August 12, 2025

Language:

ឯកឧត្តមរដ្ឋលេខាធិការ ជុន វ៉ាត បានអញ្ជើញជាអធិបតីក្នុងវេទិកាស្តីពី សុវត្ថិភាពលើប្រព័ន្ធអនឡាញ ឆ្នាំ២០២៥ លើកទី២ ក្រោមមូលបទ៖ “កសាងទំនុកចិត្តក្នុងយុគសម័យបញ្ញាសិប្បនិម្មិត”

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងវេទិកាស្តីពី សុវត្ថិភាពលើប្រព័ន្ធអនឡាញ ឆ្នាំ២០២៥ លើកទី២ ក្រោមមូលបទ “កសាងទំនុកចិត្តក្នុងយុគសម័យបញ្ញាសិប្បនិម្មិត” នៅ មជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនបច្ចេកវិទ្យា អង្គការសង្គមស៊ីវិល គ្រឹះស្ថានអប់រំ លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត និងសាធារណជនជាច្រើនកុះករប្រមាណ ៦០០ នាក់។

វេទិកានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជាអំពីហានិភ័យលើប្រព័ន្ធអនឡាញ ចែករំលែកចំណេះដឹងអំពីបច្ចុប្បន្នភាពបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ(Al) ជាពិសេស Generative AI ជា AI ជំនាន់ថ្មីដែលមានសមត្ថភាពផលិតមាតិកាល្អ និងមាតិកាមិនសមរម្យដែលអាចបង្កហានិភ័យ និង គ្រោះថ្នាក់ដល់សុខភាពសាធារណៈ និងសណ្តាប់ព័ត៌មានសង្គម។ វេទិកានេះរៀបចំឡើង២ទម្រង់ ក្នុងពេលតែមួយរួមមាន៖ កិច្ចពិភាក្សា (Panel Discussion) ចំនួន ៤ប្រធានបទ និងបន្ទប់សិក្ខាសាលអនុវត្តផ្ទាល់ (Practical Workshop) ចំនួន ២បន្ទប់ ដែលអនុញ្ញាតឱ្យសាធារណៈជនចូលរួម ដោយសេរី ព្រមទាំងមានការដាក់តាំងបង្ហាញសមិទ្ធផលសេវាសាធារណៈឌីជីថលរបស់ ក.ប.ទ. ផងដែរ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា វេទិកានេះជាការឆ្លុះបញ្ជាំងពីយន្តការសហការគ្រប់ភាគីពាក់ព័ន្ធ (Multistakeholder Approach) ជាយន្តការមានសារៈសំខាន់ ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់លើប្រព័ន្ធអនឡាញប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព។ ជាការពិតជាក់ស្តែង ការរក្សាសន្តិសុខ និងសុវត្ថិភាពលើប្រព័ន្ធអនឡាញ ទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះរាជរដ្ឋាភិបាលជាអ្នកសម្រេចដាក់ចេញនូវគោលនយោបាយ ចំណែកវិស័យឯកជន ជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលត្រូវការអនុវត្តវិធានបច្ចេកទេសទាំងឡាយដែលអាចការពារសុវត្ថិភាពផលិតផល សេវា និងអ្នកប្រើប្រាស់របស់ខ្លួន។ ក្នុងនោះផងដែរ អ្នកប្រើប្រាស់ត្រូវមាននូវការយល់ដឹងលើចំណុចសំខាន់ៗ ព្រមទាំងរបៀបការពារខ្លួន។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ អំពាវនាវដល់អ្នកប្រើប្រាស់គ្រប់រូបបង្កើននូវការប្រុងប្រយ័ត្ន និងត្រូវអភិវឌ្ឍចំណេះដឹងខ្លួនលើផ្នែកសុវត្ថិភាពអនឡាញជាប្រចាំ ដើម្បីបង្កើនការរក្សាសុវត្ថិភាពរបស់ខ្លួននៅលើលំហសាយប័រ បានគ្រប់ជ្រុងជ្រោយ និងលើកទឹកចិត្តអ្នកចូលរួមទាំងអស់ចូលស្តាប់ និងសិក្សាពីបញ្ហា ព្រមទាំងវិធីសាស្រ្តនានាក្នុងបន្ទប់សិក្ខាសាលាដែលក្រុមការងារបានរៀបចំឡើងក្នុងវេទិកានេះ ដើម្បីបង្កើនការយល់ដឹង និងចូលរួមទាំងអស់គ្នាក្នុងការកសាងបរិស្ថានឌីជីថលប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជនជាពិសេសកុមារកម្ពុជា។
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.