February 05, 2026

Language:

ប្រព័ន្ធព័ត៌មានគំរាមកំហែង (Threat Intelligence) ដែលមានប្រសិទ្ធភាព

១. ព័ត៌មានទូទៅ

ក្រុមសន្តិសុខសាយប័រច្រើនតែប្រមូលព័ត៌មានគំរាមកំហែង (threat intelligence) បានច្រើន ប៉ុន្តែនៅតែជាប់គាំងក្នុងការកែលម្អការកំណត់អត្តសញ្ញាណ និងការឆ្លើយតប។ អ្នកវិភាគធ្វើការវិនិច្ឆ័យព័ត៌មានបានពីការផ្ដល់ដំណឹងជាច្រើន អ្នកដឹកនាំទទួលបានព័ត៌មានប្រឹក្សាមិនច្បាស់លាស់ ហើយយល់ឃើញថាតម្លៃដែលបានចំណាយលើព័ត៌មានគំរាមកំហែងមិននាំឱ្យមានលទ្ធផលល្អប្រសើរឡើយ។ របាយការណ៍ថ្មីៗពី ISACA កត់សម្គាល់ថា គម្លាតនេះនៅតែមានលក្ខណៈធំទូលាយនៅតាមសហគ្រាសនានា ហើយពន្យល់ថា អង្គភាពជាច្រើនប្រមូលព័ត៌មានក្នុងល្បឿនដែលធ្វើឱ្យពិបាកស្វែងយល់ពីអ្វីដែលសំខាន់។ ដូចនេះ បញ្ហាមិនមានលើមធ្យោយបាយចូលប្រើព័ត៌មានគំរាមកំហែងទេ តែមានលើការបង្កើតប្រព័ន្ធព័ត៌មានគំរាមកំហែងដែលដឹងពីសំណួរអ្វីដែលត្រូវឆ្លើយតាមតម្រូវការ និងរបៀបធ្វើសកម្មភាពដោយពឹងផ្អែកលើលទ្ធផលទទួលបាន។

. បរិស្ថានគំរាមកំហែងស្មុគស្មាញដែលមានការផ្លាស់ប្តូរលឿន

ក្រុមឧក្រិដ្ឋកម្មសាយប័ររកស៊ីនៅលើទីផ្សារទូលំទូលាយដែលមានផ្នែកចល័តជាច្រើន ស្រដៀងទៅនឹងខ្សែសង្វាក់ផ្គត់ផ្គង់កម្មវិធី។ ឈ្មួញឧក្រិដ្ឋខ្លះលក់វិធីសាស្ត្រជ្រៀតចូលប្រព័ន្ធដំណើរការដំបូង (initial access)។ ឈ្មួញឧក្រិដ្ឋផ្សេងទៀតចែកចាយមេរោគជំរិតព័ត៌មាន។ ក្រុមឈ្មួញផ្សេងៗទៀតលក់អត្តសញ្ញាណដែលគេលួចបាន។

មេរោគលួចប្រមូលព័ត៌មានសម្ងាត់ផ្សេងៗពីឧបករណ៍អ្នកប្រើប្រាស់ ហើយអ្នកវាយប្រហារយកព័ត៌មានទាំងនេះទៅលក់ក្នុងបរិមាណច្រើននៅតាមទីផ្សារងងឹត (dark web)។ ក្រុមសន្តិសុខសាយប័រជាច្រើននៅតែមិនអើពើនឹងការលាតត្រដាងនេះ ដែលអនុញ្ញាតឱ្យអ្នកវាយប្រហារជ្រៀតចូលក្នុងបណ្តាញបានកាន់តែយូរមុននឹងត្រូវបានជួបប្រទះដោយយន្តការសន្តិសុខ។ ទន្ទឹមនេះ សកម្មភាពមេរោគជំរិតព័ត៌មាន ដែលត្រូវបានជំរុញដោយភាពតានតឹងភូមិសាស្ត្រនយោបាយ និងបង្កើនល្បឿនដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត កំពុងដាក់សម្ពាធបន្ថែមទៅលើប្រព័ន្ធព័ត៌មានគំរាមកំហែងដោយត្រូវការឱ្យប្រព័ន្ធសម្របតាមយ៉ាងរហ័ស។

៣. តម្រូវការព័ត៌មានអាទិភាពធ្វើឱ្យមានភាពរៀបរយ

តម្រូវការព័ត៌មានអាទិភាព (priority intelligence requirements, PIRs) កំណត់នូវព័ត៌មានដែលត្រូវដឹង សារៈសំខាន់នៃព័ត៌មាននោះ និងសកម្មភាពដែលត្រូវធ្វើអាស្រ័យលើចម្លើយដែលទទួលបាន។ ការកំណត់បាននូវតម្រូវការព័ត៌មានអាទិភាពធ្វើឱ្យយើងសួរនូវសំណួរដែលគាំទ្រដល់ការសម្រេចចិត្តក្នុងអង្គភាព។ ឧទាហរណ៍ អ្នកគ្រប់គ្រងសន្តិសុខសាយប័រអាចផ្តោតការស៊ើបអង្កេតលើបច្ចេកទេសវិស្វកម្មសង្គមដែលត្រូវបានប្រើដើម្បីរំលងការផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជនមុនពេលផ្ដល់ព័ត៌មានជំនួយក្នុងឧប្បត្តិហេតុដែលបានកើតមានក្នុងអង្គភាពស្រដៀងគ្នា។ សំណួរប្រភេទនេះអនុញ្ញាតឱ្យក្រុមផ្ដល់ជំនួយ និងក្រុមផ្ទៀងផ្ទាត់អត្តសញ្ញាណពង្រឹងនីតិវិធីរបស់ខ្លួនដើម្បីជាការឆ្លើយតបដោយផ្ទាល់ទៅនឹងហានិភ័យដែលគេបានស្គាល់។ តម្រូវការព័ត៌មានអាទិភាពទាមទារការពិនិត្យឡើងវិញជាប្រចាំដើម្បីធ្វើឱ្យការកំណត់គំរូកត្តាគំរាមកំហែង (threat modeling) ឆ្លុះបញ្ចាំងនូវការផ្លាស់ប្តូរផែនការអាជីវកម្ម ការចាប់យកបច្ចេកវិទ្យាថ្មី និងការប្រែប្រួលលក្ខខណ្ឌភូមិសាស្ត្រនយោបាយ។

៤. ប្រភេទព័ត៌មានគំរាមកំហែងចំនួនបួន ដែលពាក់ព័ន្ធនឹងគោលដៅអាជីវកម្ម

ព័ត៌មានគំរាមកំហែងមានចំនួន ៤ប្រភេទ ដែលជួយអ្នកដឹកនាំអាជីវកម្ម និងហានិភ័យផ្គូផ្គងព័ត៌មានទៅនឹងតម្រូវការ៖

  • ព័ត៌មានគំរាមកំហែងយុទ្ធសាស្ត្រ (strategic intelligence) ជាព័ត៌មានសម្រាប់ថ្នាក់ដឹកនាំ និងក្រុមប្រឹក្សាភិបាល ដើម្បីគាំទ្រការរៀបចំផែនការរយៈពេលវែង ដោយពិនិត្យមើលទំនោរភូមិសាស្ត្រនយោបាយ ការផ្លាស់ប្តូរច្បាប់បទដ្ឋាន និងកត្តាឧស្សាហកម្ម។
  • ព័ត៌មានគំរាមកំហែងវិធីសាស្ត្រ (tactical intelligence) ត្រូវបានប្រើប្រាស់ដោយក្រុមប្រតិបត្តិការសន្តិសុខសាយប័រ និងក្រុមឆ្លើយតបទៅនឹងឧប្បត្តិហេតុ ដើម្បីពិនិត្យមើលវិធីសាស្ត្រដែលអ្នកវាយប្រហារប្រើ និងកែលម្អការគ្រប់គ្រងសន្តិសុខ។
  • ព័ត៌មានគំរាមកំហែងប្រតិបត្តិការ (operational intelligence) ផ្តោតលើសកម្មភាព ឬព័ត៌មានគំរាមកំហែងដែលប៉ះពាល់ដល់អង្គភាព ហើយត្រូវតែត្រួតពិនិត្យដោយក្រុមប្រតិបត្តិការសន្តិសុខសាយប័រ និងក្រុមឆ្លើយតបទៅនឹងឧប្បត្តិហេតុ។ ឧទាហរណ៍រួមមាន ពាក្យសម្ងាត់បែកធ្លាយ ឬ session ដែលត្រូវបានលួច។
  • ព័ត៌មានគំរាមកំហែងបច្ចេកទេស (technical intelligence) គាំទ្រវិស្វករ និងអ្នកវិភាគ ដោយផ្តល់សូចនាករនៃការរំលោភបំពាន និងច្បាប់កំណត់អត្តសញ្ញាណ ដែលធ្វើឱ្យបច្ចេកវិទ្យា SIEM, SOAR, ប្រព័ន្ធការពារឧបករណ៍អ្នកប្រើប្រាស់ ច្រកអ៊ីនធឺណិត និងជញ្ជាំងភ្លើង កាន់តែអាចទប់ស្កាត់ហានិភ័យសម្បូរបែប។

. ការសម្របទិសដៅភាគីពាក់ព័ន្ធបង្កើតម្រូវការព័ត៌មានអាទិភាពដែលមានផលប្រយោជន៍ខ្ពស់

ក្រុមផលិតផល ក្រុមប្រឆាំងការឆបោក ក្រុមអភិបាលកិច្ចនិងនិយាម និងអ្នកប្រឹក្សាច្បាប់ច្រើនតែធ្វើការសម្រេចចិត្តដែលនាំឱ្យមានហានិភ័យថ្មីៗ។ ប្រសិនបើគេមិនចែករំលែកផែនការទាំងនោះជាមួយអ្នកគ្រប់គ្រងព័ត៌មានគំរាមកំហែងទេ តម្រូវការព័ត៌មានអាទិភាពនឹងលែងមានបច្ចុប្បន្នភាព។ បើក្រុមហ៊ុនពង្រីកសេវាកម្មចូលទៅក្នុងតំបន់ថ្មី ប្រើប្រាស់ថ្នាលក្លោដថ្មី ឬដាក់ឱ្យដំណើរការមុខងារបញ្ញាសិប្បនិម្មិតថ្មី ការកំណត់គំរូកត្តាគំរាមកំហែងនឹងផ្លាស់ប្តូរ ហើយតម្រូវការព័ត៌មានអាទិភាពគួរតែឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរទាំងនោះ។ ការសម្របទិសដៅបែបនេះក៏ជួយឱ្យអ្នកដឹកនាំអាជីវកម្មស្វែងយល់ពីរបៀបដែលប្រព័ន្ធព័ត៌មានគំរាមកំហែងគាំទ្រការរីកចម្រើន ជាជាងការដំណើរការដាច់ដោយឡែក។

. ស្វ័យប្រវត្តិកម្មផ្តល់នូវការពង្រីកទំហំអាជីវកម្មនៅពេលបរិមាណទិន្នន័យកើនឡើង

ការវិភាគដោយផ្ទាល់មិនអាចដើរទាន់តាមទិន្នន័យព័ត៌មានដែលគេលួចបាន កំណត់ហេតុនៃការលួចព័ត៌មាន ការបង្ហោះក្នុងវេទិកាគេហទំព័រងងឹត និងទិន្នន័យមេរោគនៅក្នុងទីផ្សារឧក្រិដ្ឋកម្មបានទេ។ ក្រុមវិស្វកម្មសន្តិសុខសាយប័រត្រូវការស្វ័យប្រវត្តិកម្មដើម្បីទាញយកតម្លៃពីវត្ថុធាតុទាំងនេះ។ ស្វ័យប្រវត្តិកម្មអាចបែងចែកកំណត់ហេតុនៃការលួចព័ត៌មានទៅតាមកម្រិតហានិភ័យ កំណត់ពាក្យសម្ងាត់បែកធ្លាយឡើងវិញ លុបចោល sessions ដែលមាន cookies ត្រូវបានលួច និងកំណត់ពិន្ទុឱ្យភស្ដុតាងនៃការជ្រៀតចូល។ ក្រុមគ្រប់គ្រងអត្តសញ្ញាណអាចប្រើលំហូរការងារស្វ័យប្រវត្តិ ដើម្បីពិនិត្យថា គណនីដែលត្រូវបានលួចនៅតែមានភាពសកម្ម និងកំណត់ឱ្យមានការសកម្មភាពឆ្លើយតបដោយមិនចាំបាច់រង់ចាំការពិនិត្យដោយផ្ទាល់។ អ្នកវិភាគអាចផ្តោតអាទិភាពលើការសម្រេចចិត្តជាជាងការរៀបចំព័ត៌មានជាហូរហែរ។ លើសពីនេះ បញ្ញាសិប្បនិម្មិតអាចពិនិត្យអត្ថបទស្រង់ពីវេទិកាឧក្រិដ្ឋកម្ម និងកំណត់អត្តសញ្ញាណសកម្មភាពដែលភ្ជាប់ជាមួយឈ្មួញលក់វិធីសាស្ត្រជ្រៀតចូលប្រព័ន្ធដំបូង។ សមត្ថភាពទាំងនេះសន្សំពេលវេលា និងផ្តល់ទិដ្ឋភាពពីទំនោរបច្ចុប្បន្នដល់ក្រុមព័ត៌មានគំរាមកំហែង។

. សូចនាករគួរតែពាក់ព័ន្ធនឹងការកាត់បន្ថយហានិភ័យ

ការផ្សាភ្ជាប់សូចនាករវាស់វែងដោយផ្ទាល់ទៅនឹងតម្រូវការព័ត៌មានអាទិភាពអាចទប់ស្កាត់ការកំណត់សូចនាករដែលផ្តល់រង្វាន់ផ្អែកលើបរិមាណជាជាងពិនិត្យលើផលប៉ះពាល់។ ឧទាហរណ៍រួមមាន រយៈពេលចាប់ពីការប្រមូល ដល់ការចែកចាយព័ត៌មានគំរាមកំហែង ចំនួនតម្រូវការដែលឆ្លើយតបបានដោយព័ត៌មានគំរាមកំហែង ឬភាគរយនៃឧប្បត្តិហេតុដែលព័ត៌មានគំរាមកំហែងផ្តល់ឱ្យដឹងពីស្ថានភាពពាក់ព័ន្ធបានល្អក្នុងដំណាក់កាលដំបូងនៃការស៊ើបអង្កេត។ សូចនាករទាំងនេះពាក់ព័ន្ធទៅនឹងលទ្ធផលដែលប៉ះពាល់ដល់ហានិភ័យសហគ្រាស។ អង្គភាពក៏អាចតាមដានការកែលម្អគុណវិស័យ (qualitative improvements) ផងដែរ។ ឧទាហរណ៍ ព័ត៌មានគំរាមកំហែងដែលកាត់បន្ថយការប៉ុនប៉ងជ្រៀតចូលគណនី ឬដែលធ្វើឱ្យរកឃើញចន្លោះប្រហោងនៅក្នុងប្រតិបត្តិការសេវាកម្មផ្ដល់ជំនួយបច្ចេកទេសជាដើម ជាព័ត៌មានដែលផ្ដល់តម្លៃពិបាកកំណត់ដោយចំនួន ឬបរិមាណជាក់ស្ដែង។

. ប្រព័ន្ធព័ត៌មានគំរាមកំហែងគួរផ្សាភ្ជាប់សន្តិសុខសាយប័រទៅនឹងការវិភាគហានិភ័យ

ព័ត៌មានគំរាមកំហែងគួរតែជួយណែនាំការសម្រេចចិត្តរបស់សហគ្រាសពាក់ព័ន្ធនឹងហានិភ័យ។ វាគួរជះឥទ្ធិពលលើការរចនាការគ្រប់គ្រងសន្តិសុខសាយប័រ ការគ្រប់គ្រងអត្តសញ្ញាណ ការរៀបចំផែនការឆ្លើយតបឧប្បត្តិហេតុ និងការវិនិយោគរយៈពេលវែង។ នៅពេលដែលបានរៀបចំរចនាសម្ព័ន្ធជុំវិញការកំណត់គំរូកត្តាគំរាមកំហែង និងតម្រូវការព័ត៌មានអាទិភាព ប្រព័ន្ធព័ត៌មានគំរាមកំហែងផ្តល់ព័ត៌មានមានប្រយោជន៍ដល់អ្នកដឹកនាំអាជីវកម្ម ជាជាងព័ត៌មានរំខាន។ អ្នកគ្រប់គ្រងប្រតិបត្តិការសន្តិសុខ ហានិភ័យ និងក្រុមអភិបាលកិច្ច ដើរតួទាំងអស់គ្នាក្នុងការបង្កើតប្រព័ន្ធព័ត៌មានគំរាមកំហែងដែលឆ្លើយតបទៅនឹងហានិភ័យ ជាជាងប្រមូលទិន្នន័យមិនបានការ។

៩. ឯកសារពាក់ព័ន្ធ

  • – https://www.helpnetsecurity.com/2025/12/03/isaca-threat-intelligence-programs-report/
  • – https://www.isaca.org/resources/white-papers/2025/building-a-threat-led-cybersecurity-program
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.