November 15, 2024

Language:

សុវត្ថិភាពក្នុងការប្រើប្រាស់តេឡេក្រាម (Telegram)

I. ព័ត៌មានទូទៅ

តេឡេក្រាម (Telegram) ជាប្រព័ន្ធកម្មវិធីផ្ញើសារដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធអ៊ីនធឺណិត ដែលកំពុងមានការពេញនិយម ក្នុងការប្រើប្រាស់បំពេញតម្រូវការ ការងារ ផ្សព្វផ្សាយព័ត៌មាន ឬអាជីវកម្មជាដើម។ ទន្ទឹមនឹងការពេញនិយមនេះ ក៏ជាឱកាសមួយដែលចោរព័ត៌មានវិទ្យា/ហេកគ័រ បានផ្តោតការវាយប្រហារតាមរយៈមធ្យោបាយផ្សេងៗដូចជា ការលួចចូលគណនីរបស់អ្នកប្រើប្រាស់ ការបោកបញ្ឆោតផ្សេងៗដោយផ្ញើតំណរភ្ជាប់ ឬឯកសារដែលមានផ្ទុកមេរោគ ក្នុងគោលបំណងលួចយកព័ត៌មានសំខាន់ៗ ឬចម្លងមេរោគចូលក្នុងឧបករណ៍របស់អ្នកប្រើប្រាស់ដើម្បីធ្វើការគ្រប់គ្រងទាំង ស្រុងតែម្តង។

ចំណុចសំខាន់មួយបន្ទាប់ពីបង្កើតគណនី តេឡេក្រាម គឺបញ្ហាសុវត្ថិភាព អ្នកប្រើប្រាស់គួរមានការយល់ដឹងអំពីវិធីសាស្ត្រការពារគណនីតេឡេក្រាម និងទិន្នន័យរបស់ខ្លួន។

II. វិធីសាស្ត្រការពារគណនីតេឡេក្រាម

ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ សូមណែនាំអំពីវិធីសាស្រ្ត ៧យ៉ាង ដើម្បីការពារគណនីតេឡេក្រាមឱ្យមានសុវត្ថិភាព៖

  • ប្រើមុខងារផ្ទៀងផ្ទាត់ពីរជំហាន (Enable two step verification)
  • ពិនិត្យមើល Active Sessions
  • ប្រើមុខងារ Passcode Lock
  • កុំអើពើនឹងសារក្លែងក្លាយ
  • ប្រើពាក្យសម្ងាត់រឹងមាំ
  • ប្រុងប្រយ័ត្នពីការបោកបញ្ឆោត
  •  លុបគណនីដោយស្វ័យប្រវត្តិ

១- ប្រើមុខងារផ្ទៀងផ្ទាត់ពីរជំហាន

ជាទូទៅការចូលទៅក្នុងគណនីតេឡេក្រាម គឺគ្រាន់តែបញ្ចូលលេខទូរសព្ទ និងលេខកូដដែលទទួលបានប៉ុណ្ណោះប្រសិនបើចោរព័ត៌មានវិទ្យា/ហេកគ័រ អាចលួចបានលេខកូដនេះតាមវិធីសាស្ត្រណាមួយ គណនីរបស់អ្នកប្រើប្រាស់អាចនឹងត្រូវបានគេលួចចូលបាន។ ដើម្បីការពារគណនី អ្នកប្រើប្រាស់គួរប្រើមុខងារផ្ទៀងផ្ទាត់ពីរជំហាន ដោយមុខងារនេះតម្រូវឱ្យមានការផ្ទៀងផ្ទាត់បន្ថែមមួយទៀតពីលើលេខកូដដែលទទួលបាន។ អ្នកប្រើប្រាស់អាចប្រើប្រាស់មុខងារនេះ ដោយអនុវត្តតាមការណែនាំដូចខាងក្រោម៖

  • បើកកម្មវិធី តេឡេក្រាម ហើយចូលទៅគណនីរបស់អ្នក
  • ចូលទៅកាន់ “Settings”
  • ចុចលើ “Privacy and Security”
  • បន្ទាប់មកចុចលើ “Two-Step Verification” បន្ទាប់មកចុចលើ “Set Password”
  • ត្រង់ចំណុច “Enter a password” សូមបញ្ចូលពាក្យសម្ងាត់ បន្ទាប់មកចុច “Continue” រួចហើយ ត្រង់ចំណុច “Re-enter your password” សូមបញ្ចូលពាក្យសម្ងាត់ដដែលម្តងទៀត រួចហើយចុចលើពាក្យ “Continue”
  • បន្ទាប់មកត្រង់ចំណុច “Password Hint” អ្នកអាចបញ្ចូល ឬមិនបញ្ចូលព័ត៌មាន ប្រសិនបើអ្នកបញ្ចូលសូមចុចលើ “Continue” ប្រសិនបើមិនបញ្ចូលសូមចុចលើ “Skip”។ ​ត្រង់ចំណុច “Password Hint” នេះគឺជាគន្លឹះសម្រាប់អ្នកប្រើប្រាស់អាចចងចាំទៅដល់ពាក្យសម្ងាត់ដែលបានដាក់ (ដែលព័ត៌មាននឹងបង្ហាញជាសាធារណៈ)
  • បន្ទាប់មកត្រង់ចំណុច “Recovery Email” អ្នកអាចបញ្ចូល ឬមិនបញ្ចូលព័ត៌មាន អាសយដ្ឋានអ៊ីមែល ប្រសិនបើអ្នកបញ្ចូលសូមចុចលើ “Continue” ប្រសិនបើមិនបញ្ចូលសូមចុចលើ “Skip”។ ត្រង់ចំណុចនេះអ្នកគួរភ្ជាប់អាសយដ្ឋានអ៊ីមែល ដើម្បីអាចធ្វើការទាញយកពាក្យសម្ងាត់ថ្មីនៅពេលដែលភ្លេចពាក្យសម្ងាត់ដែលបានដាក់
  • បន្ទាប់មកអ្នកត្រូវចូលទៅកាន់ប្រអប់សារអ៊ីមែល ដែលបានដាក់ក្នុងចំណុចខាងលើ ដើម្បីឆែកមើលលេខកូដ
    ៦-ខ្ទង់ ដែលទទួលបានពីតេឡេក្រាម និងបញ្ចូលលេខកូដនោះត្រង់ចំណុច “Verification code” បន្ទាប់ពីបញ្ចូលត្រឹមត្រូវមានន័យថាអ្នកបានបើកប្រើមុខងារនេះបានជោគជ័យ។

ចំណាំ៖ សូមចងចាំលេខសម្ងាត់ដែលបានដាក់ដើម្បីផ្ទៀងផ្ទាត់រាល់ពេលដែលអ្នកចង់ចូលក្នុងគណនីនៅលើឧបករណ៍ផ្សេងទៀត។

២- ពិនិត្យមើល Active Sessions

Active Sessions ជាមុខងារមួយដែលអាចឱ្យអ្នកប្រើប្រាស់មើលរាល់ Sessions ទាំងអស់ដែលកំពុងប្រើប្រាស់គណនីតេឡេក្រាមរបស់ខ្លួន អ្នកប្រើប្រាស់គួរពិនិត្យមើលថាតើមាន Active Sessions ណាមួយដែលគួរឱ្យសង្ស័យដែរឬទេ ដើម្បីពិនិត្យមើល សូមអនុវត្តតាមការណែនាំដូចខាងក្រោម៖

  • បើកកម្មវិធីតេឡេក្រាមហើយចូលទៅគណនីរបស់អ្នក
  • ចូលទៅកាន់ “Settings” បន្ទាប់មកចុចលើ “Devices”
  • ពិនិត្យលើ Sessions ឬឧបករណ៍ទាំងអស់ដែលកំពុងប្រើគណនីរបស់អ្នក
  • បើឃើញមាន Sessions ឬឧបករណ៍ ដែលសង្ស័យមិនមែនជារបស់អ្នក សូមចុចលើ Sessions ឬឧបករណ៍ ហើយចុចលើ “TERMINATE”
  • បន្ទាប់មកអ្នកត្រូវផ្លាស់ប្តូរលេខសម្ងាត់ផ្ទៀងផ្ទាត់ពីរជំហានហើយ បន្តធ្វើការតាមដានមើល Sessionឬឧបករណ៍ តាមការណែនាំខាងលើជារឿយៗដើម្បីពិនិត្យលើការប្រើប្រាស់ដែលមែនជារបស់អ្នក។

ចំណាំ៖ ប្រសិនបើអ្នកចុចលើ “TERMINATE ALL” រាល់ Sessions ឬឧបករណ៍ដែលបានភ្ជាប់ជាមួយគណនីរបស់អ្នកនឹងត្រូវបានផ្តាច់ចេញពីគណនីទាំងអស់ លើកលែងតែឧបករណ៍ដែលអ្នកកំពុងប្រើប្រាស់។ ដូចនេះអ្នកគួរចុចបិទ(TERMINATE) តែ Session ឬឧបករណ៍ដែលមិនមែនជារបស់អ្នកប៉ុណ្ណោះ។

៣- ប្រើមុខងារ Passcode Lock

តេឡេក្រាម មានមុខងារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចាក់សោកម្មវិធីដោយប្រើលេខកូដសម្ងាត់ ដើម្បីការពារ នៅពេលដែលនរណាចូលប្រើប្រាស់តេឡេក្រាមនៅលើឧបករណ៍របស់ខ្លួន ដោយមុខងារនេះគឺតម្រូវឱ្យមានការបញ្ចូលលេខកូដសម្ងាត់ ដើម្បីអាចប្រើប្រាស់តេឡេក្រាមបាន។ ដើម្បីបង្កើតលេខកូដសម្ងាត់ សូមអនុវត្តតាមការណែនាំដូចខាងក្រោម៖

  • ចូលទៅកាន់ “Settings” បន្ទាប់មកចុចលើ“ “Privacy and Security”
  • ត្រង់ចំណុច “Security” ចុចលើពាក្យ “Turn on local passcode” ឬ “Passcode Lock” ឬ “Passcode & Touch ID”
  • បន្ទាប់មកវាយបញ្ចូលលេខកូដសម្ងាត់ និងបញ្ចូលលេខកូដម្តងទៀតដើម្បីផ្ទៀតផ្ទាត់
  • អ្នកប្រើប្រាស់ត្រូវតែចងចាំលេខកូដសម្ងាត់ដែលបានដាក់ ដើម្បីបញ្ចូលលេខកូដនេះរាល់ពេលចូលប្រើប្រាស់
    តេឡេក្រាម។

ចំណាំ៖ នៅលើទូរសព្ទអ្នកប្រសិនបើមានមុខងារស្គែនក្រយៅដៃ អ្នកអាចប្រើប្រាស់ការស្គែន “ស្នាមក្រយៅដៃ” ជំនួសឱ្យការវាយបញ្ចូលលេខកូដ ដើម្បីចូលប្រើបាស់តេឡេក្រាម វាក៏ជួយអ្នកឱ្យចូលបានលឿននិងមានសុវត្ថិភាព។

៤- កុំអើពើនឹងសារក្លែងក្លាយ

តើអ្នកធ្លាប់ទទួលបានសារដែលមានពាក្យស្រដៀងខាងក្រោមនេះដែរឬទេ?

“គណនីរបស់អ្នកត្រូវបានបិទជាបណ្តោះអាសន្នដើម្បីបញ្ជាក់អត្តសញ្ញាណរបស់អ្នកសូមចុចតំណខាងក្រោម”
(“Your account has been temporarily closed. To verify your identity, click the link below.”)

សូមចងចាំថា តេឡេក្រាមមិនដែលស្នើសុំឱ្យអ្នកបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នកទេ ប្រសិនបើអ្នកទទួលបានសារបែបនេះច្បាស់ណាស់ថាជាសារក្លែងក្លាយ ហើយអ្នកមិនត្រូវចុចលើតំណភ្ជាប់ដែលមាននៅក្នុងសារនោះទេ។ 

៥- ប្រើពាក្យសម្ងាត់រឹងមាំ

នៅក្នុងពិភពលោកសព្វថ្ងៃនេះយើងឃើញមានគណនី តេឡេក្រាម ជាច្រើនត្រូវបានវាយប្រហារដោយ
ចោរព័ត៌មានវិទ្យា/ហេកគ័រ មូលហេតុសំខាន់មួយគឺការធ្វេសប្រហែសនិងការប្រើប្រាស់ពាក្យសម្ងាត់ទន់ខ្សោយ ដូច្នេះអ្នកគួរបង្កើតនិងប្រើប្រាស់ពាក្យសម្ងាត់រឹងមាំ ខាងក្រោមនេះគឺជាគន្លឹះ ៨ ចំណុច ក្នុងការបង្កើតពាក្យសម្ងាត់រឹងមាំ និង
មិនងាយទាយដឹង៖

  • បង្កើតលេខកូដសម្ងាត់របស់អ្នកអោយបានវែងយ៉ាងហោចណាស់ ១២ ខ្ទង់
  • ធ្វើឱ្យលេខសម្ងាត់របស់អ្នកពិបាកទាយដឹង
  • បញ្ចូលតួលេខរួម និមិត្តសញ្ញា និងអក្សរធំនិងអក្សរ​តូច
  • ជៀសវាងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន
  • កុំប្រើឡើងវិញនូវពាក្យសម្ងាត់ដែលធ្លាប់ប្រើ
  • ប្រើកម្មវិធី/សេវាកម្មគ្រប់គ្រងពាក្យសម្ងាត់
  • រក្សាទុកពាក្យសម្ងាត់ឱ្យមានសុវត្ថិភាព
  • ផ្លាស់ប្តូរពាក្យសម្ងាត់ឱ្យបានទៀងទាត់

៦- ប្រុងប្រយ័ត្នពីការបោកបញ្ឆោត

ដូចដែលបានរៀបរាប់រួចមកហើយថា ចោរព័ត៌មានវិទ្យា/ហេកគ័រ ព្យាយាមបោកបញ្ឆោតអ្នកប្រើប្រាស់តាមរយៈវិធីសាស្ត្រផ្សេងៗ ក្នុងនេះក៏មានសារបោកបញ្ឆោតផងដែរ ប្រសិនបើអ្នកទទួលបានសារពាក់ព័ន្ធការជូនដំណឹងស្តីពីគណនី សូមធ្វើការពិនិត្យនិងផ្ទៀងផ្ទាត់សារដែលផ្ញើមកនោះ ថាពិតជាផ្ញើមកពីតេឡេក្រាមដែរឬទេ។​ ដើម្បីពិនិត្យមើលសារជូនដំណឹងដែលផ្ញើមកពីតេឡេក្រាម អ្នកអាចពិនិត្យសញ្ញា “P” ពណ៌ខៀវ ដែលមាននៅជាប់ឈ្មោះ Telegram ដូចតំណាងរូបខាងក្រោម៖

ប្រសិនបើមិនឃើញមានសញ្ញាអ្នកប្រាកដថាជាគណនីក្លែងក្លាយអ្នកអាចរារាំងនិងរាយការណ៍វា ព្រោះតេឡេក្រាមមានសុវត្ថិភាពខ្ពស់ហើយចោរព័ត៌មានវិទ្យា/ហេកគ័រ ក៏បានប្រើវិធីនេះដើម្បីទទួលបានលេខសម្ងាត់គណនីរបស់អ្នកផងដែរ។

៧- លុបគណនីដោយស្វ័យប្រវត្តិ

តេឡេក្រាមមានមុខងារ “លុបគណនីដោយស្វ័យប្រវត្តិ” ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់លុបគណនីចោល នៅពេលមិនមានការចូលប្រើប្រាស់ក្នុងរយៈពេលកំណត់ជាក់លាក់ណាមួយ ដូចជា មួយខែ បីខែ ៦ខែ និងមួយឆ្នាំ។

 

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.