October 13, 2025

Language:

កិច្ចប្រជុំគោលនយោបាយសន្តិសុខសាយប័រ អាស៊ាន-ជប៉ុន លើកទី១៨

ទីក្រុងតូក្យូ៖ នៅថ្ងៃទី៧-១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានដឹកនាំសហការីទៅចូលរួមកិច្ចប្រជុំគោលនយោបាយសន្តិសុខសាយប័រ អាស៊ាន-ជប៉ុន លើកទី១៨ និងលំហាត់សន្តិសុខសាយប័រ (Tabletop Exercise) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលរៀបចំឡើងដោយការិយាល័យសន្តិសុខសាយប័រជាតិជប៉ុន ដោយមានការចូលរួមពីតំណាងប្រទេសជាសមាជិកអាស៊ានទាំង ១០ តំណាងលេខាធិការដ្ឋានអាស៊ាន និងតំណាងភាគីជប៉ុន មកពីការិយាល័យសន្តិសុខសាយប័រជាតិជប៉ុន។

សមាជិកនៃអង្គប្រជុំទាំងអស់បានធ្វើការផ្លាស់ប្តូរមតិយោបល់អំពីគោលនយោបាយសន្តិសុខសាយប័ររបស់ប្រទេសនីមួយៗ ក្នុងរយៈពេលមួយឆ្នាំកន្លងមក និងបានចែករំលែកអំពីស្ថានភាពនៃការគំរាមកំហែងសន្តិសុខសាយប័រនាពេលបច្ចុប្បន្នដែលកំពុងតែមានកើនឡើង និងស្មុគស្មាញស្របពេលនឹងការកើនឡើងនៃការប្រើប្រាស់បចេ្ចកវិទ្យាបញ្ញាសប្បនិម្មិត។

ប្រទេសសមាជិកអាស៊ាន និងជប៉ុនបានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនទៅលើសកម្មភាពជាច្រើន មានដូចជាការបញ្ជ្រាបការយល់ ការអនុវត្តលំហាត់ការពារហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ការកសាងសមត្ថភាព ការសហការរវាងវិស័យសាធារណៈ ឯកជននិងអប់រំ ក៏ដូចជាការចែករំលែកព័ត៌មាន និងការជូនដំណឹងគ្នាទៅវិញទៅមកតាមការស្ម័គ្រចិត្តផងដែរ។

ស្របពេលនឹងកិច្ចប្រជុំនេះផងដែរ លំហាត់សន្តិសុខសាយប័រ (Tabletop Exercise) កម្រិតថ្នាក់ដឹកនាំ និងអ្នកបច្ចេកទេសបញ្ចូលគ្នាត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីហានិភ័យ ការគំរាមកំហែងសន្តិសុខសាយប័រ និងវិធានការការពារផ្សេងៗ។ លំហាត់សន្តិសុខសាយប័រនេះបានពិភាក្សាស៊ីជម្រៅទៅលើហានិភ័យ និងវិធានក្នុងការពារពីការវាយប្រហារប្រភេទមេរោគចាប់ជំរិត (Ransomware), ការវាយប្រហារទៅលើឧបករណ៍អុីនធឺណិតនៃវត្ថុ (Internet of Things) ការបោកប្រាស់ដោយប្រើបញ្ញាសប្បនិម្មិត (deepfake scam) និងបញ្ហាប្រឈមថ្មីៗពីបច្ចេកវិទ្យាឈានមុខផ្សេងៗ ដែលបានកើតឡើងក្នុងប្រទេសក្នុងតំបន់។ ប្រទេសនីមួយៗបានចែករំលែកអំពីវិធានការពារសំខាន់ៗ បទពិសោធន៍ល្អៗ និងសារៈសំខាន់នៃកិច្ចសហការរវាងរដ្ឋាភិបាលនិងក្រុមហ៊ុនធុរកិច្ច ក្នុងការពង្រឹងនិងទប់ស្កាត់ហានិភ័យសន្តិសុខសាយប័រ ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។

ថ្នាក់ដឹកនាំមកពីបណ្តាមកពីប្រទេសក្នុងតំបន់ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា និងកិច្ចសហការតំបន់បន្ថែមទៀត ដើម្បីធ្វើឱ្យប្រសើរឡើងក្នុងការពង្រឹងភាពធន់សន្តិសុខសាយប័រកាន់តែប្រសើរនៅថ្ងៃអនាគត។

ឯកសារយោង៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.