February 23, 2026

Language:

ហានិភ័យសន្តិសុខ បញ្ញាសិប្បនិម្មិត និងរបៀបដែល Zero Trust កំពុងបង្កើតភាពខុសគ្នា

១. ព័ត៌មានទូទៅ

ហានិភ័យសន្តិសុខបញ្ញាសិប្បនិម្មិតមានភាពចម្រុះ និងអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរ។ ហានិភ័យទាំងនេះអាចមានដូចជាការលេចធ្លាយទិន្នន័យដោយសារម៉ូឌែលមានចំណុចខ្សោយ ឬការប្រើប្រាស់បញ្ញាសិប្បនិម្មិតដោយជនទុច្ចរិតក្នុងការបោកបញ្ឆោត phishing ឬការវាយប្រហារវិស្វកម្មសង្គមជាដើម។

ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីៗទាំងនេះ ក្របខណ្ឌសន្តិសុខសាយប័រត្រូវការការអភិវឌ្ឍឱ្យទាន់សម័យជានិច្ច។

២. ការយល់ដឹងអំពីហានិភ័យសន្តិសុខ បញ្ញាសិប្បនិម្មិត

ហានិភ័យសន្តិសុខបញ្ញាសិប្បនិម្មិតមួយចំនួនរួមមាន៖

  • ការបំពុលទិន្នន័យប្រភព (Data Poisoning) : អ្នកវាយប្រហារផ្តល់ទិន្នន័យខុស ឬទិន្នន័យទុច្ចរិតចូលទៅក្នុងប្រព័ន្ធ machine learning ដើម្បីបំពុលទិន្នន័យ និងបំប្លែងលទ្ធផលព្យាករណ៍ ឬឥរិយាបថរបស់ម៉ូឌែល។
  • ការលួចបង្កប់ទិន្នន័យបំពុល (Adversarial Attacks) : ជាការលួចបង្កប់កំណែប្រែតូចៗលើទិន្នន័យបញ្ចូល ដែលអាចបោកបញ្ឆោតប្រព័ន្ធបញ្ញាសិប្បនិម្មិតឱ្យធ្វើសេចក្ដីសម្រេចខុស ដោយភាគច្រើនមនុស្សមិនអាចសង្កេតឃើញ។
  • ការលួចម៉ូឌែល (Model Theft) និង ការបញ្ច្រាស់រកទិន្នន័យប្រភព (Inversion) : សំដៅលើការព្យាយាមបង្កើតឡើងវិញនូវម៉ូឌែលបញ្ញាសិប្បនិម្មិត ដែលជាកម្មសិទ្ធិរបស់អង្គភាព តាមរយៈការប្រើលទ្ធផលរបស់វា ឬការទាញយកព័ត៌មានសម្ងាត់ចេញពីម៉ូឌែល។
  • ការប្រើប្រាស់បញ្ញាសិប្បនិម្មិតខុសបំណងដើម : ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងគោលបំណងទុច្ចរិតដូចជា ការបង្កើត deepfakes, ការវាយប្រហារសាយប័រស្វ័យប្រវត្តិ ឬការវាយប្រហារវិស្វកម្មសង្គមកម្រិតខ្ពស់។

ហានិភ័យសន្តិសុខបញ្ញាសិប្បនិម្មិតអាចមានផលប៉ះពាល់លាតសន្ធឹងទូលំទូលាយ ទាំងលើបុគ្គល និងអង្គភាពអាជីវកម្ម៖

  • បុគ្គល អាចមានហានិភ័យបាត់បង់ទិន្នន័យផ្ទាល់ខ្លួន ក្លាយជាជនរងគ្រោះនៃការលួចអត្តសញ្ញាណ ឬត្រូវបានវាយប្រហារដោយ phishing ដែលបង្កើតឡើងជាពិសេសតម្រូវសម្រាប់គេ។ ហានិភ័យទាំងនេះអាចនាំឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ និងការរំលោភលើឯកជនភាព។
  • សម្រាប់អាជីវកម្ម ការវាយប្រហារដែលពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត ប្រសិនបើជោគជ័យ អាចបណ្តាលឱ្យខាតបង់ហិរញ្ញវត្ថុ បាត់បង់កេរ្តិ៍ឈ្មោះ និងបាត់បង់អត្ថប្រយោជន៍ប្រកួតប្រជែង។ លើសពីនេះ អាជីវកម្មអាចប្រឈមនឹងបញ្ហាច្បាប់ និងអនុលោមភាព ប្រសិនបើទិន្នន័យអតិថិជនត្រូវបានលេចធ្លាយដោយសារចំណុចខ្សោយរបស់បញ្ញាសិប្បនិម្មិត។

៣. ការអនុវត្តយន្តការ Zero Trust សម្រាប់សន្តិសុខបញ្ញាសិប្បនិម្មិត

Zero Trust អាចជាវិធីសាស្ត្រសំខាន់មួយក្នុងការកាត់បន្ថយហានិភ័យសន្តិសុខបញ្ញាសិប្បនិម្មិតទាំងនេះ។

ជំហានសំខាន់ៗក្នុងការអនុវត្ត Zero Trust នៅក្នុងអង្គភាព

ការអនុវត្តម៉ូឌែល Zero Trust អាចនឹងមានភាពងាយស្រួលគ្រប់គ្រងបាន ប្រសិនបើត្រូវអនុវត្តតាមជំហានសំខាន់ៗដូចខាងក្រោម៖

  • កំណត់ទិន្នន័យ និងធនធានសំខាន់ៗ (Identify Sensitive Data and Assets) : យល់ដឹងថាធនធានអ្វីខ្លះ និងស្ថិតនៅទីណាខ្លះជាធនធានមានតម្លៃរបស់អង្គភាព។ ធនធានទាំងនេះអាចរួមមានបណ្ដុំទិន្នន័យ (database), ម៉ាស៊ីនមេ (server) ឬម៉ូឌែលបញ្ញាសិប្បនិម្មិតដែលជាកម្មសិទ្ធិរបស់អង្គភាព។
  • ស្វែងយល់ពីចរន្តលំហូរទិន្នន័យ (Map the Transaction Flows) : ការស្វែងយល់ពីចរន្តលំហូរដែលទិន្នន័យផ្លាស់ទីក្នុងបណ្តាញជួយឱ្យយើងដឹងថាប្រព័ន្ធបញ្ញាសិប្បនិម្មិតមានការប្រាស្រ័យទាក់ទងជាមួយសមាសធាតុផ្សេងៗក្នុងបណ្តាញយ៉ាងដូចម្តេចខ្លះ។
  • រៀបចំនិមាបនកម្មបណ្តាញ Zero Trust (Architect a Zero Trust Network) : អនុវត្ត វិធីសាស្ត្រ microsegmentation ដើម្បីបង្កើតតំបន់សុវត្ថិភាពតូចៗក្នុងបណ្តាញ។ វិធីសាស្ត្រនេះអាចឱ្យយើងប្រើយន្តការវិភាគដែលបំពាក់ដោយបញ្ញាសិប្បនិម្មិត ដើម្បីកំណត់ឥរិយាបថធម្មតា និងសម្គាល់ភាពមិនប្រក្រតី។
  • ការធ្វើកូដនីយកម្មលើទិន្នន័យ (Encrypting Data) : ការការពារទិន្នន័យសម្ងាត់ត្រូវអនុវត្តដោយប្រើក្បួនកូដនីយកម្ម (encryption algorithms) មានអានុភាពខ្ពស់ និងវិធីសាស្ត្រគ្រប់គ្រងសោសន្តិសុខ (key management) ដែលមានប្រសិទ្ធភាព។ ការប្រើប្រាស់ end-to-end encryption សម្រាប់បណ្តាញទំនាក់ទំនងអាចធានាថាទិន្នន័យដែលចែករំលែកទៅប្រព័ន្ធក្រៅត្រូវបានការពារពេញមួយដំណើរ។
  • ប្រើប្រាស់យន្តការការពារការបាត់បង់ទិន្នន័យ (Using Data-Loss Prevention – DLP) : យន្តការ DLP អាចត្រូវបានប្រើដើម្បីតាមដាន និងទប់ស្កាត់ការលេចធ្លាយទិន្នន័យ ដោយប្រើវិធីសាស្ត្រវិភាគមាតិកា និងបរិបទ ដើម្បីរកឃើញ និងរារាំងការផ្ទេរទិន្នន័យដោយគ្មានការអនុញ្ញាត ជាពិសេសទៅប្រព័ន្ធខាងក្រៅ។
  • បង្កើតគោលនយោបាយ Zero Trust (Create a Zero Trust Policy) : កំណត់គោលនយោបាយ Zero Trust របស់អង្គភាព ដែលរួមមានការគ្រប់គ្រងសិទ្ធិចូលប្រើ (access controls), ពិធីសារផ្ទៀងផ្ទាត់អត្តសញ្ញាណ (authentication protocols) និងនីតិវិធីសន្តិសុខផ្សេងៗទៀត។
  • តាមដាន និងថែទាំ (Monitor and Maintain) : តាមដានបណ្តាញជាបន្តបន្ទាប់ និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធជាទៀងទាត់ ព្រោះ Zero Trust មិនមែនជាដំណោះស្រាយម្តងហើយចប់ទេ ប៉ុន្តែជាដំណើរការនិរន្តរ៍។

៤. តួនាទីរបស់ភាគីពាក់ព័ន្ធផ្សេងៗក្នុងការអនុវត្ត Zero Trust

ក្នុងការអនុវត្ត Zero Trust ភាគីពាក់ព័ន្ធនីមួយៗមានតួនាទីសំខាន់របស់ខ្លួន៖

  • ថ្នាក់គ្រប់គ្រង (Management) : ថ្នាក់គ្រប់គ្រងជាអ្នកកំណត់ទិសដៅ និងបង្កើតបរិយាកាសគាំទ្រសម្រាប់ការអនុវត្ត Zero Trust។ ថ្នាក់គ្រប់គ្រងគួរអនុម័តគោលនយោបាយ និងបែងចែកធនធានគ្រប់គ្រាន់សម្រាប់ការអនុវត្ត Zero Trust។
  • ក្រុមអាយធី (IT Teams) : ក្រុមអាយធីមានភារកិច្ចសំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រ Zero Trust ផ្នែកបច្ចេកទេស ដូចជា microsegmentation, ការគ្រប់គ្រងសិទ្ធិចូលប្រើ (access controls) និងការតាមដានជាបន្តបន្ទាប់។
  • បុគ្គលិកទូទៅ (Employees) : បុគ្គលិកទាំងអស់ មិនមែនត្រឹមតែបុគ្គលិកអាយធីប៉ុណ្ណោះទេ គួរមានការយល់ដឹងអំពីគោលការណ៍ Zero Trust។ បុគ្គលិកគួរយល់ពីតួនាទីរបស់ខ្លួនក្នុងការធានាសន្តិសុខ ដូចជា ការអនុវត្តតាមពិធីសារចូលប្រើ (following access protocols) និងការរាយការណ៍សកម្មភាពគួរឱ្យសង្ស័យ។

៥. បញ្ហាប្រឈម និងដំណោះស្រាយក្នុងដំណើរការអនុវត្ត

នៅពេលអនុវត្ត Zero Trust អង្គភាពអាចប្រឈមនឹងបញ្ហាច្រើន ដូចជា៖

  • ការបដិសេធការផ្លាស់ប្តូរ (Resistance to Change) : ការផ្លាស់ប្តូរទៅ Zero Trust ភាគច្រើនមានន័យថាដំណើរការការងារត្រូវឆ្លងកាត់ការប្រែប្រួលធំៗ ដែលអាចបង្កឱ្យមានការពិបាកទទួលយកពីបុគ្គលិក។ បញ្ហានេះអាចត្រូវបានដោះស្រាយបានតាមរយៈការគ្រប់គ្រងការផ្លាស់ប្តូរ (change management) ការបណ្ដុះបណ្ដាល និងការទំនាក់ទំនងជាបន្តបន្ទាប់អំពីអត្ថប្រយោជន៍របស់ Zero Trust។
  • ភាពស្មុគស្មាញ (Complexity) : ការអនុវត្ត Zero Trust អាចមានភាពស្មុគស្មាញ និងត្រូវការធនធានច្រើន។ ការសហការជាមួយដៃគូដែលមានបទពិសោធន៍ និងការប្រើប្រាស់ឧបករណ៍ស្វ័យប្រវត្តិ អាចជួយបន្ថយភាពលំបាកក្នុងដំណាក់កាលផ្លាស់ប្តូរ។
  • ការតាមដានជានិរន្តរ៍ (Continuous Monitoring) : តម្រូវការតាមដានជានិរន្តរ៍អាចបង្កភាពធុញទ្រាន់ ឬចំណាយធនធានខ្ពស់។ ប៉ុន្តែ ការប្រើយន្តការវិភាគដែលបំពាក់ដោយបញ្ញាសិប្បនិម្មិត និងឧបករណ៍ស្វែងរកការគំរាមកំហែង អាចជួយគ្រប់គ្រងភារកិច្ចនេះបានមានប្រសិទ្ធភាព។

៦. ឯកសារពាក់ព័ន្ធ

  • https://www.splashtop.com/blog/ai-security-risks-how-zero-trust-is-making-a-difference
***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.