October 13, 2025

Language:

វិធីសាស្ត្រមួយចំនួនសម្រាប់សម្គាល់ព័ត៌មានមិនពិត

១. ព័ត៌មានទូទៅ

ព័ត៌មានក្លែងក្លាយ (fake news) ជាទូទៅសំដៅលើព័ត៌មានដែលត្រូវបានបង្កើតឡើងក្នុងចេតនាបញ្ឆោតអ្នកអាន។ ព័ត៌មានទាំងនេះច្រើនតែមើលទៅដូចជាអត្ថបទព័ត៌មានពិត ប៉ុន្តែវាត្រូវបានប្រឌិតឡើងទាំងស្រុង ឬជាកំណែប្រែខុសឆ្គងនៃព្រឹត្តិការណ៍ដែលបានកើតឡើងពិតក្នុងគោលបំណងបញ្ឆោត។

ព័ត៌មានក្លែងក្លាយ គឺជាប្រភេទមួយនៃព័ត៌មានបំភាន់ (disinformation)។ ព័ត៌មានបំភាន់ជារាល់ព័ត៌មានមិនពិតដែលត្រូវបានបង្កើតឡើងដើម្បីបញ្ឆោតគេ។ ព័ត៌មានបំភាន់មិនត្រឹមតែរួមបញ្ចូលព័ត៌មានក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរួមបញ្ចូលផងដែរនូវអំណះអំណាងនានាដែលត្រូវបានចេញផ្សាយ ដូចជាការឃោសនាឱ្យជឿលើមនោគមន៍នានា ឬការផ្សព្វផ្សាយដោយគណនីប្រព័ន្ធបណ្ដាញសង្គម ឬម្ចាស់ផលិតផលដើម្បីលក់ផលិតផល ឬសេវាកម្ម។

ចំណែក ព័ត៌មានមិនពិត (misinformation) វិញ គឺជារាល់ព័ត៌មានមិនពិតប្រាកដ ឬមិនត្រឹមត្រូវដែលត្រូវបានចែករំលែកដោយចេតនានិងអចេតនា។ មនុស្សភាគច្រើនចែករំលែកព័ត៌មានមិនពិត ដោយសារគេជឿជាក់ថា ព័ត៌មាននោះពិតមែន ហើយមិនបានដឹងខ្លួនថា គេកំពុងចែករំលែកអ្វីដែលមិនត្រឹមត្រូវ។

. ឥទ្ធិពលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងការបង្កើតព័ត៌មានមិនពិត

បញ្ញាសិប្បនិម្មិត (artificial intelligence) ទំនើបអាចបង្កើតរូបភាព វីដេអូ (deepfakes) សំឡេង និងសរសេរអត្ថបទដែលមើលទៅហាក់ដូចជាព័ត៌មានពិតប្រាកដ។ គណនីបញ្ញាសិប្បនិម្មិតអាចចែករំលែកព័ត៌មានមិនពិតដដែលៗជាច្រើននៅលើប្រព័ន្ធបណ្ដាញសង្គម ធ្វើឱ្យមើលទៅហាក់ដូចជាមនុស្សគ្រប់គ្នាកំពុងនិយាយគ្នាអំពីព័ត៌មាននេះ។ អ្នកគួរចងចាំអំពីវិធីសាស្ត្រនេះ នៅពេលអ្នកឃើញអ្វីមួយដែលមើលទៅដូចជាមិនគួរឱ្យពិត ឬមានអារម្មណ៍សង្ស័យ។

. របៀបសម្គាល់ព័ត៌មានមិនពិត និងបង្ការការចែករំលែកបន្ត

.១ គាំទ្រសង្គមព័ត៌មានដែលមានប្រភពផ្សព្វផ្សាយចម្រុះ

ការគាំទ្រឱ្យមានព័ត៌មានពីប្រភព និងភ្នាក់ងារច្រើនធ្វើឱ្យអ្នកទទួលបានព័ត៌មានចម្រុះមកពីការរាយការណ៍ផ្សេងៗគ្នា។ ប្រសិនបើព័ត៌មានដដែលត្រូវបានផ្សព្វផ្សាយដោយភ្នាក់ងារច្រើន ព័ត៌មាននោះអាចពិតច្រើនជាងមិនពិត។

ការស្វែងរកព័ត៌មានបន្ថែមតាមរយៈ Google អាចជួយឱ្យអ្នកដឹងបានថាតើមានប្រភពណាគួរទុកចិត្តបានណាផ្សេងទៀតកំពុងពិភាក្សាអំពីប្រធានបទនេះ។ ប្រសិនបើមិនមានទីកន្លែងណាផ្សេងផ្សព្វផ្សាយអំពីព័ត៌មាននោះទេ វាជាអាចជាព័ត៌មានក្លែងក្លាយច្រើនជាងព័ត៌មានពិត។

.២ វាយតម្លៃភាពអាចទុកចិត្តបាននៃប្រភពព័ត៌មានដោយល្អិតល្អន់

នៅពេលសង្ស័យ អ្នកគួរសួរសំណួរថា តើព័ត៌មានណាដែលត្រូវការការស៊ើបអង្កេតបន្ថែម ឬ តាមដានបន្ត។ ចំពោះព័ត៌មានដែលបានមកពីប្រព័ន្ធបណ្ដាញសង្គម ការស្វែងរកប្រភពដើមគឺជាវិធីដ៏ល្អដើម្បីប្រឆាំងនឹងព័ត៌មានមិនពិត។ អ្នកគួរមានការសង្ស័យនិងប្រុងប្រយ័ត្នចំពោះព័ត៌មាន និងប្រភពព័ត៌មានដែលមិនអាចទុកចិត្តបាន ឬផ្ទុយនឹងយោបល់ពីអ្នកជំនាញដែលមានកេរ្ដិ៍ឈ្មោះល្អ។

.៣ គាំទ្រ និងផ្សព្វផ្សាយនូវសំឡេងរបស់អ្នកជំនាញ

អ្នកគួរគាំទ្រអ្នកជំនាញដែលមានចំណេះដឹង និងសមត្ថភាពប៉ិនប្រសព្វពិតប្រាកដក្នុងវិស័យរបស់គេ។ នៅពេលដែលបានស្វែងរកឃើញប្រភពព័ត៌មានហើយ អ្នកគួរពិចារណាអំពីអ្នកជំនាញជាម្ចាស់នៃព័ត៌មាននេះ។ អ្នកគួរស្វែងរកចម្លើយទៅនឹងសំណួរមួយចំនួនដូចជា៖ តើអ្នកជំនាញនេះមានថ្នាក់វិជ្ជាជីវៈខ្ពស់ដែលពាក់ព័ន្ធនឹងប្រធានបទនេះឬអត់? តើអ្នកជំនាញនេះមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យរបស់គេទេ? តើគេត្រូវបានជឿជាក់ដោយមនុស្សផ្សេងៗទៀតក្នុងវិស័យរបស់គេឬអត់? តើព័ត៌មាននេះបានឆ្លងកាត់ការត្រួតពិនិត្យពីគណៈកម្មការដែលអាចទុកចិត្តបានក្នុងវិស័យនេះឬទេ?

.៤ ឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាម និងបកស្រាយហេតុអ្វីវាមិនមែនជាការពិត

នៅពេលអ្នកមានការពិតនៅក្នុងដៃរបស់អ្នក គួរបកស្រាយឱ្យច្បាស់លាស់ និងខ្លីៗ។ នៅពេលឆ្លើយតបប្រឆាំងនឹងព័ត៌មានមិនពិត ជៀសវាងការសង្កត់ធ្ងន់លើការនិយាយថាការអះអាំងនោះមិនពិត។ អ្នកគួរចំណាយពេលច្រើនជាងទៅលើការពន្យល់ពីមូលហេតុដែលព័ត៌មានមិនពិតនោះមានលក្ខណៈមិនត្រឹមត្រូវវិញ។

៤. ឯកសារពាក់ព័ន្ធ

  • https://www.unicef.org/eca/stories/quick-guide-spotting-misinformation
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.