April 28, 2024

Language:

វគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន លើកទី២

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា(CADT) ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន» លើកទី២ ដែលបានសហការរៀបចំជាមួយក្លឹបអ្នកការសែតកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា មន្ត្រីរាជការ និងបុគ្គលិកនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសិក្ខាកាមជាអ្នកសារព័ត៌មានប្រមាណ ៥០រូប។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងបន្ថែមជូនដល់សមាជិកក្លឹបអ្នកកាសែតកម្ពុជា អំពីកម្មវិធីទូរសព្ទសម្រាប់ជួយការងារ ការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម និងសុវត្ថិភាពទាំងលើឧបករណ៍ និងលើប្រព័ន្ធអ៊ីនធឺណិត ដើម្បីឱ្យពួកគាត់អាចប្រកបវិជ្ជាជីវៈរបស់ខ្លួនកាន់តែមានប្រសិទ្ធភាពខ្ពស់ឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យាឌីជីថលនៅលើគ្រប់វិស័យ ជាពិសេសចូលរួមក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
នៅក្នុងឱកាសនោះ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានថ្លែងថា “អ្នកសារព័ត៌មានប្រៀបបាននឹងកងទ័ពជួរមុខមួយក្នុងការប្រើប្រាស់បញ្តាញសង្គម ដូច្នេះអ្នកសារព័ត៌មានត្រូវមានចំណេះដឹងបន្ថែមក្នុងការការពារខ្លួន”។ លោកបានបន្ថែមថា ក្រៅពីជំនាញខាងលើ អ្នកសារព័ត៌មានក៏ត្រូវបានបំប៉នបន្ថែមលើចំណេះដឹងក្នុងការប្រើប្រាស់កម្មវិធីថត កាត់តវីដេអូ តាមទូរសព្ទដៃ ការ Edit រូបថត ដាក់ក្រេឌីតលើរូបថតដោយប្រើទូរសព្ទដៃ និងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ( Messenger, Telegram, What’s App )…។
វគ្គបណ្ដុះបណ្ដាលនេះមានបទបង្ហាញពីលោក អ៊ូ ផាន់ណារិទ្ធ ប្រធាននាយកដ្ឋាន នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដោយផ្តោតលើប្រធានបទស្តីពី “សន្តិសុខសាយប័រសម្រាប់អ្នកទាំងអស់គ្នា”។
ស្របជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា សព្វថ្ងៃនេះបច្ចេកវិទ្យាឌីជីថលចេះតែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ជាកត្តាចំបងតម្រូវឱ្យអង្គភាព ស្ថាប័ននានា ជាពិសេសបុគ្គលខ្លួនឯងតែម្តង ត្រូវចាប់យកបច្ចេកវិទ្យាឌីជីថលជាការចំបាច់ក្នុងជីវភាពការងារ និងការរស់នៅប្រចាំថ្ងៃ និងបន្តការយល់ដឹងបន្ថែម បើមិនដូច្នេះទេអ្វីដែលយើងចេះពីប៉ុន្មានឆ្នាំមុន ត្រូវបាត់បង់ទាំងអស់។ លើសពីនេះទៅទៀត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាននិងកំពុងខិតខំរៀបចំវគ្គបណ្តុះបណ្តាលជាច្រើន ដើម្បីបញ្ជ្រាបការយល់ដឹងអំពីការប្រើប្រាស់បច្ចេកវិទ្យា និងផលប៉ះពាល់នានា ដែលកំពុងមានការគំរាមកំហែង និងហានិភ័យថ្មីៗនៅលើប្រព័ន្ធអុីនធឺណិតដល់មន្រ្តីរាជការ នៅតាមស្ថាប័ននានា ក៍ដូចជាកម្មវិធីសិក្សាជាច្រើនរួមទាំងការផ្តល់អាហារូបករណ៍សម្រាប់លើកទឹកចិត្តសិស្សានុសិស្សដើម្បីចាប់យកជំនាញនេះ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថាក្រសួងក៏បាននិងកំពុងរៀបចំផ្សព្វផ្សាយមាតិកាអប់រំអំពីការយល់ដឹងតាមរយៈបច្ចេកវិទ្យាឌីជីថលដើម្បីប្រជាពលរដ្ឋអាចទទួលបានព័ត៌មាន និងងាយស្រួលយល់ដឹងអំពីបច្ចេកវិទ្យាថ្មីៗ៕
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.