March 19, 2026

Language:

វគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពឆ្លើយតបឧប្បតិ្តហេតុសាយប័រតាមរយៈការធ្វើលំហាត់” នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

លោក អ៊ុក វណ្ណឌី បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពឆ្លើយតបឧប្បតិ្តហេតុសាយប័រតាមរយៈការធ្វើលំហាត់” នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ

ខេត្តកំពត៖ ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោក អ៊ុក វណ្ណឌី អគ្គនាយករងនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងសមត្ថភាពឆ្លើយតបឧប្បតិ្តហេតុសាយប័រតាមរយៈការធ្វើលំហាត់” នៃគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រ នៅសណ្ឋាគារឌឺ សឃ្វែរ កំពត ខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីមន្ត្រី និងបុគ្គលិកជំនាញជាន់ខ្ពស់ ផ្នែកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខសាយប័រ ផ្នែកគ្រប់គ្រងហានិភ័យសាយប័រ ផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិឌីជីថល មកពីបណ្តាក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗ ប្រតិបត្តិករទូរគមនាគមន៍និងអ៊ីនធឺណិត និងវិស័យធនាគារនិងហិរញ្ញវត្ថុសរុបប្រមាណ ៥០នាក់។

សិក្ខាសាលានេះរៀបចំឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១២-១៣ ខែមីនា ឆ្នាំ២០២៦ ក្នុងគោលបំណងធ្វើឱ្យសន្តិសុខសាយប័រនៃសង្គមឌីជីថលរបស់កម្ពុជាមានភាពធន់ខ្ពស់ និងដើម្បីពង្រឹងសមត្ថភាពអនុវត្តផ្នែកសន្តិសុខសាយប័ររបស់អង្គភាព តាមរយៈលំហាត់សមលើតុ និងធ្វើការអនុវត្តសម្មតិកម្មឧប្បត្តិហេតុសាយប័រដែលប៉ះពាក់ដល់វិស័យសំខាន់ៗ ព្រមទាំងផ្តោតសំខាន់លើការធ្វើសេចក្តីសម្រេចចិត្ត ការទំនាក់ទំនង និងការឆ្លើយតបឧប្បតិ្តហេតុដោយសម្របសម្រួលរវាងក្រុមបច្ចេកទេស និងថ្នាក់គ្រប់គ្រង។

ជាមួយគ្នានេះ លោក អ៊ុក វណ្ណឌី បានបញ្ជាក់បន្ថែមថា សិក្ខាកាមនឹងយកចំណេះដឹង និងជំនាញបច្ចេកទេសដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែងនៅតាមបណ្តាក្រសួង-ស្ថាប័ន និងអង្គភាពរៀងៗខ្លួន ព្រមទាំងជួយពង្រឹងរបាំងការពារនិងភាពធន់នៃសន្តិសុខសាយប័រនៅក្នុងអង្គភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំ ដើម្បីធានានិរន្តរភាពការងារ ហើយក៏ជាការរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការកសាងបរិយាកាសសាយប័រជាតិមួយ ប្រកបដោយសុវត្ថិភាព ទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់។

សូមជម្រាបជូនថា សិក្ខាសាលានេះរៀបចំឡើងក្រោមគម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាគម្រោងទទួលបានជំនួយបច្ចេកទេស និងការគាំទ្រពីរដ្ឋាភិបាលជប៉ុនតាមរយៈភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា និងជាការចូលរួមចំណែកដល់ការអនុវត្តគោលនយោបាយជាតិផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីរាជការជំនាញនៅតាមក្រសួង-ស្ថាប័នរដ្ឋ លើជំនាញផ្នែកសន្តិសុខសាយប័រផងដែរ។

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.