December 13, 2018

Language:

ព្រឹត្តិការណ៍ប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគន៍ និងព័ត៌មានថ្នាក់តំបន់ (CTF Cyber Conquest) លើកទី៩ នៅទីក្រុងសឹង្ហបុរី

សឹង្ហបុរី៖ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ លោក គីម អាន ប្រធានការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ​ (CamCERT) នៃនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) បានដឹកនាំនិស្សិតចំនួនពីររូបចូលរួមទៅចូលរួមព្រឹត្តិការណ៍ប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានលើកទី ៩ (9th Cyber Conquest) នៅទីក្រុងសឹង្ហបុរី ស្របពេលជាមួយនឹងព្រឹត្តិការណ៍ Singapore International Cyber Week។

នេះគឺជាលើកទី១ ហើយដែលភាគីសឹង្ហបុរីបើកឲ្យមានការចូលរួមពីសំណាក់និស្សិតមកពីប្រទេសក្នុងតំបន់អាស៊ាន (១០ប្រទេស) ប្រកួតប្រជែងជាមួយនឹងនិស្សិតមកពីគ្រឹះស្ថានបណ្តុះបណ្តាលនានារបស់សឹង្ហបុរី។ នៅក្នុងឆ្នាំ២០១៨នេះ មានក្រុមទាំងអស់ចំនួន ៣៦ ធ្វើការប្រកួតប្រជែងគ្នាជាលក្ខណៈ Capture The Flag (CTF) ទៅលើប្រធានបទមួយចំនួនដូចជា Programming, Crypto, Web, Digital Forensics និង​ Binary Reversing ជាដើម។

គួរបញ្ជាក់ថា និស្សិតពីររូបដែលបានទៅចូលរួមព្រឹត្តិការណ៍ប្រកួតប្រជែងខាងលើនេះ គឺទទួលបានជាប់ជ័យលាភីក្នុងស្រុក ក្នុងព្រឹត្តិការណ៍ Cambodia Cyber Contest 2018  ដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ឆ្លៀតក្នុងឧិកាសនោះផងដែរ ប្រតិភូកម្ពុជាដែលដឹកនាំដោយ ឯកឧត្តម ជា មានិត អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីសន្តិសុខលើប្រព័ន្ធអុីនធឺណិតលើកទី៣ ក៏បានទៅសំណេះសំណាលលើកទឹកចិត្តដល់ក្រុមកម្ពុជាផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា ទោះបីជាទទួលបានលទ្ធផលយ៉ាងមេចក៏ដោយ នេះគឺជាការដកស្រង់បទពិសោធន៍សម្រាប់កម្ពុជាដែលនៅក្មេងខ្ចីនៅឡើយសម្រាប់សមត្ថភាពក្នុងការប្រកួតប្រជែងនេះ។ យើងត្រូវប្រឹងប្រែងធ្វើការបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពសម្រាប់ការប្រកួតឆ្នាំក្រោយៗបន្តទៀត។

ការប្រកួតនេះប្រព្រឹត្តទៅមានរយៈពេល ០៧ម៉ោង ហើយជាលទ្ធផលគឺក្រុមកម្ពុជាទទួលបានចំណាត់ថ្នាក់ទី ២៨ លើ ៣៦ក្រុម៕