១. ព័ត៌មានទូទៅ
បណ្តាញបញ្ជូនទិន្នន័យសុវត្ថិភាព SSH (SSH tunnel) គឺជាមធ្យោបាយមានសុវត្ថិភាពសម្រាប់បញ្ជូនចរាចរណ៍ទិន្នន័យតាមរយៈតំណភ្ជាប់ SSH ដែលមានកូដនីយកម្ម។ វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលប្រើសេវាឯកជនដោយមិនចាំបាច់បើកឱ្យសេវាទាំងនោះអាចចូលប្រើដោយផ្ទាល់ពីអ៊ីនធឺណិត។ ស្ថាប័នជាច្រើនតែងប្រើបណ្តាញបញ្ជូនទិន្នន័យសុវត្ថិភាព SSH ដើម្បីចូលប្រើប្រព័ន្ធខាងក្នុង ការពារពិធីការចាស់ៗ និងដោះស្រាយបញ្ហាចូលប្រើបណ្ដាញជាបណ្ដោះអាសន្ន។
២. សកម្មភាពនៃបណ្តាញបញ្ជូនទិន្នន័យសុវត្ថិភាព SSH
បណ្តាញបញ្ជូនទិន្នន័យសុវត្ថិភាព SSH បញ្ជូនចរាចរណ៍របស់កម្មវិធីតាមរយៈតំណភ្ជាប់ SSH ដែលមានកូដនីយកម្មរវាងកុំព្យូទ័រពីរ។ កម្មវិធីដែលប្រ់ប្រាស់បណ្ដាញនេះមិនត្រូវបានផ្លាស់ប្តូរ ឬផ្លាស់ទីឡើយ មានតែផ្លូវបណ្ដាញប៉ុណ្ណោះដែលត្រូវបានផ្លាស់ប្តូរ។
៣. របៀបដំណើរការរបស់ផ្លូវបណ្ដាញ
ដំបូង SSH client បង្កើតតំណភ្ជាប់មានសុវត្ថិភាពទៅកាន់កុំព្យូទ័រពីចម្ងាយ។ បន្ទាប់មក SSH បង្កើតបណ្ដាញបញ្ជូនបន្តមួយនៅខាងក្នុងតំណភ្ជាប់នោះ។ កម្មវិធីដែលប្រើប្រាស់បណ្ដាញនៅតែបន្តប្រើពិធីការធម្មតារបស់ខ្លួន ដូចជាចរាចរណ៍វេប ឬមូលដ្ឋានទិន្នន័យ ប៉ុន្តែទិន្នន័យរបស់កម្មវិធីនឹងធ្វើដំណើរតាមរយៈតំណភ្ជាប់ SSH ដែលមានកូដនីយកម្ម ជំនួសឱ្យតំណភ្ជាប់បណ្ដាញដោយផ្ទាល់។
៤. ការបញ្ជូនបន្តក្នុងប្រព័ន្ធ និងពីចម្ងាយ (Local and Remote Forwarding)
ការបញ្ជូនបន្តក្នុងប្រព័ន្ធ (local forwarding) គឺជាប្រភេទបណ្តាញបញ្ជូនទិន្នន័យសុវត្ថិភាព SSH ដែលគេប្រើញឹកញាប់ជាងគេ។ ច្រក (port) មួយនៅលើកុំព្យូទ័ររបស់អ្នកទទួលយកការតភ្ជាប់ ហើយបញ្ជូនការតភ្ជាប់ទាំងនោះបន្តតាម SSH ទៅកាន់សេវាឯកជនមួយនៅលើកុំព្យូទ័រផ្សេងទៀត។ ប្រភេទនៃការបញ្ជូនបន្តនេះត្រូវបានប្រើជាទូទៅដើម្បីចូលប្រើមូលដ្ឋានទិន្នន័យ វេបសាយផ្ទៃក្នុង និងអន្តរមុខគ្រប់គ្រង (management interfaces) ដោយមិនចាំបាច់បើកឱ្យសាធារណជនអាចចូលប្រើបានពីមជ្ឈដ្ឋានក្រៅ។
ការបញ្ជូនបន្តពីចម្ងាយ (remote forwarding) ដំណើរការក្នុងទិសដៅផ្ទុយពីការបញ្ជូនបន្តក្នុងប្រព័ន្ធ។ កុំព្យូទ័រពីចម្ងាយបើកច្រករង់ចាំទទួលការតភ្ជាប់មួយ ហើយចរាចរណ៍ត្រូវបានបញ្ជូនត្រឡប់តាមតំណភ្ជាប់ SSH ទៅកាន់សេវាដែលកំពុងដំណើរការនៅលើកុំព្យូទ័ររបស់អ្នក។ វាមានប្រយោជន៍សម្រាប់ការផ្តល់ជំនួយពីចម្ងាយ ឬការធ្វើតេស្តកម្មវិធីដែលស្ថិតនៅពីក្រោយឧបករណ៍ចង្អុលផ្លូវទិន្នន័យ (router) ឬជញ្ជាំងភ្លើង (firewall)។
៥. ការបញ្ជូនបន្តបែបចម្រុះ (Dynamic Forwarding)
ជាជាងការបញ្ជូនចរាចរណ៍ទៅកាន់គោលដៅថេរតែមួយ ការបញ្ជូនបន្តបែបចម្រុះអាចបញ្ជូនចរាចរណ៍ទៅកាន់គោលដៅផ្សេងៗតាមតម្រូវការ។ កម្មវិធីរុករកវេប (web browser) អាចប្រើបណ្តាញបញ្ជូនទិន្នន័យសុវត្ថិភាពប្រភេទនេះសម្រាប់ជាមធ្យោបាយចូលប្រើមានសុវត្ថិភាពជាបណ្ដោះអាសន្ន ឬដោះស្រាយបញ្ហា។
៦. កាលៈទេសៈគួរប្រើបណ្តាញបញ្ជូនទិន្នន័យសុវត្ថិភាព SSH
បណ្តាញបញ្ជូនទិន្នន័យសុវត្ថិភាព SSH ដំណើរការបានល្អបំផុត នៅពេលការចូលប្រើមានលក្ខណៈបណ្ដោះអាសន្ន និងមានដែនកំណត់។ វាមានប្រយោជន៍សម្រាប់ការចូលប្រើមូលដ្ឋានទិន្នន័យឯកជន កម្មវិធីវេបផ្ទៃក្នុង អន្តរមុខថែទាំ (maintenance interface) និងដោះស្រាយបញ្ហាក្នុងប្រព័ន្ធ។ ជាជាងការបើកច្រកលើជញ្ជាំងភ្លើងសម្រាប់កិច្ចការរយៈពេលខ្លី អ្នកអាចបង្កើតបណ្តាញបញ្ជូនទិន្នន័យសុវត្ថិភាព SSH បណ្ដោះអាសន្នមួយ ហើយបិទវានៅពេលការងារបានបញ្ចប់។
៧. កាលៈទេសៈមិនសមស្របសម្រាប់ប្រើប្រាស់បណ្តាញបញ្ជូនទិន្នន័យសុវត្ថិភាព SSH
បណ្តាញបញ្ជូនទិន្នន័យសុវត្ថិភាព SSH មិនមែនជាដំណោះស្រាយល្អសម្រាប់ការចូលប្រើជាអចិន្ត្រៃយ៍ទេ។ វាពឹងផ្អែកលើអ្នកប្រើប្រាស់ម្នាក់ និងសម័យ SSH (SSH session) ដែលកំពុងដំណើរការមួយ ដូច្នេះវាមានភាពទុកចិត្តបានតិចជាងសម្រាប់ការប្រើប្រាស់រយៈពេលវែង។ វាក៏ពិបាកគ្រប់គ្រងផងដែរ នៅពេលមនុស្សជាច្រើនត្រូវការចូលប្រើ។ ប្រសិនបើអ្នកប្រើប្រាស់ច្រើននាក់ត្រូវការចូលប្រើជាប្រចាំ ដំណោះស្រាយចូលប្រើពីចម្ងាយដែលមានការគ្រប់គ្រងត្រឹមត្រូវជាទូទៅគឺជាជម្រើសល្អជាង។
៨. ដែនកំណត់សន្តិសុខនៃបណ្តាញបញ្ជូនទិន្នន័យសុវត្ថិភាព SSH
បណ្តាញបញ្ជូនទិន្នន័យសុវត្ថិភាព SSH ធ្វើកូដនីយកម្មលើចរាចរណ៍បណ្ដាញ ប៉ុន្តែដំណើរការកូដនីយកម្មតែមួយមុខមិនធ្វើឱ្យវាមានសុវត្ថិភាពពេញលេញនោះទេ។ កូនសោ SSH ដែលខ្សោយ ឬការផ្ទៀងផ្ទាត់ម៉ាស៊ីនគោលដៅមិនបានត្រឹមត្រូវ ឬការបញ្ជូនបន្តនូវសេវាច្រើនពេក នៅតែអាចបង្កហានិភ័យសន្តិសុខបាន។ កំណត់ហេតុក៏អាចកាន់តែមិនច្បាស់លាស់ដែរ ព្រោះគោលដៅមើលឃើញត្រឹមថាចរាចរណ៍មកពីម៉ាស៊ីនបម្រើ SSH ជំនួសឱ្យអ្នកប្រើប្រាស់ដើម។ បណ្តាញបញ្ជូនទិន្នន័យសុវត្ថិភាព SSH គួរតែប្រើជាបណ្ដោះអាសន្ន មានអ្នកទទួលខុសត្រូវច្បាស់លាស់ និងអនុញ្ញាតឱ្យចូលប្រើតែក្នុងកម្រិតអប្បបរមាដែលចាំបាច់ប៉ុណ្ណោះ។
៩. ការត្រួតពិនិត្យរហ័សមុនសម្រេចចិត្ត
មុនពេលបង្កើតបណ្តាញបញ្ជូនទិន្នន័យសុវត្ថិភាព SSH សូមសួរសំណួរទាំងនេះ៖ តើសេវានោះគួររក្សាទុកជាឯកជនដែរឬទេ? តើការចូលប្រើបណ្ដាញដោយផ្ទាល់ត្រូវបានរារាំង គ្មានសុវត្ថិភាព ឬមិនចាំបាច់ដែរឬទេ? តើនរណាជាអ្នកទទួលខុសត្រូវលើបណ្តាញបញ្ជូនទិន្នន័យសុវត្ថិភាពនេះ? តើវាគួរបន្តបើករយៈពេលប៉ុន្មាន? តើវានឹងត្រូវបិទដោយរបៀបណា?
ប្រសិនបើអ្នកអាចឆ្លើយសំណួរទាំងនេះបានច្បាស់លាស់ បណ្តាញបញ្ជូនទិន្នន័យសុវត្ថិភាព SSH ទំនងជាដំណោះស្រាយល្អមួយ។ បើមិនដូច្នោះទេ វិធីសាស្ត្រចូលប្រើដែលមានលក្ខណៈអចិន្ត្រៃយ៍ជាង និងមានការគ្រប់គ្រងជាមជ្ឈការ ទំនងជាជម្រើសសមស្របជាង។
១០. ឯកសារពាក់ព័ន្ធ
- https://hackread.com/what-ssh-tunnel-does-when-to-use-one/
- https://goteleport.com/blog/ssh-tunneling-explained/







