រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញអធិបតីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងហានិភ័យសាយប័រ៖ អភិបាលកិច្ច និងសវនកម្ម” នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីមន្ត្រី និងបុគ្គលិកជំនាញមកពី ៣៥ ក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ និយ័តករ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ប្រតិបត្តិករសេវាអ៊ីនធឺណិត និងធនាគារ សរុបប្រមាណ ៥០រូប។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងចាប់ពីថ្ងៃទី១៩-២៣ ខែមករា ឆ្នាំ២០២៦ ក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពសិក្ខាកាមពាក់ព័ន្ធនឹងអភិបាលកិច្ចសន្តិសុខសាយប័រ ការវាយតម្លៃហានិភ័យ និងសវនកម្មស្របតាមស្តង់ដារអន្តរជាតិ។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្រោមគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងជាការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីរាជការជំនាញនៅតាមក្រសួង-ស្ថាប័នរដ្ឋ លើជំនាញផ្នែកសន្តិសុខសាយប័រផងដែរ។















