May 13, 2026

Language:

វគ្គបណ្ដុះបណ្ដាលស្ដីពី “យុទ្ធសាស្ត្រគ្រប់គ្រងសន្តិសុខសាយប័រ និងអភិបាលកិច្ចទ្រព្យសកម្មឌីជីថល”

ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា​ បានអញ្ជេីញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “យុទ្ធសាស្ត្រគ្រប់គ្រងសន្តិសុខសាយប័រ និងអភិបាលកិច្ចទ្រព្យសកម្មឌីជីថល”
—-

ខេត្តសៀមរាប៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ខូវ មករា​ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “យុទ្ធសាស្ត្រគ្រប់គ្រងសន្តិសុខសាយប័រ និងអភិបាលកិច្ចទ្រព្យសកម្មឌីជីថល” ដែលបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦​ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ និងបុគ្គលិកផ្នែកគ្រប់គ្រងសន្តិសុខសាយប័រ និងគ្រប់គ្រងទ្រព្យសម្បត្តិឌីជីថល​ បណ្ដាក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំនួន ២៥ស្ថាប័ន​ សរុបប្រមាណ ៥០រូប​ នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។

វគ្គបណ្ដុះបណ្ដាលរៀបចំឡេីងក្នុងគោលបំណងផ្ដល់ជូនសិក្ខាកាមនូវចំណេះដឹងកម្រិតខ្ពស់ និងសមត្ថភាពអនុវត្តជាក់ស្តែងក្នុងការគ្រប់គ្រងយុទ្ធសាស្ត្រសន្តិសុខសាយប័រ និងអភិបាលកិច្ចទ្រព្យសម្បត្តិឌីជីថល ដោយឱ្យសិក្ខាកាមអាចសម្របសម្រួលសកម្មភាពសន្តិសុខសាយប័រឱ្យស្របតាមគោលបំណងអង្គភាព ពង្រឹងក្របខណ្ឌអភិបាលកិច្ច និងលើកកម្ពស់ភាពធន់សាយប័រដោយមានការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងកម្មវិធីសិក្សា និងស្តង់ដារវិជ្ជាជីវៈសន្តិសុខសាយប័រអន្តរជាតិកំពូលៗ រួមមាន CISSP, CISM, និង CCISO។សិក្ខាកាមមិនត្រឹមតែទទួលបាននូវចំណេះដឹងផ្នែកបច្ចេកទេសប៉ុណ្ណោះទេប៉ុន្តែថែមទាំងទទួលបាននូវ ផ្នត់គំនិតជាយុទ្ធសាស្ត្រក្នុងការតភ្ជាប់សន្តិសុខសាយប័រទៅនឹងគោលដៅអាជីវកម្ម និងប្រតិបត្តិការរបស់ស្ថាប័នរៀងៗខ្លួន។

សូមជម្រាបជូនថា​ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងនៅក្រោមគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងជាការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីរាជការជំនាញនៅតាមក្រសួង-ស្ថាប័នរដ្ឋ លើជំនាញផ្នែកសន្តិសុខសាយប័រផងដែរ។

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.