១. ព័ត៌មានទូទៅ
មូលហេតុធំមួយដែលអាចធ្វើឱ្យយើងជឿលើព័ត៌មានមិនពិតគឺ យើងភាគច្រើនមានទំនោរប្រតិកម្មតបទៅនឹងព័ត៌មានដោយប្រើប្រាស់អារម្មណ៍របស់យើងជាជាងការត្រិះរិះពិចារណារកហេតុផលសមរម្យ។ អ្នកបង្កើតព័ត៌មានមិនពិតជាច្រើនប្រើយុទ្ធសាស្ត្រកេងប្រវ័ញ្ចលើប្រតិកម្មអារម្មណ៍ទាំងនេះ។ ខាងក្រោមនេះគឺជាកត្តាទូទៅមួយចំនួនដែលអ្នកគួរយកចិត្តទុកដាក់៖
១.១ ភាពល្អៀងទៅជំនឿមានស្រាប់
ភាពល្អៀងនេះអាចកើតមាននៅពេលដែលយើងជឿលើព័ត៌មានដែលគាំទ្រអ្វីដែលយើងគិតឃើញរួចហើយ។ ដោយសារព័ត៌មាននេះស៊ីគ្នានឹងជំនឿដែលមានរួចហើយរបស់យើង យើងតែងមានទំនោរចង់ចែករំលែកវាបន្ត។
១.២ អារម្មណ៍ចង់ចូលរួមចំណែកក្នុងអ្វីមួយ
ជាមនុស្សសង្គម យើងតែងចង់មានអារម្មណ៍ថាជាផ្នែកមួយនៃអ្វីមួយដែលវិសេសវិសាល។ អារម្មណ៍នេះកើនឡើងនៅពេលយើងតភ្ជាប់ជាមួយមនុស្សដែលយល់ឃើញដូចគ្នា ហើយអាចពង្រឹងសាមគ្គីភាពក្រុម និងជំនឿមួយចំនួន មិនថា ល្អឬអាក្រក់ ពិតឬមិនពិត។
១.៣ អារម្មណ៍ចង់ធ្វើតាមគ្នា
អារម្មណ៍នេះកើតឡើងនៅពេលដែលមនុស្សជាច្រើនធ្វើសកម្មភាពដូចគ្នា។ ក្នុងករណីព័ត៌មាន ប្រសិន បើមនុស្សគ្រប់គ្នាកំពុងចែករំលែកព័ត៌មានណាមួយ ព័ត៌មាននោះអាចហាក់ដូចជាពិតដោយសារមនុស្សជាច្រើនកំពុងនិយាយអំពីវា។
១.៤ ទ្រឹស្ដីសមគំនិត
ទ្រឹស្ដីសមគំនិតជាប្រភេទអំណះអំណាងដែលទំនោរនឹងលេចឡើងក្នុងអំឡុងពេលវិបត្តិ ឬភាពមិនប្រាកដប្រជា និងហាក់ដូចជាផ្តល់នូវចម្លើយ ចំពោះអ្វីដែលមិនមានភាពច្បាស់លាស់។ លក្ខណៈសំខាន់មួយចំនួននៃទ្រឹស្ដីសមគំនិតរួមមាន៖
- មានមូលដ្ឋានក្នុងភាពសង្ស័យខ្លាំងលើសលុប ដែលធ្វើឱ្យមនុស្សជឿលើទ្រឹស្ដីទាំងនេះបដិសេធការពន្យល់ផ្សេងទៀតទាំងអស់
- ភាគច្រើនមានជំនឿថាមានគោលបំណងទុច្ចរិតនៅពីក្រោយព្រឹត្តិការណ៍អ្វីៗដែលកើតឡើង
- តែងពន្យល់កុំឱ្យទុកចិត្តលើប្រភពផ្លូវការ
- បណ្ដុះអារម្មណ៍ថាអ្នកដែលជឿជាក់លើអំណះអំណាងប្រភេទនេះ គឺជាជនរងគ្រោះក្លាហានដែលឈរប្រឆាំងនឹងអ្នកដែលបំបាំងការពិត
- មិនទទួលយកភស្តុតាងប្រឆាំងអ្វីទាំងអស់ ដោយហេតុថាភស្តុតាងទាំងនោះជាវិធីសាស្ត្របំផ្លាញការពិត។
ដោយយល់ពីរបៀបដែលអារម្មណ៍ ភាពល្អៀង និងអារម្មណ៍ចង់ចូលរួមចំណែកក្នុងអ្វីមួយអាចនាំយើងឱ្យទុកចិត្តលើព័ត៌មានមិនពិត យើងអាចធ្វើការសន្ទនាដោយយោគយល់ និងមានប្រសិទ្ធិភាពជាមួយមនុស្សដែលជឿព័ត៌មានមិនពិត។
២. គន្លឹះសម្រាប់ការសន្ទនា
២.១ ធ្វើចិត្តឱ្យត្រជាក់
គួរគិតថាការសន្ទនាជាមួយអ្នកជឿព័ត៌មានមិនពិត មិនមែនជាការឈ្លោះគ្នាធំដុំ ឬការរកឈ្នះឬចាញ់ទេ។ វាជាការជួយឱ្យគេអភិវឌ្ឍជំនាញវិចារណញ្ញាណ និងអង្កេតមើលអ្វីៗពីទស្សនៈថ្មី។
២.២ ស្តាប់ដោយយកចិត្តទុកដាក់
យកចិត្តទុកដាក់លើអ្វីដែលគេកំពុងនិយាយ។ អ្នកអាចយល់ដឹងពីគេដោយព្យាយាមយល់ពីការព្រួយបារម្ភ ឬមូលហេតុរបស់ពួកគេក្នុងការជឿលើព័ត៌មានណាមួយ។ ការធ្វើបែបនេះអាចជួយបង្ហាញថាអ្នកយល់ពីចំណុចដែលគេកំពុងនិយាយ មុនពេលអ្នកឆ្លើយតបជាមួយនឹងអំណះអំណាងផ្ទុយរបស់អ្នក។
២.៣ សួរសំណួរ
បង្ហាញថាអ្នកបានយល់ពីចំណុចរបស់ពួកគេ បន្ទាប់មកសួរសំណួរដោយសុភាពពាក់ព័ន្ធនឹងការពិត ប្រភព ឬទិន្នន័យ។ គួររក្សាភាពចង់យល់ដឹង មិនប្រតិកម្មប្រឆាំង។
២.៤ ពន្យល់ពីភាពលម្អិតនៃព័ត៌មាន
គួរនិយាយឱ្យច្បាស់ថាព័ត៌មានមិនតែងតែពិត ១០០% ឬមិនពិត ១០០% នោះទេ។ ការយល់ពី “តំបន់ប្រផេះ” ហើយអាចដឹងបានថាចំណុចណានៃព័ត៌មានជាចំណុចពិត និងចំណុចណាអាចមិនពិត គឺជាផ្នែកសំខាន់នៃការអភិវឌ្ឍជំនាញត្រិះរិះពិចារណា។
២.៥ អង្គហេតុពិត និងការយល់ឃើញ
គួរចង្អុលបង្ហាញថាអង្គហេតុពិតជាអ្វីដែលមានពិតប្រាកដ អាចត្រូវបានគាំទ្រដោយភស្តុតាង ខណៈការយល់ឃើញគឺជាទស្សនៈផ្ទាល់ខ្លួន។ អ្នកគួរសង្កត់ធ្ងន់លើសារៈសំខាន់នៃការទទួលយកព័ត៌មានដែលអាចទុកចិត្តបាន និងផ្អែកលើការពិត។
២.៦ ចែករំលែកឧបករណ៍ឬវិធីសាស្ត្រសម្រាប់ពិនិត្យការពិត
គួរបង្ហាញពីវិធីងាយស្រួលដើម្បីផ្ទៀងផ្ទាត់ថាតើព័ត៌មានពិតឬអត់ ដូចជាការប្រើគេហទំព័រពិនិត្យការពិតដែលអាចទុកចិត្តបាន ឬប្រៀបធៀបប្រភពដែលអាចទុកចិត្តបានច្រើន។
២.៧ ណែនាំប្រភពដែលអាចទុកចិត្តបាន
គួរណែនាំឱ្យស្គាល់អ្នកកាសែតមានវិជ្ជាជីវៈត្រឹមត្រូវ ឬអ្នកស្រាវជ្រាវដែលមានជំនាញនិងកេរ្ដិ៍ឈ្មោះល្អ។ បុគ្គលទាំងនេះ មិនតែងតែល្អឥតខ្ចោះទេ ប៉ុន្តែពួកគេមានការបណ្តុះបណ្តាល សីលធម៌ និងស្តង់ដារសម្រាប់ផ្ទៀងផ្ទាត់ព័ត៌មានបានល្អ។
៣. ឯកសារពាក់ព័ន្ធ
- https://www.unicef.org/eca/stories/quick-guide-spotting-misinformation