ខេត្តកំពត៖ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពឆ្លើយតបឧប្បតិ្តហេតុសាយប័រតាមរយៈការធ្វើលំហាត់” នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ នៅសណ្ឋាគារឌឺសឃ្វែរកំពត ខេត្តកំពត ដែលមានការអញ្ជើញចូលរួមពីមន្ត្រី និងបុគ្គលិកជំនាញជាន់ខ្ពស់ ផ្នែកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខសាយប័រ ផ្នែកគ្រប់គ្រងហានិភ័យសាយប័រ ផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិឌីជីថល មកពីបណ្តាក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ប្រតិបត្តិករទូរគមនាគមន៍និងអ៊ីនធឺណិត និងវិស័យធនាគារនិងហិរញ្ញវត្ថុសរុបប្រមាណ ៥០នាក់។
សិក្ខាសាលានេះរៀបចំឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២៦ ក្នុងគោលបំណងធ្វើឱ្យសន្តិសុខសាយប័រនៃសង្គមឌីជីថលរបស់កម្ពុជាមានភាពធន់ខ្ពស់ និងដើម្បីពង្រឹងសមត្ថភាពអនុវត្តផ្នែកសន្តិសុខសាយប័ររបស់អង្គភាព តាមរយៈលំហាត់សមលើតុ និងធ្វើការអនុវត្តសម្មតិកម្មឧប្បត្តិហេតុសាយប័រដែលប៉ះពាក់ដល់វិស័យសំខាន់ៗ ព្រមទាំងផ្តោតសំខាន់លើការធ្វើសេចក្តីសម្រេចចិត្ត ការទំនាក់ទំនង និងការឆ្លើយតបឧប្បតិ្តហេតុដោយសម្របសម្រួលរវាងក្រុមបច្ចេកទេស និងថ្នាក់គ្រប់គ្រង។
ថ្លែងក្នុងពិធីបិទ ឯកឧត្តមរដ្ឋលេខាធិការ ខូវ មករា បានលើកឡើងថា លទ្ធផលនៃវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ សិក្ខាកាមបានធ្វើលំហាត់ ដែលបានបង្ហាញយ៉ាងច្បាស់ថា ការដោះស្រាយវិបត្តិសន្តិសុខសាយប័រ មិនមែនជាការងាររបស់ផ្នែក IT ឬផ្នែកសន្តិសុខសាយប័រតែមួយមុខនោះទេ ភាពជោគជ័យក្នុងការឆ្លើយតប ទាមទារឱ្យមានការសហការគ្នាយ៉ាងស្អិតរមួត និងការប្រើប្រាស់ជំនាញចម្រុះពីគ្រប់អង្គភាពពាក់ព័ន្ធក្នុងក្រសួង-ស្ថាប័ន រួមមាន៖ ថ្នាក់ដឹកនាំកំពូល, ផ្នែកបច្ចេកទេស, ផ្នែកគ្រប់គ្រងហានិភ័យ និងអនុលោមភាព, និង ផ្នែកច្បាប់ និងទំនាក់ទំនងសាធារណៈ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តឱ្យស្ថាប័ននីមួយៗយកលទ្ធផល និងចំណុចខ្វះខាត (Gaps) ដែលរកឃើញពីលំហាត់នេះ ទៅធ្វើបច្ចុប្បន្នភាពផែនការឆ្លើយតបឧប្បត្តិហេតុ (Incident Response Plan) របស់ខ្លួនឱ្យកាន់តែមុតស្រួច និងមានប្រសិទ្ធភាពខ្ពស់នាពេលអនាគត។
















