១- ព័ត៌មានទូទៅ
បច្ចេកវិទ្យារបស់ពិភពលោកយើងកំពុងកាន់តែឆ្លាតវៃទៅជារៀងរាល់ថ្ងៃ។ តាមរយៈឧបករណ៍ឆ្លាតវៃជាច្រើនដូចជាកាមេរ៉ាសុវត្ថិភាព ឧបករណ៍បញ្ចេញសំឡេង ឧបករណ៍ពាក់លើខ្លួន ម៉ាស៊ីនត្រជាក់ ទូទឹកកក និងឧបករណ៍ឆ្លាតវៃផ្សេងៗទៀត បច្ចេកវិទ្យាអ៊ីនធឺណិតនៃវត្ថុ (Internet of Things, IoT) បានធ្វើឱ្យជីវិតមានការតភ្ជាប់ និងងាយស្រួលជាងមុន។ ប៉ុន្តែ ចំណុចខ្សោយសាយប័រមាននៅក្នុងឧបករណ៍ទាំងនេះអាចអនុញ្ញាតឱ្យអ្នកវាយប្រហារចូលប្រើទិន្នន័យឯកជន លួចឃ្លាំមើលតាមរយៈកាមេរ៉ាដែលបានភ្ជាប់ ឬប្រើឧបករណ៍ក្នុងផ្ទះជាផ្នែកមួយនៃបណ្តាញវាយប្រហារសាយប័រ។
២- ហានិភ័យនៃឧបករណ៍ IoT ប្រចាំថ្ងៃ
ហានិភ័យសុវត្ថិភាព IoT មិនមែនគ្រាន់តែផ្ដោតលើការហេគចូលគ្រប់គ្រងប៉ុណ្ណោះទេ ប៉ុន្តែក៏ពាក់ព័ន្ធនឹងឯកជនភាព ទំនុកចិត្ត និងការគ្រប់គ្រងទិន្នន័យរបស់អ្នកផងដែរ។ ហានិភ័យទាំងនេះមិនមែនផ្ដើមចេញគ្រាន់តែពីឧបករណ៍នោះទេ តែវាក៏ចេញមកពីការដែលយើងតភ្ជាប់ កំណត់រចនាសម្ព័ន្ធ និងភ្លេចថែទាំវាផងដែរ។
នេះជាហានិភ័យទូទៅមួយចំនួន៖
- ការប្រើប្រាស់ពាក្យសម្ងាត់ដើម ឬខ្សោយ៖ ឧបករណ៍ IoT ជាច្រើនមានពាក្យសម្ងាត់ចេញពីរោងចក្រដូចជា admin123 ជាដើម។ អ្នកវាយប្រហារអាចស្វែងរកពាក្យសម្ងាត់ទាំងនេះបានយ៉ាងងាយស្រួលតាមអ៊ីនធឺណិត និងប្រើវាដើម្បីទទួលបានការគ្រប់គ្រងពេញលេញលើឧបករណ៍
- កម្មវិធីមិនបច្ចុប្បន្នភាព៖ អ្នកប្រើប្រាស់អាចមិនធ្វើបច្ចុប្បន្នភាពឧបករណ៍ ឬក្រុមហ៊ុនផលិតអាចឈប់ធ្វើបច្ចុប្បន្នភាពសម្រាប់ឧបករណ៍ចាស់ៗ ដែលអាចបន្សល់ទុកឱ្យមានចំណុចខ្សោយក្នុងឧបករណ៍
- ទិន្នន័យដែលត្រូវបានផ្ទុក ឬបញ្ចូនខ្វះកូដនីយកម្ម (encryption)៖ ឧបករណ៍ IoT ខ្លះផ្ញើទិន្នន័យក្នុងទម្រង់អក្សរធម្មតា ដែលអាចធ្វើឱ្យទិន្នន័យផ្ទាល់ខ្លួន ឬសម្ងាត់របស់អ្នកអាចត្រូវបានគេលួចចម្លងយកក្នុងកំឡុងពេលវាត្រូវបានបញ្ចូនទៅវិញទៅមក
- ការបែងចែកបណ្តាញមិនល្អ៖ ប្រសិនបើឧបករណ៍ឆ្លាតវៃរបស់អ្នកប្រើប្រាស់បណ្ដាញ Wi-Fi ដូចគ្នានឹងកុំព្យូទ័រធ្វើការ ឬទូរសព្ទរបស់អ្នក ឧបករណ៍តែមួយដែលមានឆ្លងមេរោគ អាចផ្ដល់ឱកាសឱ្យអ្នកវាយប្រហារចម្លងមេរោគចូលឧបករណ៍ដទៃក្នុងបណ្ដាញ Wi-Fi តែមួយនោះបាន
- កង្វល់អំពីឯកជនភាពនៃទិន្នន័យ៖ ឧបករណ៍ និងកម្មវិធីជាច្រើនប្រមូលទិន្នន័យដូចជាទីតាំង បទបញ្ជាសំលេង ឬទម្លាប់ប្រើប្រាស់ដោយគ្មានការយល់ព្រមច្បាស់លាស់ពីអ្នកប្រើ
- កង្វះសុវត្ថិភាពក្នុងការចូលប្រើពីចម្ងាយ៖ មុខងារដែលអនុញ្ញាតឱ្យគ្រប់គ្រងឧបករណ៍ពីក្រៅផ្ទះរបស់អ្នកក៏អាចត្រូវបានប្រើប្រាស់ដោយហេកគ័រផងដែរប្រសិនបើមិនមានយន្តការរក្សាសុវត្ថិភាពត្រឹមត្រូវ។
៣- ទម្លាប់អនុវត្តន៍ល្អៗសម្រាប់ធ្វើឱ្យឧបករណ៍ IoT មានសុវត្ថិភាព
ជាមួយនឹងទម្លាប់សាមញ្ញមួយចំនួន អ្នកអាចទទួលបានអត្ថប្រយោជន៍នៃបច្ចេកវិទ្យាឆ្លាតវៃ ដោយមិនប្រឈមនឹងហានិភ័យខ្ពស់៖
- ១. ផ្លាស់ប្តូរពាក្យសម្ងាត់លំនាំដើមភ្លាមៗ៖ ដាក់ពាក្យសម្ងាត់ខ្លាំងៗនិងពិសេសសម្រាប់ឧបករណ៍នីមួយៗ។ ជៀសវាងប្រើប្រាស់ពាក្យសម្ងាត់សាមញ្ញដូចជាថ្ងៃកំណើត ឬឈ្មោះ។ ប្រើកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ដើម្បីតាមដាន និងបង្កើតព័ត៌មានសម្គាល់ខ្លួនដែលមានសុវត្ថិភាព
- ២. រក្សាឧបករណ៍ឱ្យមានបច្ចុប្បន្នភាព៖ ពិនិត្យបច្ចុប្បន្នភាពរបស់ឧបករណ៍និងកម្មវិធីជាទៀងទាត់។ ការធ្វើបច្ចុប្បន្នភាពនឹងជួសជុលចំណុចខ្សោយដែលគេស្គាល់។ បើកការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ ប្រសិនបើមាន
- ៣. បើកការអ៊ិនគ្រីប៖ គួរប្រើស្តង់ដារសុវត្ថិភាព WPA3 សម្រាប់បណ្ដាញ Wi-Fi និងជ្រើសរើសឧបករណ៍ដែលមានមុខងារធ្វើកូដនីយកម្មលើទិន្នន័យកំពុងបញ្ជូន (HTTPS, TLS)។ ទិន្នន័យឆ្លងកាត់កូដនីយកម្មមិនអាចត្រូវបានអានបានដោយអ្នកវាយប្រហារឡើយ។
- ៤. ប្រើបណ្តាញដាច់ដោយឡែកសម្រាប់ឧបករណ៍ IoT៖ បង្កើត Wi-Fi ភ្ញៀវ ឬ virtual local area network (VLAN) ដាច់ដោយឡែកសម្រាប់ឧបករណ៍ IoT ដើម្បីញែកឧបករណ៍ឆ្លាតវៃចេញពីកុំព្យូទ័រផ្ទាល់ខ្លួន សម្រាប់ការពារការរាលដាលមេរោគដល់ឧបករណ៍ផ្សេងៗ ប្រសិនបើឧបករណ៍មួយត្រូវបានហេគ
- ៥. គ្រប់គ្រងការប្រមូលទិន្នន័យ និងសិទ្ធិប្រើនៃកម្មវិធី៖ ពិនិត្យការកំណត់ឯកជនភាពទាំងក្នុងឧបករណ៍ និងកម្មវិធី។ បិទសិទ្ធិប្រើប្រាស់ដែលមិនចាំបាច់ (ឧទាហរណ៍ ការចូលប្រើទីតាំងសម្រាប់កម្មវិធីគ្រប់គ្រងអំពូលភ្លើង)
- ៦. គ្រប់គ្រងការចូលប្រើពីចម្ងាយដោយប្រុងប្រយ័ត្ន៖ បិទមុខងារការគ្រប់គ្រងពីចម្ងាយ លើកលែងតែអ្នកត្រូវការចាំបាច់។ ប្រសិនបើត្រូវការបើក សូមប្រើការផ្ទៀងផ្ទាត់ពហុកត្តា (multifactor authentication, MFA) បើមាន ឬ virtual private network (VPN) សម្រាប់ការចូលប្រើដែលមានសុវត្ថិភាព
- ៧. ត្រួតពិនិត្យសកម្មភាពឧបករណ៍៖ ឧបករណ៍ខ្លះមានកំណត់ត្រា ឬផ្ទាំងគ្រប់គ្រងដែលបង្ហាញពីសកម្មភាពថ្មីៗ។ ពិនិត្យមើលការភ្ជាប់ ឬការបញ្ជូនទិន្នន័យដែលមានភាពមិនប្រក្រតី
- ៨. ជាវឧបករណ៍ពីក្រុមហ៊ុនផ្គត់ផ្គង់ដែលមានកេរ្តិ៍ឈ្មោះល្អ៖ ជ្រើសរើសម៉ាកដែលមានសាវតាផ្តល់បច្ចុប្បន្នភាពសុវត្ថិភាពជាប្រចាំដល់ឧបករណ៍។ ជៀសវាងការប្រើម៉ាកឧបករណ៍ដែលមានប្រភពឬការថែទាំមិនច្បាស់លាស់។
- ៩. បញ្ចេញចោលឧបករណ៍ចាស់ៗដោយសុវត្ថិភាព៖ មុនពេលលក់ ឬបោះចោលឧបករណ៍ឆ្លាតវៃ សូមធ្វើការកំណត់លំនាំដើមឡើងវិញ (factory reset) ដើម្បីលុបសម្អាតព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកចោល
- ១០. តាមដានព័ត៌មានថ្មី៖ តាមដានការណែនាំផ្លូវការពីភ្នាក់ងារសន្តិសុខសាយប័រ។ តាមដានព័ត៌មានពីអ្នកផ្គត់ផ្គង់ និងព័ត៌មានបច្ចេកវិទ្យាសម្រាប់ការផ្សព្វផ្សាយព័ត៌មានអំពីចំណុចខ្សោយ និងការធ្វើបច្ចុប្បន្នភាព។
៤- មូលហេតុសុវត្ថិភាព IoT មានសារៈសំខាន់
សង្គមឌីជីថលដែលមានសុវត្ថិភាពផ្តើមចេញពីប្រជាពលរដ្ឋឌីជីថលដែលមានចំណេះដឹង។ នៅពេលដែលសង្គមយើងកំពុងវិវត្តទៅទីក្រុងឆ្លាត ការទូទាត់ឌីជីថល និងរដ្ឋាភិបាលឌីជីថល ផ្ទៃវាយប្រហារសាយប័រកាន់តែរីកធំឡើងៗ។ ការការពារបណ្តាញក្នុងផ្ទះតែមួយអាចកាត់បន្ថយហានិភ័យនៃការរីករាលដាលនៃបណ្តាញមេរោគ ការចម្លងមេរោគជំរិតទិន្នន័យ និងការបែកធ្លាយទិន្នន័យ។
៥- ឯកសារពាក់ព័ន្ធ
- https://privsec.harvard.edu/best-practices-iot-devices
- https://www.enisa.europa.eu/topics/iot-and-smart-infrastructures
- https://www.kaspersky.com/resource-center/definitions/what-is-iot-security
- https://www.wired.com/story/iot-home-security/
- https://www.consumerreports.org/electronics-computers/privacy/buying-guide/connected-devices/




