១. ព័ត៌មានទូទៅ
ព័ត៌មានក្លែងក្លាយ (fake news) ជាទូទៅសំដៅលើព័ត៌មានដែលត្រូវបានបង្កើតឡើងក្នុងចេតនាបញ្ឆោតអ្នកអាន។ ព័ត៌មានទាំងនេះច្រើនតែមើលទៅដូចជាអត្ថបទព័ត៌មានពិត ប៉ុន្តែវាត្រូវបានប្រឌិតឡើងទាំងស្រុង ឬជាកំណែប្រែខុសឆ្គងនៃព្រឹត្តិការណ៍ដែលបានកើតឡើងពិតក្នុងគោលបំណងបញ្ឆោត។
ព័ត៌មានក្លែងក្លាយ គឺជាប្រភេទមួយនៃព័ត៌មានបំភាន់ (disinformation)។ ព័ត៌មានបំភាន់ជារាល់ព័ត៌មានមិនពិតដែលត្រូវបានបង្កើតឡើងដើម្បីបញ្ឆោតគេ។ ព័ត៌មានបំភាន់មិនត្រឹមតែរួមបញ្ចូលព័ត៌មានក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរួមបញ្ចូលផងដែរនូវអំណះអំណាងនានាដែលត្រូវបានចេញផ្សាយ ដូចជាការឃោសនាឱ្យជឿលើមនោគមន៍នានា ឬការផ្សព្វផ្សាយដោយគណនីប្រព័ន្ធបណ្ដាញសង្គម ឬម្ចាស់ផលិតផលដើម្បីលក់ផលិតផល ឬសេវាកម្ម។
ចំណែក ព័ត៌មានមិនពិត (misinformation) វិញ គឺជារាល់ព័ត៌មានមិនពិតប្រាកដ ឬមិនត្រឹមត្រូវដែលត្រូវបានចែករំលែកដោយចេតនានិងអចេតនា។ មនុស្សភាគច្រើនចែករំលែកព័ត៌មានមិនពិត ដោយសារគេជឿជាក់ថា ព័ត៌មាននោះពិតមែន ហើយមិនបានដឹងខ្លួនថា គេកំពុងចែករំលែកអ្វីដែលមិនត្រឹមត្រូវ។
២. ឥទ្ធិពលនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងការបង្កើតព័ត៌មានមិនពិត
បញ្ញាសិប្បនិម្មិត (artificial intelligence) ទំនើបអាចបង្កើតរូបភាព វីដេអូ (deepfakes) សំឡេង និងសរសេរអត្ថបទដែលមើលទៅហាក់ដូចជាព័ត៌មានពិតប្រាកដ។ គណនីបញ្ញាសិប្បនិម្មិតអាចចែករំលែកព័ត៌មានមិនពិតដដែលៗជាច្រើននៅលើប្រព័ន្ធបណ្ដាញសង្គម ធ្វើឱ្យមើលទៅហាក់ដូចជាមនុស្សគ្រប់គ្នាកំពុងនិយាយគ្នាអំពីព័ត៌មាននេះ។ អ្នកគួរចងចាំអំពីវិធីសាស្ត្រនេះ នៅពេលអ្នកឃើញអ្វីមួយដែលមើលទៅដូចជាមិនគួរឱ្យពិត ឬមានអារម្មណ៍សង្ស័យ។
៣. របៀបសម្គាល់ព័ត៌មានមិនពិត និងបង្ការការចែករំលែកបន្ត
៣.១ គាំទ្រសង្គមព័ត៌មានដែលមានប្រភពផ្សព្វផ្សាយចម្រុះ
ការគាំទ្រឱ្យមានព័ត៌មានពីប្រភព និងភ្នាក់ងារច្រើនធ្វើឱ្យអ្នកទទួលបានព័ត៌មានចម្រុះមកពីការរាយការណ៍ផ្សេងៗគ្នា។ ប្រសិនបើព័ត៌មានដដែលត្រូវបានផ្សព្វផ្សាយដោយភ្នាក់ងារច្រើន ព័ត៌មាននោះអាចពិតច្រើនជាងមិនពិត។
ការស្វែងរកព័ត៌មានបន្ថែមតាមរយៈ Google អាចជួយឱ្យអ្នកដឹងបានថាតើមានប្រភពណាគួរទុកចិត្តបានណាផ្សេងទៀតកំពុងពិភាក្សាអំពីប្រធានបទនេះ។ ប្រសិនបើមិនមានទីកន្លែងណាផ្សេងផ្សព្វផ្សាយអំពីព័ត៌មាននោះទេ វាជាអាចជាព័ត៌មានក្លែងក្លាយច្រើនជាងព័ត៌មានពិត។
៣.២ វាយតម្លៃភាពអាចទុកចិត្តបាននៃប្រភពព័ត៌មានដោយល្អិតល្អន់
នៅពេលសង្ស័យ អ្នកគួរសួរសំណួរថា តើព័ត៌មានណាដែលត្រូវការការស៊ើបអង្កេតបន្ថែម ឬ តាមដានបន្ត។ ចំពោះព័ត៌មានដែលបានមកពីប្រព័ន្ធបណ្ដាញសង្គម ការស្វែងរកប្រភពដើមគឺជាវិធីដ៏ល្អដើម្បីប្រឆាំងនឹងព័ត៌មានមិនពិត។ អ្នកគួរមានការសង្ស័យនិងប្រុងប្រយ័ត្នចំពោះព័ត៌មាន និងប្រភពព័ត៌មានដែលមិនអាចទុកចិត្តបាន ឬផ្ទុយនឹងយោបល់ពីអ្នកជំនាញដែលមានកេរ្ដិ៍ឈ្មោះល្អ។
៣.៣ គាំទ្រ និងផ្សព្វផ្សាយនូវសំឡេងរបស់អ្នកជំនាញ
អ្នកគួរគាំទ្រអ្នកជំនាញដែលមានចំណេះដឹង និងសមត្ថភាពប៉ិនប្រសព្វពិតប្រាកដក្នុងវិស័យរបស់គេ។ នៅពេលដែលបានស្វែងរកឃើញប្រភពព័ត៌មានហើយ អ្នកគួរពិចារណាអំពីអ្នកជំនាញជាម្ចាស់នៃព័ត៌មាននេះ។ អ្នកគួរស្វែងរកចម្លើយទៅនឹងសំណួរមួយចំនួនដូចជា៖ តើអ្នកជំនាញនេះមានថ្នាក់វិជ្ជាជីវៈខ្ពស់ដែលពាក់ព័ន្ធនឹងប្រធានបទនេះឬអត់? តើអ្នកជំនាញនេះមានបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យរបស់គេទេ? តើគេត្រូវបានជឿជាក់ដោយមនុស្សផ្សេងៗទៀតក្នុងវិស័យរបស់គេឬអត់? តើព័ត៌មាននេះបានឆ្លងកាត់ការត្រួតពិនិត្យពីគណៈកម្មការដែលអាចទុកចិត្តបានក្នុងវិស័យនេះឬទេ?
៣.៤ ឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាម និងបកស្រាយហេតុអ្វីវាមិនមែនជាការពិត
នៅពេលអ្នកមានការពិតនៅក្នុងដៃរបស់អ្នក គួរបកស្រាយឱ្យច្បាស់លាស់ និងខ្លីៗ។ នៅពេលឆ្លើយតបប្រឆាំងនឹងព័ត៌មានមិនពិត ជៀសវាងការសង្កត់ធ្ងន់លើការនិយាយថាការអះអាំងនោះមិនពិត។ អ្នកគួរចំណាយពេលច្រើនជាងទៅលើការពន្យល់ពីមូលហេតុដែលព័ត៌មានមិនពិតនោះមានលក្ខណៈមិនត្រឹមត្រូវវិញ។
៤. ឯកសារពាក់ព័ន្ធ
- https://www.unicef.org/eca/stories/quick-guide-spotting-misinformation