May 20, 2025

Language:

ការប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥ (Cambodia National Cybersecurity Competition 2025)

ឯកឧត្តមរដ្ឋលេខាធិការ ជុន វ៉ាត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ការប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥ (Cambodia National Cybersecurity Competition 2025)
រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់និងប្រកាសបេក្ខជនឆ្នើមចំនួន ២០រូប ក្នុងការប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥ (Cambodia National Cybersecurity Competition 2025) បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញអស់រយៈពេល ៨ម៉ោង នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
កម្មវិធីនេះ រៀបចំឡើងដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃ ក.ប.ទ. ក្នុងគោលបំណងជ្រើសរើសបេក្ខភាពឆ្នើមចំនួន ៤រូប តំណាងប្រទេសកម្ពុជា សម្រាប់ចូលរួមប្រកួតវគ្គអាស៊ាន (ASEAN ROUND) និងវគ្គអាស៊ានសាយប័រស៊ីហ្គេម (ASEAN Cyber SEA Game) រៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន សម្រាប់កសាងសមត្ថភាពសន្តិសុខសាយប័រ ASEAN-Japan Cybersecurity Capacity Building Centre (AJCCBC) នៅប្រទេសថៃ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានអបអរសាទរនិងប្រគល់ពានរង្វាន់ដល់បេក្ខជនជ័យលាភីចំនួន ៥រូប ក្នុងចំណោមបេក្ខភាពទាំង ១០០រូប ដែលបានចូលរួមក្នុងការប្រកួត និងទទួលបានមេដាយ ព្រមទាំងរង្វាន់លើកទឹកចិត្ត ដូចខាងក្រោម៖
– ជ័យលាភីលេខ ១ លោក ប៉ាន់ វិច្ឆិកា ទទួលបានប្រាក់រង្វាន់ចំនួន ២,០០០,០០០ រៀល
– ជ័យលាភីលេខ ២ លោក ស៊ុន គីមស្រួល ទទួលបានប្រាក់រង្វាន់ចំនួន ១,៥០០,០០០ រៀល
– ជ័យលាភីលេខ ៣ លោក ហាក់ វិទូ ទទួលបានប្រាក់រង្វាន់ចំនួន ១,០០០,០០០ រៀល
– ជ័យលាភីលេខ ៤ លោក ប៊ុនចំណាន ទទួលបានប្រាក់រង្វាន់ចំនួន ៥០០,០០០ រៀល និង
– ជ័យលាភីលេខ ៥ លោក ម៉េង រដ្ឋារី ទទួលបានប្រាក់រង្វាន់ចំនួន ៥០០,០០០ រៀល។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ បានប្រកាសបេក្ខជនឆ្នើមចំនួន ១៥រូប បន្ថែមពីលើបេក្ខជនជ័យលាភីចំនួន ៥រូប ខាងលើ ដើម្បីទទួលបានការបណ្ដុះបណ្ដាល និងពង្រឹងជំនាញបច្ចេកទេសផ្នែកសន្តិសុខសាយប័រពីគ្រូបង្គោលរយៈពេល ៤ខែ សម្រាប់ត្រៀមខ្លួនក្នុងការប្រកួតបន្តទៀត។
ក.ប.ទ. សូមអបអរសាទរដល់បេក្ខជនជ័យលាភីទាំង ២០រូប ព្រមទាំងបេក្ខជន បេក្ខនារីទាំងអស់ដែលបានប្រឹងប្រែង និងយកចិត្តទុកដាក់យ៉ាងពេញទំហឹងសម្រាប់ការការប្រកួតប្រជែងតាំងពីវគ្គជម្រុះរហូតដល់វគ្គផ្ដាច់ព្រ័ត្ត។
កម្មវិធីប្រកួតថ្នាក់ជាតិសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥ បង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ ក.ប.ទ. ក្នុងការការលើកកម្ពស់មូលធនឌីជីថលនៅក្នុងវិស័យសន្តិសុខសាយប័រ និងការប្រកួតប្រជែងក្នុងវិស័យសន្តិសុខសាយប័រនៅប្រទេសកម្ពុជានិងក្នុងតំបន់។
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.