១. ព័ត៌មានទូទៅ
ថ្នាលបច្ចេកវិទ្យាហិរញ្ញវត្ថុត្រូវបានបង្កើតឡើងដើម្បីធ្វើឱ្យប្រតិបត្តិការហិរញ្ញវត្ថុមានល្បឿនលឿន ងាយស្រួល និងមានប្រសិទ្ធភាពកាន់តែខ្ពស់។ ប៉ុន្តែ មុខងារដែលធ្វើឱ្យថ្នាលទាំងនេះមានភាពទាក់ទាញ ក៏ធ្វើឱ្យពួកវាងាយរងគ្រោះដោយការគំរាមកំហែងសាយប័រផងដែរ។ កាបូបលុយឌីជីថលរក្សាទុកបណ្ដុំនៃទិន្នន័យផ្ទាល់ខ្លួន ទិន្នន័យផ្ទៀងផ្ទាត់អត្តសញ្ញាណ និងព័ត៌មានហិរញ្ញវត្ថុផ្សេងៗ។ ប្រសិនបើទិន្នន័យទាំងនេះត្រូវបានលួច វាអាចធ្វើឱ្យមានផល់ប៉ះពាល់ធ្ងន់ធ្ងរខ្លាំង។
សន្តិសុខក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុផ្អែកលើគោលការណ៍សំខាន់បីយ៉ាង គឺ ការផ្ទៀងផ្ទាត់អត្តសញ្ញាណ (authentication) កូដនីយកម្ម (encryption) និងការតាមដាន (monitoring)។ ការផ្ទៀងផ្ទាត់អត្តសញ្ញាណធានាថាមានតែអ្នកប្រើប្រាស់ដែលត្រូវបានអនុញ្ញាតប៉ុណ្ណោះដែលអាចចូលប្រើគណនីរបស់ខ្លួនបាន។ កូដនីយកម្មជួយរក្សាទិន្នន័យឱ្យមានសុវត្ថិភាពនៅពេលវាត្រូវបានបញ្ជូនតាមបណ្តាញឌីជីថល។ ការតាមដានជួយកំណត់អត្តសញ្ញាណ និងទប់ស្កាត់សកម្មភាពគួរឱ្យសង្ស័យ មុនពេលវាក្លាយជាការរំលោភបំពានធ្ងន់ធ្ងរ។
២. តួនាទីនៃការតាមដានជាប្រចាំ និងការការពារទិន្នន័យ
ការតាមដានជាប្រចាំធានាថា ប្រតិបត្តិការនិងឥរិយាបថរបស់អ្នកប្រើប្រាស់ត្រូវបានវិភាគក្នុងពេលជាក់ស្តែង ដើម្បីកំណត់សកម្មភាពមិនប្រក្រតី អនុញ្ញាតឱ្យមានការឆ្លើយតបរហ័សចំពោះការគំរាមកំហែង និងកាត់បន្ថយការខូចខាតដែលអាចបណ្តាលមកពីការឈ្លានពានដែលអាចកើតមាន។
ឧទាហរណ៍ សេវាកម្មតាមដានឥណទាន ជូនដំណឹងដល់អ្នកប្រើប្រាស់អំពីការផ្លាស់ប្តូរដែលមិនបានរំពឹងទុកនៅក្នុងប្រវត្តិឥណទានរបស់គេ ដូចជាការបើកគណនីថ្មី ឬការធ្វើសំណើសុំព័ត៌មានដោយគ្មានការអនុញ្ញាត។ សេវាកម្មទាំងនេះដើរតួនាទីជាប្រព័ន្ធព្រមានជាមុនសម្រាប់ការលួចអត្តសញ្ញាណដែលអាចកើតមាន ដោយផ្តល់ឱកាសឱ្យអ្នកប្រើប្រាស់ចាត់វិធានការឆាប់រហ័ស មុនពេលការខូចខាតធ្ងន់ធ្ងរកើតឡើង។
៣. ស្វែងយល់ពីការគំរាមកំហែងទូទៅដែលអាចកើតមានចំពោះកាបូបលុយឌីជីថលរបស់អ្នក
ការបោកបញ្ឆោតក្លែងបន្លំ (phishing) នៅតែជាវិធីសាស្ត្រដែលត្រូវបានប្រើញឹកញាប់បំផុតមួយ ដើម្បីលួចយកព័ត៌មានសម្ងាត់របស់អ្នកប្រើប្រាស់។ ការបោកបញ្ឆោតទាំងនេះជាញឹកញាប់ត្រូវបានធ្វើឡើងក្នុងទម្រង់ជាសារឬអ៊ីមែលដែលមើលទៅដូចពិតប្រាកដ ដោយជំរុញឱ្យអ្នកប្រើប្រាស់ធ្វើបច្ចុប្បន្នភាពព័ត៌មាន ឬផ្ទៀងផ្ទាត់ប្រតិបត្តិការ។ នៅពេលអ្នកប្រើប្រាស់ផ្តល់ព័ត៌មានរបស់ខ្លួន អ្នកវាយប្រហារអាចចូលដំណើរការគណនីរបស់ពួកគេបាន។
ការគំរាមកំហែងដែលកើតជារឿយៗមួយទៀតគឺមេរោគដែលត្រូវបានរចនាឡើងដើម្បីចាប់យកការបញ្ចូលព័ត៌មានតាមក្ដារចុច ឬសកម្មភាពលើអេក្រង់ (spyware)។ ឧបករណ៍អ្នកប្រើប្រាស់អាចឆ្លងមេរោគប្រភេទនេះ នៅពេលពួកគេទាញយកកម្មវិធីគួរឱ្យសង្ស័យ ចុចលើតំណភ្ជាប់ដែលមិនបានផ្ទៀងផ្ទាត់ ឬដំឡើងមេរោគដែលបន្លំខ្លួនជាកម្មវិធីហិរញ្ញវត្ថុដែលមើលទៅគ្មានគ្រោះថ្នាក់ (trojans)។
បណ្តាញ Wi-Fi សាធារណៈក៏អាចបង្កគ្រោះថ្នាក់ផងដែរ។ ហេកគ័រអាចតាមដានការបញ្ជូនទិន្នន័យតាមបណ្តាញបើកចំហ ដោយចាប់យកព័ត៌មានសម្ងាត់ដូចជាព័ត៌មានចូលប្រើប្រាស់ ឬលេខគណនីជាដើម។
៤. របៀបដែលកូដនីយកម្មជួយរក្សាសុវត្ថិភាពប្រតិបត្តិការ
កូដនីយកម្មគឺជាវិធានការការពារដែលមានប្រសិទ្ធភាពខ្ពស់មួយក្នុងសន្តិសុខបច្ចេកវិទ្យាហិរញ្ញវត្ថុ។ វាធានាថា ព័ត៌មានទាំងអស់ដែលត្រូវបានបញ្ជូនរវាងឧបករណ៍របស់អ្នក និងម៉ាស៊ីនមេរបស់ថ្នាល នឹងនៅតែជាទម្រង់ដែលមិនអាចអានបានសម្រាប់អ្នកដែលមិនមានការអនុញ្ញាត។ កម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបប្រើប្រាស់ក្បួនកូដនីយកម្ម (encryption algorithms) កម្រិតខ្ពស់ដែលត្រូវបានអភិវឌ្ឍនិងធ្វើបច្ចុប្បន្នភាពជាប្រចាំដើម្បីបោះជំហានមុនការគំរាមកំហែងសាយប័រ។ ទោះបីហេកគ័រចាប់យកទិន្នន័យបាន ក៏ទម្រង់ទិន្នន័យឆ្លងកាត់កូដនីយកម្មនឹងរារាំងមិនឱ្យពួកគេយល់ ឬយកទៅប្រើប្រាស់ខុសបំណងបានឡើយ។
៥. សារៈសំខាន់នៃការអនុវត្តសន្តិសុខផ្ទាល់ខ្លួន
មិនថាប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុមានការអភិវឌ្ឍកម្រិតណាក៏ដោយ ឥរិយាបថរបស់អ្នកប្រើប្រាស់នៅតែមានតួនាទីសំខាន់យ៉ាងខ្លាំងក្នុងការរក្សាសន្តិសុខ។ ពាក្យសម្ងាត់ដែលមានភាពរឹងមាំ ឧបករណ៍ដែលមានសុវត្ថិភាព និងទម្លាប់ប្រើប្រាស់អ៊ីនធឺណិតដោយប្រុងប្រយ័ត្ន គឺជាមូលដ្ឋានគ្រឹះនៃការការពារផ្ទាល់ខ្លួន។
អ្នកប្រើប្រាស់គួរចៀសវាងការប្រើពាក្យសម្ងាត់ដូចគ្នាសម្រាប់គណនីជាច្រើន និងប្ដូរពាក្យសម្ងាត់ជាប្រចាំ។ ពាក្យសម្ងាត់គួររួមបញ្ចូលតួអក្សរ លេខ និងនិមិត្តសញ្ញា ដើម្បីធ្វើឱ្យពិបាកទាយ។ ការបើកប្រើការផ្ទៀងផ្ទាត់ជីវមាត្រ (biometric verification) និងការផ្ទៀងផ្ទាត់ពហុកត្តា (multifactor authentication) តាមដែលអាចធ្វើទៅបាន នឹងបន្ថែមស្រទាប់សុវត្ថិភាពបន្ថែមទៀត។
ការរក្សាបច្ចុប្បន្នភាពឧបករណ៍ក៏មានសារៈសំខាន់ដូចគ្នា។ បច្ចុប្បន្នភាពកម្មវិធីជាទូទៅរួមមានការជួសជុលចំណុចខ្សោយសន្តិសុខដែលទើបត្រូវបានរកឃើញថ្មីៗ។ ការមិនអើពើនឹងវា អាចធ្វើឱ្យឧបករណ៍ងាយរងគ្រោះដោយការវាយប្រហារ។
នៅពេលធ្វើប្រតិបត្តិការតាមអនឡាញ អ្នកប្រើប្រាស់គួរត្រួតពិនិត្យឱ្យប្រាកដថា គេហទំព័រ ឬកម្មវិធីមានសុវត្ថិភាព។ គួរស្វែងរកការតភ្ជាប់ដែលមានសុវត្ថិភាព ដែលចាប់ផ្តើមដោយ “https” និងចៀសវាងការចែករំលែកព័ត៌មានសម្ងាត់តាមទម្រង់ដាក់ពាក្យ ឬតំណភ្ជាប់ដែលមិនមានសុវត្ថិភាព។ ការយល់ដឹង និងការប្រុងប្រយ័ត្នអាចជួយបានយ៉ាងច្រើនក្នុងការទប់ស្កាត់ការរំលោភបំពានសន្តិសុខសាយប័រ។
៦. ការកសាងទំនុកចិត្តតាមរយៈភាពតម្លាភាព និងបទប្បញ្ញត្តិ
សន្តិសុខបច្ចេកវិទ្យាហិរញ្ញវត្ថុមិនមែនពាក់ព័ន្ធតែបច្ចេកវិទ្យាប៉ុណ្ណោះទេ តែក៏ពាក់ព័ន្ធនឹងទំនុកចិត្តផងដែរ។ អ្នកប្រើប្រាស់តែងផ្តល់ទំនុកចិត្តយ៉ាងខ្លាំងលើថ្នាលដែលគ្រប់គ្រងប្រាក់របស់គេ។ ទំនុកចិត្តនោះត្រូវបានកសាងឡើងតាមរយៈ តម្លាភាព និងអនុលោមភាពទៅនឹងបទប្បញ្ញត្តិដែលបានកំណត់។
ប្រតិបត្តិករសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុដែលមានកេរ្តិ៍ឈ្មោះល្បីតែងអនុវត្តតាមច្បាប់ការពារទិន្នន័យយ៉ាងតឹងរឹង ដែលកំណត់ពីរបៀបប្រមូល រក្សាទុក និងដំណើរការព័ត៌មានរបស់អ្នកប្រើប្រាស់។ ពួកគេក៏ត្រូវរក្សាការទំនាក់ទំនងបើកចំហអំពីគោលនយោបាយសន្តិសុខរបស់ខ្លួន រួមទាំងវិធីសាស្ត្រដោះស្រាយការរំលោភបំពាន និងពាក្យបណ្តឹងពីអ្នកប្រើប្រាស់ផងដែរ។
តម្លាភាពជួយបង្កើនជំនឿជាក់ដល់អ្នកប្រើប្រាស់ថា ទិន្នន័យរបស់គេមិនត្រូវបានយកទៅប្រើប្រាស់ខុសបំណង ហើយក្រុមហ៊ុនកំពុងចាត់វិធានការដោយសកម្ម ដើម្បីទប់ស្កាត់ការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ វាក៏បង្កើតការទទួលខុសត្រូវផងដែរ ដោយធានាថាប្រតិបត្តិករនៅតែប្តេជ្ញាចិត្តរក្សាការអនុវត្តសន្តិសុខឱ្យមានភាពរឹងមាំ។
អ្នកប្រើប្រាស់គួរចំណាយពេលពិនិត្យមើលផ្នែកឯកជនភាព និងសន្តិសុខនៅលើគេហទំព័ររបស់ថ្នាលបច្ចេកវិទ្យាហិរញ្ញវត្ថុ។ ការយល់ដឹងអំពីរបៀបដែលក្រុមហ៊ុននានាការពារអតិថិជន នឹងជួយអតិថិជនក្នុងការសម្រេចចិត្តថា ថ្នាលណាមួយសក្តិសមនឹងទទួលទំនុកចិត្តរបស់គេ។
៧. ការបន្តឆ្ពោះទៅមុខប្រកបដោយការយល់ដឹង និងការទទួលខុសត្រូវ
ការរក្សាការយល់ដឹងអំពីសន្តិសុខកាន់តែមានសារៈសំខាន់ជាងមុនទៅទៀតក្នុងពេលដែល កាបូបលុយឌីជីថលបន្តជះឥទ្ធិពលទៅលើរបៀបដែលមនុស្សគ្រប់គ្រងប្រាក់របស់ខ្លួន។ ទំនួលខុសត្រូវការពារ មិនមែនស្ថិតនៅលើក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុតែប៉ុណ្ណោះទេ តែក៏ស្ថិតនៅលើអ្នកប្រើប្រាស់ផងដែរ ដែលត្រូវតែមានការប្រុងប្រយ័ត្ន និងមានការយល់ដឹងគ្រប់គ្រាន់ជានិច្ច។ ការបន្តស្វែងយល់អំពីសន្តិសុខបច្ចេកវិទ្យាហិរញ្ញវត្ថុ ការប្រើវិធីសាស្ត្រផ្ទៀងផ្ទាត់អត្តសញ្ញាណដែលមានភាពរឹងមាំ និងការតាមដានសកម្មភាពហិរញ្ញវត្ថុជាប្រចាំ គឺជាទម្លាប់សំខាន់ៗដែលអាចទប់ស្កាត់បញ្ហាធ្ងន់ធ្ងរ។
៨. ឯកសារពាក់ព័ន្ធ
- https://hackread.com/protecting-digital-wallet-fintech-security/







