November 15, 2024

Language:

វគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយ ការទូត ច្បាប់ និងនិយាមសន្តិសុខសាយប័រ

ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយ ការទូត ច្បាប់ និងនិយាមសន្តិសុខសាយប័រ ដល់មន្រ្តីសន្តិសុខសាយប័រកម្ពុជា ឡាវ និងវៀតណាម

ខេត្តសៀមរាប៖ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារអង្គរមិរ៉ាខល ខេត្តសៀមរាប
ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) បានអញ្ជើញជាអធិបតីបើកវគ្គ បណ្តុះបណ្តាលស្តីពីគោលនយោបាយ ការទូត ច្បាប់ និងនិយាមសន្តិសុខសាយប័រ (Capacity Building on Cybersecurity Policy, Diplomacy, Law and Norms) ដោយមានការអញ្ជើញចូលរួមពីតំណាង វិទ្យាស្ថានអាយស៊ីធីសម្រាប់សន្តិភាព (ICT for Peace Academy) ស្ថានទូតប្រទេសអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រសួងស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករទូរគមនាគមន៍ សាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវ មន្ត្រីជំនាញនៃ ក.ប.ទ. មន្រ្តីសន្តិសុខសាយប័រឡាវ និងវៀតណាម សរុបចំនួន ៣៩រូប។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់ដល់អ្នកចូលរួម នូវចំណេះដឹងនិងបទពិសោធន៍ពាក់ព័ន្ធនឹងការវិវត្តន៍ថ្មីៗជាអន្តរជាតិ លើទិដ្ឋភាពគោលនយោបាយ ការទូត ច្បាប់ និងនិយាមសន្តិសុខសាយប័រ ដោយមាន Prof. Przemek Rogusk និងអ្នកជំនាញសន្តិសុខសាយប័រ ជាគ្រូឧទ្ទេស។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានលើកឡើងថា ការធ្វើបរិវត្តកម្មឌីជីថលជាអាទិភាពមួយក្នុងរបៀបវារៈនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមសម្រាប់ប្រទេសក្នុងតំបន់ ដើម្បីចូលរួមក្នុងការសម្រេចឱ្យបាននូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព ( Sustainable Development Goal – SDG) របស់អង្គការសហប្រជាជាតិ។ ទន្ទឹមនឹងបច្ច័យវិជ្ជមាននៃបច្ចេកវិទ្យាឌីជីថល ក៍មានបច្ច័យអវិជ្ជមានដែលសហគមន៍អន្តរជាតិត្រូវផ្តោតការយកចិត្តទុកដាក់ និងសហការដោះស្រាយ ជាអាទិ៍ សន្តិសុខសាយប័រ និងផលប៉ះពាល់ដែលកើតចេញពីបំរែបំរួលយ៉ាងឆាប់រហ័សនៃរបៀបរបបការងារ និងការរស់នៅរបស់ប្រជាជន។ ហេតុនេះ ការកាត់បន្ថយគន្លាតនៃការយល់ឃើញខុសគ្នា លើបញ្ហានិងដំណោះស្រាយសន្តិសុខសាយប័រ ពីគ្រប់តួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីសន្តិសុខសាយប័រ (Cybersecurity ecosystem) ជាពិសេសបុគ្គលពាក់ព័ន្ធដែលមានវិជ្ជាជីវៈខុសៗគ្នា ដូចជា អ្នកការទូត អ្នកច្បាប់ អ្នកអនុវត្តន៍ច្បាប់ និងអ្នកបច្ចេកវិទ្យា, ជាកត្តាចាំបាច់ក្នុងការចូលរួមបង្កើនប្រសិទ្ធភាពនិងទំនុកចិត្តលើកិច្ចសន្ទនា, កិច្ចសហការ, ការអនុវត្តន៍ច្បាប់, និងនិយាមសន្តិសុខសាយប័រជាអន្តរជាតិ។

ស្របជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមថាសិក្ខាសាលានេះនឹងមានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគី ដើម្បីទទួលនូវការយល់ដឹងពីការវិត្តន៍ថ្មីៗ ការផ្លាស់ប្តូរបទពិសោធន៍ និងជាពិសេសការបង្កើតនូវទំនាក់ទំនងល្អរវាងសិក្ខាកាម។

ឯកសារយោង៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.