August 24, 2019

Language:

សុវត្ថិភាព និងហានិភ័យក្នុងការប្រើប្រាស់ Webcam

១. ព័ត៌មានទូទៅ

Webcam អាចធ្វើឱ្យយើងមើលឃើញមុខដោយផ្ទាល់ជាមួយមិត្តភក្តិ និងក្រុមគ្រួសារតាមការហៅ (call) តាមអ៊ិនធឺណេត។ បច្ចុប្បន្ននេះ Webcam ត្រូវបានភ្ជាប់មកស្រាប់ក្នុងកុំព្យូទ័រយួរដៃភាគច្រើន រួមទាំងឧបករណ៍ចល័ត (ទូរស័ព្ទដៃ) និងកុំព្យូទ័រលើតុក៏មានប្រើប្រាស់ Webcam ដូច្នេះវាមានសារៈសំខាន់សម្រាប់អ្នកប្រើប្រាស់គ្រប់គ្នា ក្នុងការយល់ដឹងពីហានិភ័យដែលអាចកើតឡើងដោយសារ Webcam។

២. តើអ្វីដែលជាហានិភ័យនៃការប្រើប្រាស់ Webcam? (What are the risks of using webcam?)

ហានិភ័យចម្បងគឺថា Webcam របស់អ្នកអាចត្រូវគេលួចចូលប្រើដោយអ្នកមិនបានដឹង  ហើយវាបានអនុញ្ញាតឱ្យអ្នកដ៏ទៃដឹងអំពីសកម្មភាពរបស់អ្នកនៅមុខ Webcam។ វាអាចធ្វើទៅបាន ដោយសារតែអ្នកវាយប្រហារ ឬហេគឃ័រ​ (hacker) ធ្វើការវាយប្រហារ និងគ្រប់គ្រងលើកុំព្យូទ័ររបស់អ្នក រួចធ្វើការគ្រប់គ្រងទៅលើ Webcam របស់អ្នក ដោយអាចធ្វើការបើក និងបិទ, ថតរូប, និងមើលអ្វីគ្រប់យ៉ាងដែលអ្នកធ្វើដោយមិនដឹងខ្លួន។

៣. តើអ្នកវាយប្រហារវាយលុក Webcam យ៉ាងដូចម្តេច? (How do hackers attack webcam?)

មានមធ្យោបាយមួយដែលអ្នកវាយប្រហារប្រើដើម្បីចម្លងមេរោគទៅក្នុងកុំព្យូទ័រ ឬឧបករណ៍របស់អ្នក គឺដោយការផ្ញើអ៊ីម៉ែលមានតំណរភ្ជាប់ (link) ឬឯកសារភ្ជាប់ (attachment)។ ប្រសិនបើអ្នកទទួលអ៊ីម៉ែលពីជនចម្លែក សូមគិតដោយប្រុងប្រយ័ត្នមុនពេលចុចលើតំណភ្ជាប់ ឬឯកសារភ្ជាប់នោះ។ បើអ្នកបានចុចហើយមានការសង្ស័យថាជាមេរោគ ឬការបោកបញ្ឆោត សូមរាយការណ៍ជាបន្ទាន់ទៅកាន់ក្រុមការងារទទួលបន្ទុកសុវត្ថិភាពទិន្នន័យ នៅក្នុងស្ថាប័ន/ក្រុមហ៊ុនរបស់អ្នក។

អ្នកអាចមានហានិភ័យខ្ពស់ដែល Webcam របស់អ្នកអាចត្រូវបានគេហេគដោយងាយស្រួលតាមរយៈកម្មវិធី ដែលអ្នកមិនបានធ្វើការអាប់ដេតសុវត្ថិភាព និងមិនមានវិធានការការពារ ដូចជាការប្រើប្រាស់កម្មវិធីកំចាត់មេរោគនៅលើកុំព្យូទ័ររបស់អ្នកជាដើម។ បញ្ហាទាំងនេះហើយជាមូលហេតុដែលអ្នកគួរតែប្រាកដថា កម្មវិធីដែលអ្នកកំពុងប្រើប្រាស់គឺបានអាប់ដេតសុវត្ថិភាពចុងក្រោយបំផុត ទាំងឧបករណ៍ស្មាតហ្វូន ថេប្លេត (tablet) និងកុំព្យូទ័រ។

៤. វិធីសាស្រ្តការពារ

ដើម្បីការពារសុវត្ថិភាព អ្នកអាចអនុវត្តតាមការណែនាំដូចខាងក្រោមនេះ៖

  • គួរជៀសវាងដាក់កាមេរ៉ានៅកន្លែងឯកជនដូចជាបន្ទប់គេងជាដើម
  • គួរបិទ Webcam របស់អ្នកនៅពេលមិនប្រើប្រាស់ ដោយការយក sticker ឬក្រដាសតូចមួយដែលអាចបិទពីលើមុខរបស់ Webcam ឬបង្វែរមុខទៅជញ្ជាំងក៏បាន
  • គួរយកចិត្តទុកដាក់ទៅលើពន្លឺភ្លើងនៅលើ Webcam របស់អ្នក
  • គួរប្រើកម្មវិធីកម្ចាត់មេរោគ ដែលមានមុខងារការពារ malware និង spyware ហើយត្រូវប្រាកដថាអ្នកបានធ្វើបច្ចុប្បន្នភាព និងស្កេនជាទៀងទាត់
  • គួរប្រាកដថាការភ្ជាប់បណ្តាញ Wifi របស់អ្នកត្រូវបានការពារដោយពាក្យសម្ងាត់
  • គួរជៀសវាងការទាក់ទងតាមអនឡាញជាមួយមនុស្សដែលអ្នកមិនស្គាល់
  • គួរកុំធ្វើអ្វីនៅមុខ Webcam ដែលអ្នកមិនទាន់ត្រៀមខ្លួនចែករំលែកជាមួយពិភពលោកទាំងមូល ព្រោះសកម្មភាពរបស់អ្នកអាចត្រូវបានលួចថត និងផ្សព្វផ្សាយជាសាធារណៈ
  • ប្រសិនបើអ្នកប្រើ Webcam របស់អ្នកដើម្បីទំនាក់ទំនងមនុស្សដែលអ្នកស្គាល់តាមរយៈអ៊ិនធឺណិត សូមគិតឱ្យបានច្បាស់ថា អ្នកស្គាល់គេកម្រិតណា។ អ្នកប្រហែលជាគិតថាអ្នកកំពុងសន្ទនាជាលក្ខណៈឯកជន ប៉ុន្តែតើអ្នកប្រាកដថាពួកគេ គឺជាមនុស្សតែម្នាក់ដែលអាចមើលឃើញអ្នកដែរឬទេ? គួរពិចារណាថាតើ ពួកគេថតសកម្មភាពដែលអ្នកកំពុងនិយាយ ឬធ្វើដែររឺទេ។ ជនបោកប្រាស់ (scammer) អាចបង្ហោះវីដេអូនៃការជជែកកំសាន្តរបស់អ្នកនៅលើបណ្តាញសង្គម ឬចែករំលែកដោយប្រើទូរស័ព្ទដៃរបស់ពួកគេ។

៥. សម្រាប់ព័ត៌មានបន្ថែម

  • https://www.secureverifyconnect.info/who-watching-your-webcam

Cover Photo Credit: SecureverifyConnect.info