១. ព័ត៌មានទូទៅ
ហានិភ័យសន្តិសុខបញ្ញាសិប្បនិម្មិតមានភាពចម្រុះ និងអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរ។ ហានិភ័យទាំងនេះអាចមានដូចជាការលេចធ្លាយទិន្នន័យដោយសារម៉ូឌែលមានចំណុចខ្សោយ ឬការប្រើប្រាស់បញ្ញាសិប្បនិម្មិតដោយជនទុច្ចរិតក្នុងការបោកបញ្ឆោត phishing ឬការវាយប្រហារវិស្វកម្មសង្គមជាដើម។
ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងថ្មីៗទាំងនេះ ក្របខណ្ឌសន្តិសុខសាយប័រត្រូវការការអភិវឌ្ឍឱ្យទាន់សម័យជានិច្ច។
២. ការយល់ដឹងអំពីហានិភ័យសន្តិសុខ បញ្ញាសិប្បនិម្មិត
ហានិភ័យសន្តិសុខបញ្ញាសិប្បនិម្មិតមួយចំនួនរួមមាន៖
- ការបំពុលទិន្នន័យប្រភព (Data Poisoning) : អ្នកវាយប្រហារផ្តល់ទិន្នន័យខុស ឬទិន្នន័យទុច្ចរិតចូលទៅក្នុងប្រព័ន្ធ machine learning ដើម្បីបំពុលទិន្នន័យ និងបំប្លែងលទ្ធផលព្យាករណ៍ ឬឥរិយាបថរបស់ម៉ូឌែល។
- ការលួចបង្កប់ទិន្នន័យបំពុល (Adversarial Attacks) : ជាការលួចបង្កប់កំណែប្រែតូចៗលើទិន្នន័យបញ្ចូល ដែលអាចបោកបញ្ឆោតប្រព័ន្ធបញ្ញាសិប្បនិម្មិតឱ្យធ្វើសេចក្ដីសម្រេចខុស ដោយភាគច្រើនមនុស្សមិនអាចសង្កេតឃើញ។
- ការលួចម៉ូឌែល (Model Theft) និង ការបញ្ច្រាស់រកទិន្នន័យប្រភព (Inversion) : សំដៅលើការព្យាយាមបង្កើតឡើងវិញនូវម៉ូឌែលបញ្ញាសិប្បនិម្មិត ដែលជាកម្មសិទ្ធិរបស់អង្គភាព តាមរយៈការប្រើលទ្ធផលរបស់វា ឬការទាញយកព័ត៌មានសម្ងាត់ចេញពីម៉ូឌែល។
- ការប្រើប្រាស់បញ្ញាសិប្បនិម្មិតខុសបំណងដើម : ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងគោលបំណងទុច្ចរិតដូចជា ការបង្កើត deepfakes, ការវាយប្រហារសាយប័រស្វ័យប្រវត្តិ ឬការវាយប្រហារវិស្វកម្មសង្គមកម្រិតខ្ពស់។
ហានិភ័យសន្តិសុខបញ្ញាសិប្បនិម្មិតអាចមានផលប៉ះពាល់លាតសន្ធឹងទូលំទូលាយ ទាំងលើបុគ្គល និងអង្គភាពអាជីវកម្ម៖
- បុគ្គល អាចមានហានិភ័យបាត់បង់ទិន្នន័យផ្ទាល់ខ្លួន ក្លាយជាជនរងគ្រោះនៃការលួចអត្តសញ្ញាណ ឬត្រូវបានវាយប្រហារដោយ phishing ដែលបង្កើតឡើងជាពិសេសតម្រូវសម្រាប់គេ។ ហានិភ័យទាំងនេះអាចនាំឱ្យមានការខាតបង់ផ្នែកហិរញ្ញវត្ថុ និងការរំលោភលើឯកជនភាព។
- សម្រាប់អាជីវកម្ម ការវាយប្រហារដែលពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត ប្រសិនបើជោគជ័យ អាចបណ្តាលឱ្យខាតបង់ហិរញ្ញវត្ថុ បាត់បង់កេរ្តិ៍ឈ្មោះ និងបាត់បង់អត្ថប្រយោជន៍ប្រកួតប្រជែង។ លើសពីនេះ អាជីវកម្មអាចប្រឈមនឹងបញ្ហាច្បាប់ និងអនុលោមភាព ប្រសិនបើទិន្នន័យអតិថិជនត្រូវបានលេចធ្លាយដោយសារចំណុចខ្សោយរបស់បញ្ញាសិប្បនិម្មិត។
៣. ការអនុវត្តយន្តការ Zero Trust សម្រាប់សន្តិសុខបញ្ញាសិប្បនិម្មិត
Zero Trust អាចជាវិធីសាស្ត្រសំខាន់មួយក្នុងការកាត់បន្ថយហានិភ័យសន្តិសុខបញ្ញាសិប្បនិម្មិតទាំងនេះ។
ជំហានសំខាន់ៗក្នុងការអនុវត្ត Zero Trust នៅក្នុងអង្គភាព
ការអនុវត្តម៉ូឌែល Zero Trust អាចនឹងមានភាពងាយស្រួលគ្រប់គ្រងបាន ប្រសិនបើត្រូវអនុវត្តតាមជំហានសំខាន់ៗដូចខាងក្រោម៖
- កំណត់ទិន្នន័យ និងធនធានសំខាន់ៗ (Identify Sensitive Data and Assets) : យល់ដឹងថាធនធានអ្វីខ្លះ និងស្ថិតនៅទីណាខ្លះជាធនធានមានតម្លៃរបស់អង្គភាព។ ធនធានទាំងនេះអាចរួមមានបណ្ដុំទិន្នន័យ (database), ម៉ាស៊ីនមេ (server) ឬម៉ូឌែលបញ្ញាសិប្បនិម្មិតដែលជាកម្មសិទ្ធិរបស់អង្គភាព។
- ស្វែងយល់ពីចរន្តលំហូរទិន្នន័យ (Map the Transaction Flows) : ការស្វែងយល់ពីចរន្តលំហូរដែលទិន្នន័យផ្លាស់ទីក្នុងបណ្តាញជួយឱ្យយើងដឹងថាប្រព័ន្ធបញ្ញាសិប្បនិម្មិតមានការប្រាស្រ័យទាក់ទងជាមួយសមាសធាតុផ្សេងៗក្នុងបណ្តាញយ៉ាងដូចម្តេចខ្លះ។
- រៀបចំនិមាបនកម្មបណ្តាញ Zero Trust (Architect a Zero Trust Network) : អនុវត្ត វិធីសាស្ត្រ microsegmentation ដើម្បីបង្កើតតំបន់សុវត្ថិភាពតូចៗក្នុងបណ្តាញ។ វិធីសាស្ត្រនេះអាចឱ្យយើងប្រើយន្តការវិភាគដែលបំពាក់ដោយបញ្ញាសិប្បនិម្មិត ដើម្បីកំណត់ឥរិយាបថធម្មតា និងសម្គាល់ភាពមិនប្រក្រតី។
- ការធ្វើកូដនីយកម្មលើទិន្នន័យ (Encrypting Data) : ការការពារទិន្នន័យសម្ងាត់ត្រូវអនុវត្តដោយប្រើក្បួនកូដនីយកម្ម (encryption algorithms) មានអានុភាពខ្ពស់ និងវិធីសាស្ត្រគ្រប់គ្រងសោសន្តិសុខ (key management) ដែលមានប្រសិទ្ធភាព។ ការប្រើប្រាស់ end-to-end encryption សម្រាប់បណ្តាញទំនាក់ទំនងអាចធានាថាទិន្នន័យដែលចែករំលែកទៅប្រព័ន្ធក្រៅត្រូវបានការពារពេញមួយដំណើរ។
- ប្រើប្រាស់យន្តការការពារការបាត់បង់ទិន្នន័យ (Using Data-Loss Prevention – DLP) : យន្តការ DLP អាចត្រូវបានប្រើដើម្បីតាមដាន និងទប់ស្កាត់ការលេចធ្លាយទិន្នន័យ ដោយប្រើវិធីសាស្ត្រវិភាគមាតិកា និងបរិបទ ដើម្បីរកឃើញ និងរារាំងការផ្ទេរទិន្នន័យដោយគ្មានការអនុញ្ញាត ជាពិសេសទៅប្រព័ន្ធខាងក្រៅ។
- បង្កើតគោលនយោបាយ Zero Trust (Create a Zero Trust Policy) : កំណត់គោលនយោបាយ Zero Trust របស់អង្គភាព ដែលរួមមានការគ្រប់គ្រងសិទ្ធិចូលប្រើ (access controls), ពិធីសារផ្ទៀងផ្ទាត់អត្តសញ្ញាណ (authentication protocols) និងនីតិវិធីសន្តិសុខផ្សេងៗទៀត។
- តាមដាន និងថែទាំ (Monitor and Maintain) : តាមដានបណ្តាញជាបន្តបន្ទាប់ និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធជាទៀងទាត់ ព្រោះ Zero Trust មិនមែនជាដំណោះស្រាយម្តងហើយចប់ទេ ប៉ុន្តែជាដំណើរការនិរន្តរ៍។
៤. តួនាទីរបស់ភាគីពាក់ព័ន្ធផ្សេងៗក្នុងការអនុវត្ត Zero Trust
ក្នុងការអនុវត្ត Zero Trust ភាគីពាក់ព័ន្ធនីមួយៗមានតួនាទីសំខាន់របស់ខ្លួន៖
- ថ្នាក់គ្រប់គ្រង (Management) : ថ្នាក់គ្រប់គ្រងជាអ្នកកំណត់ទិសដៅ និងបង្កើតបរិយាកាសគាំទ្រសម្រាប់ការអនុវត្ត Zero Trust។ ថ្នាក់គ្រប់គ្រងគួរអនុម័តគោលនយោបាយ និងបែងចែកធនធានគ្រប់គ្រាន់សម្រាប់ការអនុវត្ត Zero Trust។
- ក្រុមអាយធី (IT Teams) : ក្រុមអាយធីមានភារកិច្ចសំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រ Zero Trust ផ្នែកបច្ចេកទេស ដូចជា microsegmentation, ការគ្រប់គ្រងសិទ្ធិចូលប្រើ (access controls) និងការតាមដានជាបន្តបន្ទាប់។
- បុគ្គលិកទូទៅ (Employees) : បុគ្គលិកទាំងអស់ មិនមែនត្រឹមតែបុគ្គលិកអាយធីប៉ុណ្ណោះទេ គួរមានការយល់ដឹងអំពីគោលការណ៍ Zero Trust។ បុគ្គលិកគួរយល់ពីតួនាទីរបស់ខ្លួនក្នុងការធានាសន្តិសុខ ដូចជា ការអនុវត្តតាមពិធីសារចូលប្រើ (following access protocols) និងការរាយការណ៍សកម្មភាពគួរឱ្យសង្ស័យ។
៥. បញ្ហាប្រឈម និងដំណោះស្រាយក្នុងដំណើរការអនុវត្ត
នៅពេលអនុវត្ត Zero Trust អង្គភាពអាចប្រឈមនឹងបញ្ហាច្រើន ដូចជា៖
- ការបដិសេធការផ្លាស់ប្តូរ (Resistance to Change) : ការផ្លាស់ប្តូរទៅ Zero Trust ភាគច្រើនមានន័យថាដំណើរការការងារត្រូវឆ្លងកាត់ការប្រែប្រួលធំៗ ដែលអាចបង្កឱ្យមានការពិបាកទទួលយកពីបុគ្គលិក។ បញ្ហានេះអាចត្រូវបានដោះស្រាយបានតាមរយៈការគ្រប់គ្រងការផ្លាស់ប្តូរ (change management) ការបណ្ដុះបណ្ដាល និងការទំនាក់ទំនងជាបន្តបន្ទាប់អំពីអត្ថប្រយោជន៍របស់ Zero Trust។
- ភាពស្មុគស្មាញ (Complexity) : ការអនុវត្ត Zero Trust អាចមានភាពស្មុគស្មាញ និងត្រូវការធនធានច្រើន។ ការសហការជាមួយដៃគូដែលមានបទពិសោធន៍ និងការប្រើប្រាស់ឧបករណ៍ស្វ័យប្រវត្តិ អាចជួយបន្ថយភាពលំបាកក្នុងដំណាក់កាលផ្លាស់ប្តូរ។
- ការតាមដានជានិរន្តរ៍ (Continuous Monitoring) : តម្រូវការតាមដានជានិរន្តរ៍អាចបង្កភាពធុញទ្រាន់ ឬចំណាយធនធានខ្ពស់។ ប៉ុន្តែ ការប្រើយន្តការវិភាគដែលបំពាក់ដោយបញ្ញាសិប្បនិម្មិត និងឧបករណ៍ស្វែងរកការគំរាមកំហែង អាចជួយគ្រប់គ្រងភារកិច្ចនេះបានមានប្រសិទ្ធភាព។
៦. ឯកសារពាក់ព័ន្ធ
- https://www.splashtop.com/blog/ai-security-risks-how-zero-trust-is-making-a-difference







