October 11, 2024

Language:

ការការពារពី Wi-Fi ក្លែងក្លាយនៅលើយន្តហោះ

១. ព័ត៌មានទូទៅ

កំឡុងពេលអ្នកធ្វើដំណើកម្សាន្តតាមយន្តហោះក៏ដោយការគំរាមកំហែងតាមអ៊ីនធឺណិតនៅតែអាចរារាំងជីវិតឌីជីថលរបស់អ្នកបាន។

Wi-Fi ក្លែងបន្លំមានសមត្ថភាពអាចស្ទាក់ចាប់ទិន្នន័យកំឡុងពេលអ្នកភ្ជាប់បណ្តាញ ការគំរាមកំហែងប្រភេទនេះមិនមានអ្វីថ្មីនោះទេ។ មានករណីមួយគួរឱ្យចាប់អារម្មណ៍នៅប្រទេសអូស្ត្រាលីមានអ្នកដំណើរម្នាក់ត្រូវបានចាប់ខ្លួនពីបទបង្កើតWi-Fi ក្លែងបន្លំ នៅក្នុងអាកាសយានដ្ឋាននិងនៅលើយន្តហោះអំឡុងពេលហោះហើរ។

បច្ចុប្បន្ននេះក្រុមហ៊ុនអាកាសចរណ៍កំពុងផ្តល់ការកម្សាន្តតាមរយៈការប្រើប្រាស់ Wi-Fi នៅលើយន្តហោះនិងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការចូលវេបផតថលការកម្សាន្តដោយប្រើឧបករណ៍ចល័តរបស់ខ្លួនជាជាងការប្រើប្រាស់អេក្រង់នៅកៅអីខាងក្រោយ។

របៀបដំណើរការ៖ បន្ទាប់ពីហោះឡើង អ្នកប្រើប្រាស់អាចភ្ជាប់ Wi-Fi នៅលើទូរសព្ទ កុំព្យូទ័រយួរដៃ ឬថេប្លេត បន្ទាប់មកបើកកម្មវិធីរុករកតាមអ៊ីនធឺណិត ដោយចូលទៅលើវិបផតថលប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហ៊ុនអាកាសចរណ៍ បន្ទាប់មកអ្នកអាចធ្វើការជ្រើសរើស ភាពយន្ត តន្ត្រី ហ្គេម និងការកម្សាន្តច្រើនទៀត ព្រមទាំងអាចមានទាំងការប្រើប្រាស់សេវាអ៊ីនធឺណិតសម្រាប់ការបង់ប្រាក់បន្ថែមជាដើម។

ការធ្វើបែបនេះជួយសន្សំថវិការដល់ក្រុមហ៊ុនអាកាសចរណ៍ជាជាងការដំឡើង និងថែរក្សាអេក្រង់នៅលើកៅអីអង្គុយក្រោយ។ ក្នុងករណីនេះទាមទារឱ្យអ្នកធ្វើដំណើរមានការប្រុងប្រយ័ត្នចំពោះការចូលប្រើប្រាស់ ព្រោះចោរបច្ចេកវិទ្យា ឬហេកគ័រ អាចប្រើកុំព្យូទ័រយួរដៃ និងឧបករណ៍ចល័ត Wi-Fi hotspot ដើម្បីបង្កើតឈ្មោះបណ្តាញ Wi-Fi ដូចគ្នាទៅនឹងបណ្តាញដែលផ្តល់ដោយក្រុមហ៊ុនអាកាសចរណ៍។

អ្នកដំណើរអាចនឹងមិនមានការសង្ស័យចំពោះការភ្ជាប់ Wi-Fi របស់ចោរបច្ចេកវិទ្យា ដោយគិតថាជាបណ្តាញផ្លូវការ ដោយសារសញ្ញារបស់វាខ្លាំងជាង និងមានឈ្មោះដូចគ្នា ក្រោយពីភ្ជាប់ទៅកាន់បណ្តាញរបស់ចោរបច្ចេកវិទ្យា អ្នកប្រើប្រាស់ត្រូវបានបញ្ជូនទៅទំព័រផ្ទៀងផ្ទាត់ក្លែងក្លាយ ដែលមានការស្នើសុំឱ្យអ្នកបញ្ចូលអាសយដ្ឋានអ៊ីមែល ពាក្យសម្ងាត់ ព័ត៌មានបណ្ដាញសង្គម ឬព័ត៌មានកាតឥណទា។ ចោរបច្ចេកវិទ្យា ឬហេកគ័រ មានបំណងប្រើប្រាស់ទិន្នន័យ លួចគណនី និងប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។

ការកំណត់គោលដៅនៃការវាយប្រហារនេះអាចនឹងងាយជោគជ័យ ដោយសារតែអ្នកប្រើប្រាស់ពុំមានជម្រើសច្រើននោះទេ ដែលជម្រើស (១) ធ្វើតាមការណែនាំដោយត្រូវផ្តល់ព័ត៌មានដើម្បីចូលប្រើប្រាស់សេវា ឬ (២) មិនអនុវត្តតាមការណែនាំដែលមិនអាចប្រើប្រាស់សេវា ហេតុនេះ ដោយសារអ្នកប្រើប្រាស់ត្រូវហោះហើយរយៈពេលយូរនៅលើយន្តហោះ អាចនាំឱ្យអ្នកប្រើប្រាស់ចង់ចូលប្រើសេវាកម្សាន្ត ដោយធ្វើការបំពេញព័ត៌មានតាមការណែនាំ។

 ២. របៀបប្រើ Wi-Fi នៅលើយន្តហោះដោយសុវត្ថិភាព

ការណែនាំអំពីការប្រើប្រាស់ Wi-Fi ឥតគិតថ្លៃមានគន្លឹះចំនួនពីរសាមញ្ញ ៖ ប្រើប្រាស់បណ្តាញ 4G/5G ជំនួសឱ្យ Wi-Fi hotspots សាធារណៈតាមតែអាចធ្វើទៅបាន ហើយនៅពេលដែលអ្នកមិនមានជម្រើស អ្នកគួរតែភ្ជាប់បណ្តាញ virtual private network (VPN)។ ប៉ុន្តែក្នុងករណីហោះហើរនៅរយៈកម្ពស់ខ្ពស់ការប្រើប្រាស់បណ្តាញ 4G/5G គឺនៅឆ្ងាយដែលមិនអាចប្រើប្រាស់បាន។ អ្នកត្រូវតែបិទ VPN របស់អ្នកដើម្បីភ្ជាប់ទៅកាន់វិបផតថលក្នុងជើងហោះហើរ ទោះបីជាអ្នកបង់ប្រាក់សម្រាប់ការចូលប្រើអ៊ីនធឺណិតនៅលើយន្តហោះក៏ដោយ VPN ទំនងជាមិនដំណើរការ។

នេះជាការណែនាំសម្រាប់ការរក្សាសុវត្ថិភាពពេលប្រើ Wi-Fi ក្នុងជើងហោះហើរ៖

  • ពុំគួរភ្ជាប់ Wi-Fi ក្នុងជើងហោះហើរដោយគ្រាន់តែចង់ដឹង ឬចង់មើលអ្វីដែលក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូន
  • រៀបចំទាញយកភាពយន្ត និងតន្ត្រីទៅកាន់ឧបករណ៍របស់អ្នកជាមុន ដើម្បីកុំឱ្យពឹងផ្អែកលើការកម្សាន្តរបស់ក្រុមហ៊ុនអាកាសចរណ៍ផ្តល់ជូន
  • ប្រសិនបើអ្នកនៅតែត្រូវការ Wi-Fi សូមពិនិត្យមើលការណែនាំនៅក្នុងហោប៉ៅកៅអីរបស់អ្នកដោយប្រុងប្រយ័ត្ន។ ក្នុងហោប៉ៅកៅអីយន្តហោះមានរាយឈ្មោះ Wi-Fi ផ្លូវការ និងរបៀបក្នុងការតភ្ជាប់
  • ប្រយ័ត្នចំពោះភាពខុសគ្នា ប្រសិនបើសង្កេតឃើញថាការភ្ជាប់ Wi-Fi ហាក់ដូចជាមានភាពខុសគ្នាទៅនឹងការណែនាំ ឬស្នើសុំឱ្យបញ្ចូលព័ត៌មានផ្ទាល់ខ្លួនលម្អិតដូចជា អ៊ីមែល ពាក្យសម្ងាត់ ព័ត៌មានលម្អិតអំពីលិខិតឆ្លងដែន ឬព័ត៌មានការទូទាត់ សូមផ្តាច់ភ្លាមៗ ហើយជូនដំណឹងដល់អ្នកបម្រើលើយន្តហោះ និងសួរបញ្ជាក់អ្នកបម្រើសេវានៅលើយន្តហោះ អំពីភាពត្រឹមត្រូវនៃបណ្តាញ Wi-Fi
  • ជៀសវាងការទាញយកអ្វីទាំងអស់ក្នុងអំឡុងពេលហោះហើរ ការភ្ជាប់ទៅបណ្តាញរបស់យន្តហោះមិនគួរទាមទារការដំឡើងកម្មវិធី ឬកម្មវិធីជំនួយ ករណីបណ្តាញស្នើសុំឱ្យដំឡើងកម្មវិធីផ្សេងៗ សូមផ្តាច់ចេញភ្លាមៗ
  • ប្រសិនបើអ្នកភ្ជាប់ទៅបណ្តាញ Wi-Fi ដើម្បីប្រើអ៊ីនធឺណិតក្នុងយន្តហោះ សូមព្យាយាមបើក VPN របស់អ្នកភ្លាមៗ នៅពេលបណ្តាញត្រូវតភ្ជាប់ ប្រសិនបើ VPN មិនអាចបើកបាន សូមកាត់បន្ថយសកម្មភាពលើអ៊ីនធឺណិតរបស់អ្នកឱ្យតិចបំផុត ហើយកុំចូលទៅប្រើប្រាស់សេវាកម្ម ធនាគារអនឡាញ គេហទំព័ររដ្ឋាភិបាល ឬអ៊ីមែល
  • រក្សាចំនួនឧបករណ៍ដែលអ្នកភ្ជាប់ទៅ Wi-Fi ក្នុងជើងហោះហើរឱ្យតិចបំផុត
  • ប្រសិនបើអ្នកបានភ្ជាប់ មុនពេលចុះចត ត្រូវប្រាកដថាចូលទៅកាន់ការកំណត់ Wi-Fi ហើយជ្រើសយកពាក្យ “ភ្លេច” ដើម្បីលុបចេញការចងចាំបណ្តាញក្រុមហ៊ុនអាកាសចរណ៍ពីក្នុងឧបករណ៍។ បន្ទាប់មក អ្នកអាចដាក់ឧបករណ៍របស់អ្នកក្នុងស្ថានភាពធ្វើដំណើរនៅលើយន្តហោះតាមតម្រូវការដោយបទប្បញ្ញត្តិអាកាសចរណ៍។

៣.ឯកសារពាក់ព័ន្ធ

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.