October 13, 2025

Language:

គន្លឹះសុវត្ថិភាពសន្តិសុខសាយប័រសម្រាប់អ្នកធ្វើដំណើរធុរកិច្ច

១-  ព័ត៌មានទូទៅ

នាពេលបច្ចុប្បន្ន អង្គភាព​នានា​កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់​ផ្នែក​សុវត្ថិភាព​សន្តិសុខសាយប័រ​ខណៈពេលដែល​បុគ្គលិក​របស់​ខ្លួន​ធ្វើ​ដំណើរ។ អ្នក​ធ្វើ​ដំណើរ​ធុរកិច្ច​គឺ​ជា​គោលដៅ​ចម្បង​របស់​ឧក្រិដ្ឋជន​សាយប័រ ពីព្រោះ​ពួកគេ​តែងតែ​កាន់​ទិន្នន័យ​ដ៏​មាន​តម្លៃ ហើយ​អាច​នឹង​មិន​សូវ​មាន​ការប្រុងប្រយ័ត្ន​ក្នុង​ការ​ការពារ​ឧបករណ៍​របស់​ខ្លួន​ឡើយ។ អត្ថបទ​នេះ​នឹង​លើក​ឡើង​អំពី​ហានិភ័យ​សំខាន់ៗ​ផ្នែក​សុវត្ថិភាពសន្តិសុខសាយប័រ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ធុរកិច្ច និង​បង្ហាញ​ពី​ជំហាន​ដែល​និយោជក​អាច​អនុវត្ត​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ទាំងនេះ។

២-  ការ​គំរាមកំហែង​ផ្នែក​​សន្តិសុខសាយប័រពេល​កំពុង​ធ្វើ​ដំណើរ

កុំព្យូទ័រ​យួរដៃ ស្មាតហ្វូន និង​ថេប្លេត​របស់​អ្នក​ធ្វើ​ដំណើរ​ធុរកិច្ច​ងាយ​រងគ្រោះ​បំផុត​ចំពោះ​ការ​លួច​ទិន្នន័យ ការ​បាត់បង់ និង​ការ​លួច​ឧបករណ៍។ ការ​គំរាមកំហែង​សាយប័រ​ទូទៅ ​ដែល​អ្នក​ធ្វើ​ដំណើរ​ធុរកិច្ច​អាច​ជួបប្រទះ​រួម​មាន៖

  • បណ្ដាញ​ Wi-Fi​ ដែល​គ្មាន​សុវត្ថិភាព៖ ថ្វី​ត្បិត​តែ​បណ្ដាញ​ Wi-Fi ​សាធារណៈ​មាន​ភាព​ងាយស្រួល​ក៏​ដោយ ប៉ុន្តែ​វា​មិន​មាន​សុវត្ថិភាព​ទេ ហើយ​អាច​អនុញ្ញាត​ឱ្យ​ឧក្រិដ្ឋជនសាយប័រ​ចូល​ប្រើប្រាស់​ឧបករណ៍​ដែល​បាន​ភ្ជាប់ (ក៏​ដូចជា​ទិន្នន័យ​ដែល​បាន​រក្សា​ទុក​លើ​ឧបករណ៍​ទាំងនោះ) បាន​ងាយស្រួល​ជាង​បណ្ដាញ​ Wi-Fi​ ឯកជន។
  • កុំព្យូទ័រ​ដែល​អាច​ប្រើប្រាស់​ជា​សាធារណៈ៖ ពេលខ្លះ អ្នក​ធ្វើ​ដំណើរ​ធុរកិច្ច​ចាំបាច់​ត្រូវ​ប្រើ​ព័ត៌មាន​សម្ងាត់​ចូល​គណនី​របស់​ពួកគេ​នៅ​លើ​កុំព្យូទ័រ​សាធារណៈ។ ប៉ុន្តែ​កុំព្យូទ័រ​សាធារណៈ​ច្រើន​តែ​ខ្វះ​សមត្ថភាព​ផ្នែក​សុវត្ថិភាព​គ្រប់គ្រាន់ ហើយ​ថែមទាំង​អាចមាន​ឆ្លង​មេរោគ​ផង​ដែរ។
  • ការ​លួច ឬ​បាត់បង់ឧបករណ៍៖ ការ​លួច ឬ​ការ​បាត់បង់​ឧបករណ៍​គឺជា​ការ​គំរាមកំហែង​ដ៏​ធំ​មួយ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ធុរកិច្ច ពីព្រោះ​វា​អាច​បណ្តាល​ឱ្យ​មានការ​លាតត្រដាង​នូវ​ទិន្នន័យ​សំខាន់ៗ។ ឧបករណ៍​អាច​បាត់បង់ ឬ​ត្រូវ​បាន​លួច​នៅ​ក្នុង​ព្រលានយន្តហោះ កន្លែងទទួលភ្ញៀវនៅក្នុងសណ្ឋាគារ បន្ទប់​សន្និសីទ ឬ​រថយន្ត​ឈ្នួល។

៣-  របៀប​ដែល​និយោជក​អាច​កាត់បន្ថយ​ហានិភ័យ​ផ្នែកសន្តិសុខសាយប័រ

ការ​ធ្វេសប្រហែស​ផ្នែកសន្តិសុខសាយប័រនៅ​ពេល​បុគ្គលិក​ធ្វើ​ដំណើរ​នៅ​តាម​ទីក្រុង ឬ​នៅ​បរទេស​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាជីវកម្ម។ តាមរបាយការណ៍​ចុងក្រោយ​ស្ដីពី តម្លៃ​នៃ​ការ​លួច​ទិន្នន័យ (Cost of a Data Breach Report) ​ពី​ក្រុមហ៊ុន IBM និង​វិទ្យាស្ថាន Ponemon ​បាន​រក​ឃើញ​ថា ការ​លួច​ទិន្នន័យ​តែ​មួយ​លើក​អាចបង្កការខាតបង់​ជា​មធ្យម ៤,២៤​លាន​ដុល្លារ​ដល់​អាជីវកម្ម។

ខាង​ក្រោម​នេះ​គឺ​ជា​វិធានការ​មួយ​ចំនួន​ដែល​និយោជក​អាច​អនុវត្ត​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ផ្នែក​សុវត្ថិភាព​សន្តិសុខសាយប័រ​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ធុរកិច្ច៖

  • បង្កើត​គោលការណ៍​ស្តីពី​ការ​ប្រើប្រាស់​ Wi-Fi និយោជក​គួរតែ​មាន​គោលការណ៍​តម្រូវ​ឱ្យ​បុគ្គលិក​ផ្ទៀងផ្ទាត់​ឈ្មោះ​បណ្តាញ និង​នីតិវិធី​ចូល​ប្រើប្រាស់​ឱ្យ​បាន​ត្រឹមត្រូវ​ជាមួយ​បុគ្គលិក​ដែល​ពាក់ព័ន្ធ​មុន​នឹង​ភ្ជាប់​ទៅ​បណ្តាញ​ Wi-Fi​ សាធារណៈ​នៅ​ក្នុង​ព្រលានយន្តហោះ ឬ​សណ្ឋាគារជាដើម។ សកម្មភាព​រសើប​ដូចជា​ការ​ធ្វើ​ប្រតិបត្តិការ​ធនាគារ ឬ​គម្រោង​ការងារ​សម្ងាត់​មិន​គួរ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​បណ្តាញ​ Wi-Fi​ សាធារណៈ​ឡើយ។ ការ​ភ្ជាប់​ដោយ​ស្វ័យប្រវត្តិ​ក៏​គួរ​ត្រូវ​បាន​បិទ​ផង​ដែរ​ដើម្បី​កុំឱ្យ​ឧបករណ៍​ភ្ជាប់​ទៅ​បណ្តាញ​ Wi-Fi​ ដោយ​ស្វ័យប្រវត្តិ។
  • ជំរុញ​ឱ្យ​ប្រើប្រាស់​បណ្តាញ​ឯកជន​និម្មិត (Virtual Private Network, VPN): តាមរយៈ VPN ចរាចរណ៍ទិន្នន័យ​តាម​អ៊ីនធឺណិត​ទាំងអស់​ត្រូវ​បាន​បញ្ជូន​តាម​រូង​និម្មិត​ដែល​បាន​អ៊ិនគ្រីប។ បណ្តាញ​បែប​នេះ​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​វាយប្រហារសាយប័រ ​ដោយ​បង្កើត​ការ​តភ្ជាប់​សុវត្ថិភាព​រវាង​អ្នក​ប្រើប្រាស់ និង​អ៊ីនធឺណិត។ និយោជក​គួរតែ​បង្កើត VPNs សម្រាប់ស្ថាប័នហើយ​តម្រូវ​ឱ្យ​បុគ្គលិក​ប្រើប្រាស់​បណ្តាញ​ទាំងនេះ​នៅតាមតែ​អាច​ធ្វើ​ទៅ​បាន ជាពិសេស​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​ធុរកិច្ច។
  • ធ្វើ​ការ​បណ្តុះបណ្តាល​អំពីសុវត្ថិភាពឧបករណ៍​ឌីជីថល៖ អ្នក​ធ្វើ​ដំណើរ​ភាគច្រើន​តែងតែ​ភ្លេច​ការ​ប្រុងប្រយ័ត្ន​នៅ​ពេល​ដែល​ពួកគេ​ទៅ​ដល់​គោលដៅ ដែលជាចំណុចដែលងាយ​រងគ្រោះ​បំផុត​ដោយ​ការ​លួច។ និយោជក​គួរ​លើក​ទឹកចិត្តកុំឱ្យ​អ្នក​ធ្វើ​ដំណើរ​ធុរកិច្ច​​ទុក​ឧបករណ៍​របស់​ពួកគេ​ចោល។ បុគ្គលិក​ក៏​គួរ​ត្រូវ​បាន​ណែនាំ​ឱ្យ​ប្រើ​ពាក្យសម្ងាត់​ខ្លាំង ឬ​ការផ្ទៀងផ្ទាត់​ពហុកត្តា multifactor authentication (តាមតែ​អាច​ធ្វើ​ទៅ​បាន) និង​ចាក់សោ​ឧបករណ៍​នៅ​ក្នុង​ទូដែក​របស់​សណ្ឋាគារ​នៅ​ពេល​ចាកចេញ​ពី​បន្ទប់។
  • លើក​ទឹកចិត្ត​បុគ្គលិក​ឱ្យយក​ឧបករណ៍​តិចតួច​បំផុត៖ ការ​ទុក​ឧបករណ៍ដែល​មិន​ចាំបាច់​នៅ​ផ្ទះ​អាច​ជួយ​កាត់បន្ថយ​ឱកាស​នៃ​ការ​លួច ឬ​ការ​បាត់បង់​ទិន្នន័យ។ ដូច្នេះ​និយោជក​គួរតែ​អនុញ្ញាត​ឱ្យ​បុគ្គលិក​យក​តែ​ឧបករណ៍​ដែល​ចាំបាច់​សម្រាប់​បំពេញ​ភារកិច្ច​ការងារ​ពេល​ធ្វើ​ដំណើរ​នៅ​តាម​ទីក្រុង ឬ​នៅ​បរទេស។
  • តម្រូវ​ឱ្យ​មាន​ការ​អាប់ដេត​កម្មវិធី​ជាប្រចាំ៖ ឧក្រិដ្ឋជន​សាយប័រ​ជាទូទៅ​ស្វែងរក​កំហុស​សុវត្ថិភាព​នៅ​ក្នុង​កម្មវិធី​ដែល​ហួស​សម័យ។ ការ​អាប់ដេត​ត្រូវ​បាន​ផ្ញើ​ចេញ​ដើម្បី​ជួសជុល​ចន្លោះ​ប្រហោង​ណា​មួយ​នៅ​ក្នុង​កម្មវិធី និង​កាត់បន្ថយ​ឱកាស​សម្រាប់​ឧក្រិដ្ឋជនធ្វើការ​វាយប្រហារសាយប័រ។ បុគ្គលិក​តម្រូវ​ឱ្យ​អាប់ដេត​កម្មវិធី​លើ​ឧបករណ៍​ ទាំងអស់​របស់​ពួកគេ​ជាប្រចាំ។
  • បង្កើត​ផែនការ​ឆ្លើយតប៖ និយោជក​គួរតែ​មាន​ផែនការ​ឆ្លើយតប​ជាក់លាក់​ដែល​បង្ហាញ​ពី​ជំហាន​ដែល​ត្រូវ​អនុវត្ត​នៅ​ពេល​ឧបករណ៍ ឬ​ព័ត៌មាន​សម្ងាត់​ត្រូវ​បាន​លួចចូល បាត់បង់ ឬ​ត្រូវ​បាន​លួច​នៅ​តាម​ទីក្រុង ឬ​នៅ​បរទេស។

៤-  ឯកសារពាក់ព័ន្ធ

  • https://www.lloydsadd.com/insights/cybersecurity-tips-for-business-travellers
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.