់ គាំទ្រដល់ការកសាងអាជីពនៅក្នុងវិស័យនេះ ដោយជួយអ្នកសិក្សាអភិវឌ្ឍជំនាញបច្ចេកទេស ការយល់ដឹងអំពីសីលធម៌ និងជំនាញដោះស្រាយបញ្ហាផ្អែកលើភស្តុតាងជាក់ស្តែង។
៧. ជំហានសកម្មភាពសម្រាប់សិស្សនិងនិស្សិត
ដើម្បីធានាបាននូវបទពិសោធន៍សិក្សាតាមអនឡាញប្រកបដោយសុវត្ថិភាព និងទទួលបានផ្លែផ្កា សិស្សនិងនិស្សិតគួរតែអនុវត្តនូវវិធីសាស្ត្រល្អៗផ្នែកសុវត្ថិភាពស៊ីប័រដូចខាងក្រោម៖
- បើកមុខងារផ្ទៀងផ្ទាត់ភាពត្រឹមត្រូវច្រើនកត្តា (MFA)៖ បន្ថែមស្រទាប់ការពារបន្ថែមដល់គណនី ដោយតម្រូវឱ្យមានទម្រង់នៃការផ្ទៀងផ្ទាត់ច្រើនបែប។
- ប្រើប្រាស់លេខសំងាត់ខ្លាំងៗ៖ បង្កើតលេខសំងាត់ស្មុគស្មាញ និងប្រើប្រាស់កម្មវិធីគ្រប់គ្រងលេខសំងាត់ ដើម្បីរក្សាទុកពួកវាដោយសុវត្ថិភាព។
- សម្គាល់ការប៉ុនប៉ងបោកប្រាស់ (Phishing)៖ ចៀសវាងការចុចលើតំណភ្ជាប់សង្ស័យ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃអ៊ីមែលមុនពេលចែករំលែកព័ត៌មានរសើប។
- ការពារការភ្ជាប់អ៊ីនធឺណិតរបស់អ្នក៖ ប្រើប្រាស់ VPN នៅពេលចូលប្រើ Wi-Fi សាធារណៈ និងចៀសវាងការចូលប្រើគណនីរសើបនៅលើបណ្តាញដែលគ្មានសុវត្ថិភាព។
- បន្តធ្វើបច្ចុប្បន្នភាពកម្មវិធី៖ ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ កម្មវិធី និងកម្មវិធីកម្ចាត់មេរោគជាទៀងទាត់ ដើម្បីការពារប្រឆាំងនឹងចំណុចខ្សោយផ្សេងៗ។
- ប្រើប្រាស់ការរក្សាទុកទិន្នន័យដែលបានកូដនីយកម្ម៖ ការពារទិន្នន័យសិក្សា និងទិន្នន័យផ្ទាល់ខ្លួនដោយប្រើប្រាស់ឧបករណ៍កូដនីយកម្មនៅលើឧបករណ៍ និងប្រព័ន្ធរក្សាទុកលើក្លោដ។
- បន្តតាមដានព័ត៌មាន៖ ពិនិត្យមើលការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពស៊ីប័រជាទៀងទាត់ និងប្រើប្រាស់ធនធានអប់រំស្តីពីសុវត្ថិភាពឌីជីថល។
៨. រក្សាសុវត្ថិភាពជានិច្ច
នៅក្នុងយុគសម័យដែលអន្តរកម្មឌីជីថលគឺជាផ្នែកមួយមិនអាចខ្វះបាននៃការសិក្សា ការយល់ដឹងអំពីសុវត្ថិភាពស៊ីប័រគឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ ការការពារទិន្នន័យផ្ទាល់ខ្លួន និងទិន្នន័យសិក្សា តម្រូវឱ្យមានវិធីសាស្ត្រសកម្មដោយទាញយកប្រយោជន៍ពីទម្លាប់សុវត្ថិភាពរឹងមាំ ការសម្គាល់ការគំរាមកំហែងស៊ីប័រ និងការប្រើប្រាស់វិធានការការពារកម្រិតខ្ពស់។ តាមរយៈការទទួលបានព័ត៌មានទាន់ហេតុការណ៍ និងការអនុវត្តវិធីសាស្ត្រល្អៗ សិស្សនិងនិស្សិតអាចបង្កើតបរិស្ថានសិក្សាតាមអនឡាញដែលមានសុវត្ថិភាពជាងមុន និងផ្តោតលើជោគជ័យនៃការសិក្សារបស់ពួកគេដោយមិនបារម្ភពីការវាយប្រហារតាមស៊ីប័រឡើយ។
មិនថាកំពុងចូលរួមការបង្រៀននិម្មិត កំពុងសហការលើគម្រោង ឬចូលប្រើប្រាស់ធនធានអប់រំនោះទេ ការផ្តល់អាទិភាពលើសុវត្ថិភាពឌីជីថល គឺជាទិដ្ឋភាពមួយដែលមិនអាចចរចាបាននៃការអប់រំសម័យទំនើប។ តាមរយៈការទទួលយកវិធានការសុវត្ថិភាពស៊ីប័រចាប់ពីថ្ងៃនេះតទៅ សិស្សនិងនិស្សិតអាចធ្វើដំណើរលើពិភពឌីជីថលដោយទំនុកចិត្ត និងសុវត្ថិភាព។
៩. ឯកសារពាក់ព័ន្ធ
- https://globalcybersecuritynetwork.com/blog/cybersecurity-tips-for-students-online-learning-safety/







