១- ព័ត៌មានទូទៅ
នាពេលបច្ចុប្បន្ន អង្គភាពនានាកំពុងប្រឈមមុខនឹងហានិភ័យខ្ពស់ផ្នែកសុវត្ថិភាពសន្តិសុខសាយប័រខណៈពេលដែលបុគ្គលិករបស់ខ្លួនធ្វើដំណើរ។ អ្នកធ្វើដំណើរធុរកិច្ចគឺជាគោលដៅចម្បងរបស់ឧក្រិដ្ឋជនសាយប័រ ពីព្រោះពួកគេតែងតែកាន់ទិន្នន័យដ៏មានតម្លៃ ហើយអាចនឹងមិនសូវមានការប្រុងប្រយ័ត្នក្នុងការការពារឧបករណ៍របស់ខ្លួនឡើយ។ អត្ថបទនេះនឹងលើកឡើងអំពីហានិភ័យសំខាន់ៗផ្នែកសុវត្ថិភាពសន្តិសុខសាយប័រសម្រាប់អ្នកធ្វើដំណើរធុរកិច្ច និងបង្ហាញពីជំហានដែលនិយោជកអាចអនុវត្តដើម្បីកាត់បន្ថយហានិភ័យទាំងនេះ។
២- ការគំរាមកំហែងផ្នែកសន្តិសុខសាយប័រពេលកំពុងធ្វើដំណើរ
កុំព្យូទ័រយួរដៃ ស្មាតហ្វូន និងថេប្លេតរបស់អ្នកធ្វើដំណើរធុរកិច្ចងាយរងគ្រោះបំផុតចំពោះការលួចទិន្នន័យ ការបាត់បង់ និងការលួចឧបករណ៍។ ការគំរាមកំហែងសាយប័រទូទៅ ដែលអ្នកធ្វើដំណើរធុរកិច្ចអាចជួបប្រទះរួមមាន៖
- បណ្ដាញ Wi-Fi ដែលគ្មានសុវត្ថិភាព៖ ថ្វីត្បិតតែបណ្ដាញ Wi-Fi សាធារណៈមានភាពងាយស្រួលក៏ដោយ ប៉ុន្តែវាមិនមានសុវត្ថិភាពទេ ហើយអាចអនុញ្ញាតឱ្យឧក្រិដ្ឋជនសាយប័រចូលប្រើប្រាស់ឧបករណ៍ដែលបានភ្ជាប់ (ក៏ដូចជាទិន្នន័យដែលបានរក្សាទុកលើឧបករណ៍ទាំងនោះ) បានងាយស្រួលជាងបណ្ដាញ Wi-Fi ឯកជន។
- កុំព្យូទ័រដែលអាចប្រើប្រាស់ជាសាធារណៈ៖ ពេលខ្លះ អ្នកធ្វើដំណើរធុរកិច្ចចាំបាច់ត្រូវប្រើព័ត៌មានសម្ងាត់ចូលគណនីរបស់ពួកគេនៅលើកុំព្យូទ័រសាធារណៈ។ ប៉ុន្តែកុំព្យូទ័រសាធារណៈច្រើនតែខ្វះសមត្ថភាពផ្នែកសុវត្ថិភាពគ្រប់គ្រាន់ ហើយថែមទាំងអាចមានឆ្លងមេរោគផងដែរ។
- ការលួច ឬបាត់បង់ឧបករណ៍៖ ការលួច ឬការបាត់បង់ឧបករណ៍គឺជាការគំរាមកំហែងដ៏ធំមួយសម្រាប់អ្នកធ្វើដំណើរធុរកិច្ច ពីព្រោះវាអាចបណ្តាលឱ្យមានការលាតត្រដាងនូវទិន្នន័យសំខាន់ៗ។ ឧបករណ៍អាចបាត់បង់ ឬត្រូវបានលួចនៅក្នុងព្រលានយន្តហោះ កន្លែងទទួលភ្ញៀវនៅក្នុងសណ្ឋាគារ បន្ទប់សន្និសីទ ឬរថយន្តឈ្នួល។
៣- របៀបដែលនិយោជកអាចកាត់បន្ថយហានិភ័យផ្នែកសន្តិសុខសាយប័រ
ការធ្វេសប្រហែសផ្នែកសន្តិសុខសាយប័រនៅពេលបុគ្គលិកធ្វើដំណើរនៅតាមទីក្រុង ឬនៅបរទេសអាចបង្កគ្រោះថ្នាក់ដល់អាជីវកម្ម។ តាមរបាយការណ៍ចុងក្រោយស្ដីពី តម្លៃនៃការលួចទិន្នន័យ (Cost of a Data Breach Report) ពីក្រុមហ៊ុន IBM និងវិទ្យាស្ថាន Ponemon បានរកឃើញថា ការលួចទិន្នន័យតែមួយលើកអាចបង្កការខាតបង់ជាមធ្យម ៤,២៤លានដុល្លារដល់អាជីវកម្ម។
ខាងក្រោមនេះគឺជាវិធានការមួយចំនួនដែលនិយោជកអាចអនុវត្តដើម្បីកាត់បន្ថយហានិភ័យផ្នែកសុវត្ថិភាពសន្តិសុខសាយប័រសម្រាប់អ្នកធ្វើដំណើរធុរកិច្ច៖
- បង្កើតគោលការណ៍ស្តីពីការប្រើប្រាស់ Wi-Fi៖ និយោជកគួរតែមានគោលការណ៍តម្រូវឱ្យបុគ្គលិកផ្ទៀងផ្ទាត់ឈ្មោះបណ្តាញ និងនីតិវិធីចូលប្រើប្រាស់ឱ្យបានត្រឹមត្រូវជាមួយបុគ្គលិកដែលពាក់ព័ន្ធមុននឹងភ្ជាប់ទៅបណ្តាញ Wi-Fi សាធារណៈនៅក្នុងព្រលានយន្តហោះ ឬសណ្ឋាគារជាដើម។ សកម្មភាពរសើបដូចជាការធ្វើប្រតិបត្តិការធនាគារ ឬគម្រោងការងារសម្ងាត់មិនគួរត្រូវបានធ្វើឡើងនៅលើបណ្តាញ Wi-Fi សាធារណៈឡើយ។ ការភ្ជាប់ដោយស្វ័យប្រវត្តិក៏គួរត្រូវបានបិទផងដែរដើម្បីកុំឱ្យឧបករណ៍ភ្ជាប់ទៅបណ្តាញ Wi-Fi ដោយស្វ័យប្រវត្តិ។
- ជំរុញឱ្យប្រើប្រាស់បណ្តាញឯកជននិម្មិត (Virtual Private Network, VPN): តាមរយៈ VPN ចរាចរណ៍ទិន្នន័យតាមអ៊ីនធឺណិតទាំងអស់ត្រូវបានបញ្ជូនតាមរូងនិម្មិតដែលបានអ៊ិនគ្រីប។ បណ្តាញបែបនេះអាចជួយកាត់បន្ថយហានិភ័យនៃការវាយប្រហារសាយប័រ ដោយបង្កើតការតភ្ជាប់សុវត្ថិភាពរវាងអ្នកប្រើប្រាស់ និងអ៊ីនធឺណិត។ និយោជកគួរតែបង្កើត VPNs សម្រាប់ស្ថាប័នហើយតម្រូវឱ្យបុគ្គលិកប្រើប្រាស់បណ្តាញទាំងនេះនៅតាមតែអាចធ្វើទៅបាន ជាពិសេសក្នុងអំឡុងពេលធ្វើដំណើរធុរកិច្ច។
- ធ្វើការបណ្តុះបណ្តាលអំពីសុវត្ថិភាពឧបករណ៍ឌីជីថល៖ អ្នកធ្វើដំណើរភាគច្រើនតែងតែភ្លេចការប្រុងប្រយ័ត្ននៅពេលដែលពួកគេទៅដល់គោលដៅ ដែលជាចំណុចដែលងាយរងគ្រោះបំផុតដោយការលួច។ និយោជកគួរលើកទឹកចិត្តកុំឱ្យអ្នកធ្វើដំណើរធុរកិច្ចទុកឧបករណ៍របស់ពួកគេចោល។ បុគ្គលិកក៏គួរត្រូវបានណែនាំឱ្យប្រើពាក្យសម្ងាត់ខ្លាំង ឬការផ្ទៀងផ្ទាត់ពហុកត្តា multifactor authentication (តាមតែអាចធ្វើទៅបាន) និងចាក់សោឧបករណ៍នៅក្នុងទូដែករបស់សណ្ឋាគារនៅពេលចាកចេញពីបន្ទប់។
- លើកទឹកចិត្តបុគ្គលិកឱ្យយកឧបករណ៍តិចតួចបំផុត៖ ការទុកឧបករណ៍ដែលមិនចាំបាច់នៅផ្ទះអាចជួយកាត់បន្ថយឱកាសនៃការលួច ឬការបាត់បង់ទិន្នន័យ។ ដូច្នេះនិយោជកគួរតែអនុញ្ញាតឱ្យបុគ្គលិកយកតែឧបករណ៍ដែលចាំបាច់សម្រាប់បំពេញភារកិច្ចការងារពេលធ្វើដំណើរនៅតាមទីក្រុង ឬនៅបរទេស។
- តម្រូវឱ្យមានការអាប់ដេតកម្មវិធីជាប្រចាំ៖ ឧក្រិដ្ឋជនសាយប័រជាទូទៅស្វែងរកកំហុសសុវត្ថិភាពនៅក្នុងកម្មវិធីដែលហួសសម័យ។ ការអាប់ដេតត្រូវបានផ្ញើចេញដើម្បីជួសជុលចន្លោះប្រហោងណាមួយនៅក្នុងកម្មវិធី និងកាត់បន្ថយឱកាសសម្រាប់ឧក្រិដ្ឋជនធ្វើការវាយប្រហារសាយប័រ។ បុគ្គលិកតម្រូវឱ្យអាប់ដេតកម្មវិធីលើឧបករណ៍ ទាំងអស់របស់ពួកគេជាប្រចាំ។
- បង្កើតផែនការឆ្លើយតប៖ និយោជកគួរតែមានផែនការឆ្លើយតបជាក់លាក់ដែលបង្ហាញពីជំហានដែលត្រូវអនុវត្តនៅពេលឧបករណ៍ ឬព័ត៌មានសម្ងាត់ត្រូវបានលួចចូល បាត់បង់ ឬត្រូវបានលួចនៅតាមទីក្រុង ឬនៅបរទេស។
៤- ឯកសារពាក់ព័ន្ធ
- https://www.lloydsadd.com/insights/cybersecurity-tips-for-business-travellers