July 31, 2025

Language:

ស្វែងយល់អំពីហានិភ័យ និងរបៀបដំណើរការឌីផែក (Deepfake)

១-    ព័ត៌មានទូទៅ

Deepfake គឺជាវីដេអូ រូបភាព ឬសំឡេងក្លែងក្លាយបង្កើតដោយប្រើប្រាស់ច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence, AI) ដែលមើលឬស្ដាប់ទៅហាក់សុទ្ធសឹងដូចជាពិតប្រាកដ។ នៅពេលដែលបច្ចេកវិទ្យា Deepfake កាន់តែរីកចម្រើនទៅ វាបង្កហានិភ័យជាច្រើន៖

  • ព័ត៌មាន និងដំណឹងក្លែងក្លាយ៖ Deepfake អាចផ្សព្វផ្សាយព័ត៌មានមិនពិត ដូចជាសុន្ទរកថាក្លែងក្លាយពីបុគ្គលនយោបាយ ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ។
  • ការបង្កើតមាតិកាដោយគ្មានការយល់ព្រមពីម្ចាស់ដើម៖ រូបភាព ឬសំឡេងបុគ្គលអាចត្រូវបានប្រើដោយគ្មានការអនុញ្ញាត ដូចជាក្នុងវីដេអូ Deepfake អាសអាភាស ឬការក្លែងបន្លំ។
  • ការធ្វើឱ្យបាត់បង់ទំនុកចិត្ត៖ ធ្វើឱ្យមនុស្សមានការសង្ស័យលែងជឿជាក់លើរាល់វីដេអូ ឬសារព័ត៌មាន មិនថាជាមាតិកា Deepfake ឬមាតិកាពិតប្រាកដ ដោយសារពិបាកបែងចែក។

ប៉ុន្តែ Deepfake ក៏អាចត្រូវបានប្រើប្រាស់ក្នុងគោលបំណងវិជ្ជមានផងដែរដូចជា៖

  • ធ្វើឱ្យបច្ចេកទេសកាត់តភាពយន្តមានតម្លៃទាប និងគុណភាពខ្ពស់។
  • កែប្រែមុខមាត់ដើម្បីការពារអនាមិកភាពរបស់សកម្មជន តែនៅរក្សាទឹកមុខដដែលនៅក្នុងវីដេអូជាដើម។

–    តើ Deepfake ត្រូវបានបង្កើតដោយរបៀបណា?

បច្ចេកវិទ្យា AI ចម្បងៗពីរអាចត្រូវបានប្រើសម្រាប់បង្កើត Deepfake៖

ក. GANs (បណ្តាញបង្កើតប្រឆាំងគ្នា Generative Adversarial Networks)

  • AI ពីរដំណើរការប្រឆាំងគ្នា៖
    • AI សម្រាប់បង្កើតមាតិកា៖ បង្កើតរូបភាព/វីដេអូក្លែងក្លាយ។
    • AI សម្រាប់សម្គាល់មាតិកាក្លែងក្លាយ៖ព្យាយាមកំណត់ថាតើមាតិកាដែលបានបង្កើតឡើងក្លែងក្លាយឬអត់។
  • នៅពេលដំណើរការបានមួយរយៈមក AI បង្កើតកាន់តែមានសមត្ថភាពពូកែក្នុងការបញ្ឆោត AI ចាប់មាតិកាក្លែងក្លាយ ធ្វើឱ្យមាតិកា Deepfake ដែលវាបង្កើតកាន់តែដូចការពិត។

ខ. ម៉ូដែល Diffusion (ថ្មី និង កាន់តែទំនើប)

  • AI ត្រូវ​បាន​បង្រៀន​ឱ្យ​បង្កើត​រូបភាព​ឡើងវិញ បន្ទាប់ពី​បាន​បន្ថែមសារធាតុ​រំខាន​ដោយ​ចៃដន្យទៅក្នុងរូបភាពនោះ (បង្ខូចទ្រង់ទ្រាយ)
  • អាចបង្កើតរូបភាពថ្មីពីឃ្លាបញ្ជា (ដូចជាសេវាកម្ម DALL-E ឬ Stable Diffusion)
  • បច្ចេកវិទ្យានេះទំនង​នឹង​ក្លាយ​ជា​វិធីសាស្ត្រ​ឈាន​មុខ​គេ​សម្រាប់​ការ​បង្កើត deepfake។

–    តើអ្នកអាចសម្គាល់ Deepfake បានដោយរបៀបណា?

នៅពេលដែល Deepfake វិវត្តកាន់តែល្អ ការកំណត់មាតិកាក្លែងក្លាយកាន់តែពិបាកឡើង ប៉ុន្តែយើងអាចពិនិត្យលើលក្ខណៈដូចខាងក្រោម៖

  • ការមើលភ្នែក និងត្រចៀក៖
    • ចលនាមិនធម្មតា៖មុខមានអាការៈចម្លែក ភ្នែកញាក់ ឬមាត់មិនសមជាមួយសំឡេង
    • ពន្លឺ/ស្រមោលមិនស្មើគ្នា៖រូបភាពមានចំណុចចម្លែកឬមានគែមមិនច្បាស់
    • សំឡេងមិនផ្គូផ្គង៖សំឡេងមិនស្របជាមួយឥរិយាបថធម្មតារបស់អ្នកនិយាយ។
  • សំណៅឌីជីថល៖
    • មាតិកាដែលបង្កើតដោយ AI មួយចំនួនអាចបន្សល់ទុកនូវសញ្ញាណអាចកំណត់បានក្នុងភីកសែល ឬរលកសំឡេង អាចរកឃើញបានដោយប្រើកម្មវិធីពិសេស។
  • ពិនិត្យមើលប្រភព៖
    • តើមាតិកានេះត្រូវបានចែករំលែកដោយគណនីសង្ស័យ ឬ bot ឬទេ?
    • តើមាតិកានេះមានការបញ្ជាក់ពីប្រភពព័ត៌មានអាចទុកចិត្តបានឬទេ?

–    ឯកសារពាក់ព័ន្ធ

  • https://www.turing.ac.uk/blog/what-are-deepfakes-and-how-can-we-detect-them
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.