June 23, 2026

Language:

ស្វែងរកចំណុចខ្សោយរបស់កម្មវិធី (Software) មុនពេលក្លាយជាឧប្បត្តិហេតុសន្តិសុខបច្ចេកវិទ្យា

១. ព័ត៌មានទូទៅ

ប្រសិនបើអ្នកមិនដឹងអំពីចំណុចខ្សោយសន្តិសុខ (Security Vulnerabilities) របស់អ្នកទេ អ្នកនឹងមិនអាចការពារខ្លួនពីពួកវាបានឡើយ ប៉ុន្តែសូមប្រាកដចិត្តចុះថា ពួកវាយប្រហារ (Attackers) នឹងស្វែងរកពួកវាឃើញយ៉ាងលឿនបំផុត។ ទោះបីជាចំណុចខ្សោយប្រភេទ Zero-day មើលទៅហាក់ដូចជាគួរឱ្យខ្លាចបំផុតក៏ដោយ (ហើយវាក៏ជាការគំរាមកំហែងដ៏ធំធេងពិតប្រាកដមែន) ការជ្រៀតចូលភាគច្រើនគឺកើតឡើងដោយសារអ្នកវាយប្រហារទាញយកផលប្រយោជន៍ពីចំណុចខ្សោយដែលគេស្គាល់រួចជាស្រេច នៅក្នុងកម្មវិធីដែលមិនទាន់បានបច្ចុប្បន្នភាព (Unpatched Software)។

ដើម្បីឱ្យអាជីវកម្មទទួលបានសុវត្ថិភាពត្រឹមត្រូវ ពួកគេត្រូវតែធានាថាឧបករណ៍ Endpoints និងកម្មវិធីទាំងអស់ត្រូវបានបំណះការពារ (Patched) និងមានសុវត្ថិភាព។ ហេតុដូច្នេះ វាដល់ពេលហើយដែលត្រូវស្វែងយល់ពីរបៀបដែលក្រុមការងារ IT អាចស្វែងរក និងដោះស្រាយចំណុចខ្សោយរបស់កម្មវិធី មុនពេលពួកវាត្រូវបានគេកេងប្រវ័ញ្ច ដើម្បីកាត់បន្ថយលទ្ធភាពនៃការកើតមានបញ្ហាសន្តិសុខបច្ចេកវិទ្យា។

. ហេតុអ្វីបានជាកម្មវិធីដែលមានចំណុចខ្សោយអាចរួចផុតពីការពិនិត្យ?

ទោះបីជាក្រុមហ៊ុននានាជាទូទៅមានក្រុមការងារ IT និងក្រុមសន្តិសុខដែលផ្តោតលើការធានាឱ្យសន្តិសុខរបស់ពួកគេមានភាពទាន់សម័យ និងរក្សាការអនុលោមតាមបទប្បញ្ញត្តិ IT (IT Compliance) ក៏ដោយ ក៏ចំណុចខ្សោយរបស់កម្មវិធីនៅតែអាចរបូតរួចផុតពីការពិនិត្យបានដែរ។ កត្តាជាច្រើនអាចរួមចំណែកដល់ការមើលរំលងទាំងនេះ រាប់ចាប់ពីកំហុសឆ្គងរបស់មនុស្ស ដែនកំណត់ខាងបច្ចេកវិទ្យា រហូតដល់គោលនយោបាយដែលមិនល្អឥតខ្ចោះ ដូច្នេះហើយចំណុចខ្សោយអាចនឹងមិនត្រូវបានចាប់អារម្មណ៍ និងមិនបានបំណះការពារដោយសារមូលហេតុផ្សេងៗគ្នា។

ឧទាហរណ៍ ការធ្វើបញ្ជីសារពើភ័ណ្ឌកម្មវិធីមិនពេញលេញ ឬឧបករណ៍ Shadow IT (ឧបករណ៍ដែលប្រើប្រាស់ដោយគ្មានការអនុញ្ញាតពីផ្នែក IT) គឺជាមូលហេតុទូទៅដែលធ្វើឱ្យមើលមិនឃើញចំណុចខ្សោយ។ ប្រសិនបើក្រុម IT មិនដឹងអំពីឧបករណ៍ ឬកម្មវិធីណាមួយទេ ពួកគេមិនអាចធ្វើបច្ចុប្បន្នភាពបំណះការពារវាបានឡើយ។ ការរក្សាបញ្ជីសារពើភ័ណ្ឌឱ្យបានពេញលេញ និងទាន់សម័យ ព្រមទាំងការធានាថានិយោជិតមិនប្រើប្រាស់ឧបករណ៍ផ្ទាល់ខ្លួន ឬកម្មវិធីដែលមិនមានការអនុម័តពីក្រោយខ្នងក្រុម IT អាចជួយបង្ការការមើលរំលងទាំងនេះបាន។

ដូចគ្នានេះផងដែរ ក្រុម IT ត្រូវការលទ្ធភាពមើលឃើញ (Visibility) ទៅក្នុងកម្មវិធីរបស់តីថីភាគី (Third-party Applications) ដើម្បីធានាថាពួកវាត្រូវបានបំណះការពារ និងធ្វើបច្ចុប្បន្នភាពបានត្រឹមត្រូវ។ ដំណោះស្រាយបំណះការពារជាច្រើនផ្តោតតែលើឧបករណ៍endpoint ប៉ុន្តែមិនផ្តោតលើកម្មវិធីឡើយ ដែលធ្វើឱ្យកម្មវិធីទាំងនោះក្លាយជាគោលដៅចម្បងសម្រាប់ពួកវាយប្រហារ។

ផ្នែកខាងបច្ចេកវិទ្យាវិញ វដ្តនៃការដាក់បំណះការពារដែលមានភាពយឺតយ៉ាវ (Delayed Patch Cycles) អាចមានគ្រោះថ្នាក់ខ្លាំងណាស់។ កាលណាវាចំណាយពេលកាន់តែយូរក្នុងការបំណះការពារចំណុចខ្សោយ ពួកវាយប្រហារក៏កាន់តែមានពេលច្រើនក្នុងការកេងប្រវ័ញ្ចវាដែរ ដូច្នេះការពឹងផ្អែកលើវដ្តនៃការដាក់បំណះដោយគ្មានការធ្វើបច្ចុប្បន្នភាពតាមពេលវេលាជាក់ស្តែង (Real-time) នឹងបង្កើតជាហានិភ័យសន្តិសុខ។ ស្រដៀងគ្នានេះដែរ ប្រសិនបើក្រុមហ៊ុន  ប្រើប្រាស់ឧបករណ៍ដាច់ៗពីគ្នាដែលមិនចែករំលែកទិន្នន័យហានិភ័យទៅវិញទៅមក វាពិតជាពិបាកក្នុងការរក្សាឧបករណ៍endpoint នីមួយៗឱ្យមានសុវត្ថិភាពពេញលេញ និងទាន់សម័យណាស់។

. ហេតុអ្វីបានជាវិធីសាស្ត្រស្វែងរកបែបប្រពៃណីមិនទាន់គ្រប់គ្រាន់?

ទោះបីជាឧបករណ៍ស្វែងរកចំណុចខ្សោយបែបប្រពៃណីមានប្រសិទ្ធភាពកាលពីសម័យមុនក៏ដោយ ប៉ុន្តែបរិបទនៃការគំរាមកំហែងសម័យទំនើបបានវិវត្តទៅដល់ចំណុចមួយដែលពួកវាមិនអាចឆ្លើយតបបានគ្រប់គ្រាន់ទៀតឡើយ។

ឧទាហរណ៍ វិធីសាស្ត្របែបប្រពៃណីជារឿយៗរួមបញ្ចូលការស្កេនតាមកាលកំណត់ (Periodic Scans)។ ទោះបីជាការស្កេនទាំងនេះអាចរកឃើញចំណុចខ្សោយ និងការជ្រៀតចូលក៏ដោយ ក៏វាបង្ហាញតែទិន្នន័យនៅខណៈពេលជាក់លាក់មួយប៉ុណ្ណោះ (Point-in-time Data) ខណៈពេលដែលការស្វែងរកតាមពេលវេលាជាក់ស្តែង (Real-time Detection) គឺចាំបាច់ណាស់ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងបានរហ័ស។ ដូចគ្នានេះដែរ ការតាមដានដោយដៃតាមរយៈផ្ទាំង Spreadsheet និងការជូនដំណឹងផ្សេងៗ មិនត្រឹមតែយឺតយ៉ាវពេកនោះទេ ប៉ុន្តែថែមទាំងងាយនឹងមានកំហុសឆ្គងដោយសារមនុស្សទៀតផង។ គោលដៅគឺត្រូវកាត់បន្ថយពេលវេលារវាងការឆ្លងមេរោគ ការស្វែងរកឃើញ និងការដោះស្រាយ ដែលឧបករណ៍បែបប្រពៃណីមិនអាចធ្វើបានឡើយ។

ឧបករណ៍ចាស់ៗជាច្រើនក៏ខ្វះជម្រៅ និងការយល់ដឹងស៊ីជម្រៅ (Insights) ដែលអាជីវកម្មត្រូវការផងដែរ។ ឧបករណ៍ស្វែងរកបែបប្រពៃណីមួយចំនួនផ្តោតតែលើចំណុចខ្សោយរបស់ប្រព័ន្ធប្រតិបត្តិការ (Operating System) ដោយមើលរំលងទាំងស្រុងនូវកម្មវិធីដែលអាចប្រឈមនឹងហានិភ័យ។ ឧបករណ៍ទាំងនេះក៏អាចមានលទ្ធភាពមានកម្រិតក្នុងការដឹងថាឧបករណ៍ណាខ្លះដែលកំពុងរងការគំរាមកំហែងពិតប្រាកដ ដែលធ្វើឱ្យការដោះស្រាយមានភាពលំបាក។

. ទម្រង់នៃការស្វែងរកចំណុចខ្សោយបែបបុរេសកម្ម (Proactive)

ចូរប្រៀបធៀបការស្វែងរកចំណុចខ្សោយបែបប្រពៃណី ទៅនឹងឧបករណ៍ស្វែងរកបែបបុរេសកម្មសម័យទំនើប។ ខណៈពេលដែលវិធីសាស្ត្រចាស់ៗងាយនឹងមានកំហុសឆ្គងដោយសារមនុស្ស ការដោះស្រាយមានភាពយឺតយ៉ាវ និងមើលរំលងកម្មវិធីមួយចំនួន កម្មវិធីស្វែងរកចំណុចខ្សោយនាពេលបច្ចុប្បន្នអាចកំណត់អត្តសញ្ញាណ និងដោះស្រាយហានិភ័យបានយ៉ាងរហ័ស និងមានប្រសិទ្ធភាព ព្រមទាំងរក្សាបាននូវសន្តិសុខខ្ពស់។

ការស្វែងរកចំណុចខ្សោយបែបបុរេសកម្ម រួមមាន៖

  • ការធ្វើបញ្ជីសារពើភ័ណ្ឌកម្មវិធីជាបន្តបន្ទាប់ (Continuous Software Inventory): នៅទូទាំងឧបករណ៍endpoint ទាំងអស់ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពតាមពេលវេលាជាក់ស្តែង ដើម្បីធានាថាមិនមានឧបករណ៍ ឬកម្មវិធីណាមួយត្រូវបានមើលរំលង។
  • លទ្ធភាពមើលឃើញតាមពេលវេលាជាក់ស្តែង (Real-time Visibility): ទៅលើកំណែទម្រង់កម្មវិធី (Software Versions) និងស្ថានភាពបំណះការពារ ដើម្បីឱ្យក្រុម IT អាចផ្ទៀងផ្ទាត់ស្ថានភាពបំណះ និងសន្តិសុខរបស់ពួកគេបាន។
  • ការផ្គូផ្គង CVE (CVE Mapping): ទៅនឹងចំណុចខ្សោយដែលគេស្គាល់ និងកម្រិតភាពធ្ងន់ធ្ងរ ដើម្បីកំណត់អត្តសញ្ញាណការគំរាមកំហែងធ្ងន់ធ្ងរ នាំឱ្យអាចដោះស្រាយបានលឿន រួមទាំងការផ្តល់អាទិភាពផ្អែកលើហានិភ័យនៃការកេងប្រវ័ញ្ចក្នុងពិភពពិត។
  • ការដោះស្រាយយ៉ាងរហ័ស (Quick Remediation): បន្ទាប់ពីការស្វែងរកឃើញ តាមរយៈមុខងារសកម្មភាពវៃឆ្លាត (Smart Actions) និងការយល់ដឹងស៊ីជម្រៅដែលគាំទ្រដោយទិន្នន័យ CVE។

. ការវាស់វែងឥទ្ធិពលនៃការស្វែងរកឃើញតាំងពីដំបូង

ខណៈពេលដែលការគំរាមកំហែងពីការមិនបានស្វែងរកឃើញចំណុចខ្សោយមានភាពច្បាស់លាស់ យើងក៏អាចមើលទៅលើអត្ថប្រយោជន៍នៃការស្វែងរកឃើញតាំងពីដំបូងផងដែរ។ ទោះបីជាការរក្សាសន្តិសុខសាយប័រ និងការអនុលោមតាមបទប្បញ្ញត្តិ IT មានសារៈសំខាន់ដោយខ្លួនឯងក៏ដោយ ប៉ុន្តែអត្ថប្រយោជន៍បន្ទាប់បន្សំក៏មិនគួរត្រូវបានមើលរំលងដែរ។

ជាដំបូង ការស្វែងរកឃើញតាំងពីដំបូងនាំទៅរកការកាត់បន្ថយការប្រឈមនឹងចំណុចខ្សោយដែលមានហានិភ័យខ្ពស់ ព្រោះវាផ្តល់អំណាចឱ្យក្រុម IT អាចដោះស្រាយពួកវាបានមុនពេលពួកវាត្រូវបានកេងប្រវ័ញ្ច។ វាក៏រួមចំណែកដល់ការកាត់បន្ថយពេលវេលាជាមធ្យមក្នុងការដោះស្រាយ (Mean Time to Remediation) ផងដែរ ព្រោះចំណុចខ្សោយ និងការប្រឈមនឹងហានិភ័យអាចត្រូវបានកំណត់អត្តសញ្ញាណ និងកែសម្រួលបានលឿនជាងវិធីផ្សេងៗទៀត។

អត្ថប្រយោជន៍ទាំងនេះ នាំទៅរកការកាត់បន្ថយព្រឹត្តិការណ៍ដែលត្រូវដាក់បំណះការពារជាបន្ទាន់ (Emergency Patching Events)។ ព្រោះថា វាមិនមានតម្រូវការសម្រាប់ការដាក់បំណះបន្ទាន់នោះទេ ប្រសិនបើចំណុចខ្សោយត្រូវបានដោះស្រាយមុនពេលវាក្លាយជាអាសន្ន។ ដូចគ្នានេះដែរ ពួកវាកាត់បន្ថយលទ្ធភាពនៃការកើនឡើងនៃកម្រិតឆ្លើយតបនឹងបញ្ហា (Incident Response Escalation) ដោយសារតែបញ្ហាត្រូវបានកាត់ផ្តាច់តាំងពីប្រភពដើម។

៦. ឯកសារពាក់ព័ន្ធ

  • https://www.splashtop.com/blog/how-to-detect-vulnerable-software
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.