December 01, 2025

Language:

ស្វែងយល់អំពីផលប៉ះពាល់ សុវត្ថិភាពនៃឧបករណ៍អ៊ីនធឺណិតនៃវត្ថុ (Internet of Things)

១- ព័ត៌មានទូទៅ

បច្ចេកវិទ្យារបស់ពិភពលោកយើងកំពុងកាន់តែឆ្លាតវៃទៅជារៀងរាល់ថ្ងៃ។ តាមរយៈឧបករណ៍ឆ្លាតវៃជាច្រើនដូចជាកាមេរ៉ាសុវត្ថិភាព ឧបករណ៍បញ្ចេញសំឡេង ឧបករណ៍ពាក់លើខ្លួន ម៉ាស៊ីនត្រជាក់ ទូទឹកកក និងឧបករណ៍ឆ្លាតវៃផ្សេងៗទៀត បច្ចេកវិទ្យាអ៊ីនធឺណិតនៃវត្ថុ (Internet of Things, IoT) បានធ្វើឱ្យជីវិតមានការតភ្ជាប់ និងងាយស្រួលជាងមុន។ ប៉ុន្តែ ចំណុចខ្សោយសាយប័រមាននៅក្នុងឧបករណ៍ទាំងនេះអាចអនុញ្ញាតឱ្យអ្នកវាយប្រហារចូលប្រើទិន្នន័យឯកជន លួចឃ្លាំមើលតាមរយៈកាមេរ៉ាដែលបានភ្ជាប់ ឬប្រើឧបករណ៍ក្នុងផ្ទះជាផ្នែកមួយនៃបណ្តាញវាយប្រហារសាយប័រ។

២- ហានិភ័យនៃឧបករណ៍ IoT ប្រចាំថ្ងៃ

ហានិភ័យសុវត្ថិភាព IoT មិនមែនគ្រាន់តែផ្ដោតលើការហេគចូលគ្រប់គ្រងប៉ុណ្ណោះទេ ប៉ុន្តែក៏ពាក់ព័ន្ធនឹងឯកជនភាព ទំនុកចិត្ត និងការគ្រប់គ្រងទិន្នន័យរបស់អ្នកផងដែរ។ ហានិភ័យទាំងនេះមិនមែនផ្ដើមចេញគ្រាន់តែពីឧបករណ៍នោះទេ តែវាក៏ចេញមកពីការដែលយើងតភ្ជាប់ កំណត់រចនាសម្ព័ន្ធ និងភ្លេចថែទាំវាផងដែរ។

នេះជាហានិភ័យទូទៅមួយចំនួន៖

  • ការប្រើប្រាស់ពាក្យសម្ងាត់ដើម ឬខ្សោយ៖ ឧបករណ៍ IoT ជាច្រើនមានពាក្យសម្ងាត់ចេញពីរោងចក្រដូចជា admin123 ជាដើម។ អ្នកវាយប្រហារអាចស្វែងរកពាក្យសម្ងាត់ទាំងនេះបានយ៉ាងងាយស្រួលតាមអ៊ីនធឺណិត និងប្រើវាដើម្បីទទួលបានការគ្រប់គ្រងពេញលេញលើឧបករណ៍
  • កម្មវិធីមិនបច្ចុប្បន្នភាព៖ អ្នកប្រើប្រាស់អាចមិនធ្វើបច្ចុប្បន្នភាពឧបករណ៍ ឬក្រុមហ៊ុនផលិតអាចឈប់ធ្វើបច្ចុប្បន្នភាពសម្រាប់ឧបករណ៍ចាស់ៗ ដែលអាចបន្សល់ទុកឱ្យមានចំណុចខ្សោយក្នុងឧបករណ៍
  • ទិន្នន័យដែលត្រូវបានផ្ទុក ឬបញ្ចូនខ្វះកូដនីយកម្ម (encryption)ឧបករណ៍ IoT ខ្លះផ្ញើទិន្នន័យក្នុងទម្រង់អក្សរធម្មតា ដែលអាចធ្វើឱ្យទិន្នន័យផ្ទាល់ខ្លួន ឬសម្ងាត់របស់អ្នកអាចត្រូវបានគេលួចចម្លងយកក្នុងកំឡុងពេលវាត្រូវបានបញ្ចូនទៅវិញទៅមក
  • ការបែងចែកបណ្តាញមិនល្អ៖ ប្រសិនបើឧបករណ៍ឆ្លាតវៃរបស់អ្នកប្រើប្រាស់បណ្ដាញ Wi-Fi ដូចគ្នានឹងកុំព្យូទ័រធ្វើការ ឬទូរសព្ទរបស់អ្នក ឧបករណ៍តែមួយដែលមានឆ្លងមេរោគ អាចផ្ដល់ឱកាសឱ្យអ្នកវាយប្រហារចម្លងមេរោគចូលឧបករណ៍ដទៃក្នុងបណ្ដាញ Wi-Fi តែមួយនោះបាន
  • កង្វល់អំពីឯកជនភាពនៃទិន្នន័យ៖ ឧបករណ៍ និងកម្មវិធីជាច្រើនប្រមូលទិន្នន័យដូចជាទីតាំង បទបញ្ជាសំលេង ឬទម្លាប់ប្រើប្រាស់ដោយគ្មានការយល់ព្រមច្បាស់លាស់ពីអ្នកប្រើ
  • កង្វះសុវត្ថិភាពក្នុងការចូលប្រើពីចម្ងាយ៖ មុខងារដែលអនុញ្ញាតឱ្យគ្រប់គ្រងឧបករណ៍ពីក្រៅផ្ទះរបស់អ្នកក៏អាចត្រូវបានប្រើប្រាស់ដោយហេកគ័រផងដែរប្រសិនបើមិនមានយន្តការរក្សាសុវត្ថិភាពត្រឹមត្រូវ។

៣- ទម្លាប់អនុវត្តន៍ល្អៗសម្រាប់ធ្វើឱ្យឧបករណ៍ IoT មានសុវត្ថិភាព

ជាមួយនឹងទម្លាប់សាមញ្ញមួយចំនួន អ្នកអាចទទួលបានអត្ថប្រយោជន៍នៃបច្ចេកវិទ្យាឆ្លាតវៃ ដោយមិនប្រឈមនឹងហានិភ័យខ្ពស់៖

  • ១. ផ្លាស់ប្តូរពាក្យសម្ងាត់លំនាំដើមភ្លាមៗ៖ ដាក់ពាក្យសម្ងាត់ខ្លាំងៗនិងពិសេសសម្រាប់ឧបករណ៍នីមួយៗ។ ជៀសវាងប្រើប្រាស់ពាក្យសម្ងាត់សាមញ្ញដូចជាថ្ងៃកំណើត ឬឈ្មោះ។ ប្រើកម្មវិធីគ្រប់គ្រងពាក្យសម្ងាត់ដើម្បីតាមដាន និងបង្កើតព័ត៌មានសម្គាល់ខ្លួនដែលមានសុវត្ថិភាព
  • ២. រក្សាឧបករណ៍ឱ្យមានបច្ចុប្បន្នភាព៖ ពិនិត្យបច្ចុប្បន្នភាពរបស់ឧបករណ៍និងកម្មវិធីជាទៀងទាត់។ ការធ្វើបច្ចុប្បន្នភាពនឹងជួសជុលចំណុចខ្សោយដែលគេស្គាល់។ បើកការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ ប្រសិនបើមាន
  • ៣. បើកការអ៊ិនគ្រីប៖ គួរប្រើស្តង់ដារសុវត្ថិភាព WPA3 សម្រាប់បណ្ដាញ Wi-Fi និងជ្រើសរើសឧបករណ៍ដែលមានមុខងារធ្វើកូដនីយកម្មលើទិន្នន័យកំពុងបញ្ជូន (HTTPS, TLS)។ ទិន្នន័យឆ្លងកាត់កូដនីយកម្មមិនអាចត្រូវបានអានបានដោយអ្នកវាយប្រហារឡើយ។
  • ៤. ប្រើបណ្តាញដាច់ដោយឡែកសម្រាប់ឧបករណ៍ IoTបង្កើត Wi-Fi ភ្ញៀវ ឬ virtual local area network (VLAN) ដាច់ដោយឡែកសម្រាប់ឧបករណ៍ IoT ដើម្បីញែកឧបករណ៍ឆ្លាតវៃចេញពីកុំព្យូទ័រផ្ទាល់ខ្លួន សម្រាប់ការពារការរាលដាលមេរោគដល់ឧបករណ៍ផ្សេងៗ ប្រសិនបើឧបករណ៍មួយត្រូវបានហេគ
  • ៥. គ្រប់គ្រងការប្រមូលទិន្នន័យ និងសិទ្ធិប្រើនៃកម្មវិធី៖ ពិនិត្យការកំណត់ឯកជនភាពទាំងក្នុងឧបករណ៍ និងកម្មវិធី។ បិទសិទ្ធិប្រើប្រាស់ដែលមិនចាំបាច់ (ឧទាហរណ៍ ការចូលប្រើទីតាំងសម្រាប់កម្មវិធីគ្រប់គ្រងអំពូលភ្លើង)
  • ៦. គ្រប់គ្រងការចូលប្រើពីចម្ងាយដោយប្រុងប្រយ័ត្ន៖ បិទមុខងារការគ្រប់គ្រងពីចម្ងាយ លើកលែងតែអ្នកត្រូវការចាំបាច់។ ប្រសិនបើត្រូវការបើក សូមប្រើការផ្ទៀងផ្ទាត់ពហុកត្តា (multifactor authentication, MFA) បើមាន ឬ virtual private network (VPN) សម្រាប់ការចូលប្រើដែលមានសុវត្ថិភាព
  • ៧. ត្រួតពិនិត្យសកម្មភាពឧបករណ៍៖ ឧបករណ៍ខ្លះមានកំណត់ត្រា ឬផ្ទាំងគ្រប់គ្រងដែលបង្ហាញពីសកម្មភាពថ្មីៗ។ ពិនិត្យមើលការភ្ជាប់ ឬការបញ្ជូនទិន្នន័យដែលមានភាពមិនប្រក្រតី
  • ៨. ជាវឧបករណ៍ពីក្រុមហ៊ុនផ្គត់ផ្គង់ដែលមានកេរ្តិ៍ឈ្មោះល្អ៖ ជ្រើសរើសម៉ាកដែលមានសាវតាផ្តល់បច្ចុប្បន្នភាពសុវត្ថិភាពជាប្រចាំដល់ឧបករណ៍។ ជៀសវាងការប្រើម៉ាកឧបករណ៍ដែលមានប្រភពឬការថែទាំមិនច្បាស់លាស់។
  • ៩. បញ្ចេញចោលឧបករណ៍ចាស់ៗដោយសុវត្ថិភាព៖ មុនពេលលក់ ឬបោះចោលឧបករណ៍ឆ្លាតវៃ សូមធ្វើការកំណត់លំនាំដើមឡើងវិញ (factory reset) ដើម្បីលុបសម្អាតព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកចោល
  • ១០. តាមដានព័ត៌មានថ្មី៖ តាមដានការណែនាំផ្លូវការពីភ្នាក់ងារសន្តិសុខសាយប័រ។ តាមដានព័ត៌មានពីអ្នកផ្គត់ផ្គង់ និងព័ត៌មានបច្ចេកវិទ្យាសម្រាប់ការផ្សព្វផ្សាយព័ត៌មានអំពីចំណុចខ្សោយ និងការធ្វើបច្ចុប្បន្នភាព។

៤- មូលហេតុសុវត្ថិភាព IoT មានសារៈសំខាន់

សង្គមឌីជីថលដែលមានសុវត្ថិភាពផ្តើមចេញពីប្រជាពលរដ្ឋឌីជីថលដែលមានចំណេះដឹង។ នៅពេលដែលសង្គមយើងកំពុងវិវត្តទៅទីក្រុងឆ្លាត ការទូទាត់ឌីជីថល និងរដ្ឋាភិបាលឌីជីថល ផ្ទៃវាយប្រហារសាយប័រកាន់តែរីកធំឡើងៗ។ ការការពារបណ្តាញក្នុងផ្ទះតែមួយអាចកាត់បន្ថយហានិភ័យនៃការរីករាលដាលនៃបណ្តាញមេរោគ ការចម្លងមេរោគជំរិតទិន្នន័យ និងការបែកធ្លាយទិន្នន័យ។

៥-   ឯកសារពាក់ព័ន្ធ

  • https://privsec.harvard.edu/best-practices-iot-devices
  • https://www.enisa.europa.eu/topics/iot-and-smart-infrastructures
  • https://www.kaspersky.com/resource-center/definitions/what-is-iot-security
  • https://www.wired.com/story/iot-home-security/
  • https://www.consumerreports.org/electronics-computers/privacy/buying-guide/connected-devices/
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.