March 28, 2024

Language:

ការប្រកួតប្រជែងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ២០១៨ និងការប្រគល់ជ័យលាភី

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១៤កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានរៀបចំព្រឹត្តិការណ៍ប្រកួតប្រជែងផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ២០១៨ (Cambodia Cyber Contest 2018) ក្រោមអធិបតីភាព ឯកឧត្តម ជុន វ៉ាត អគ្គនាយកនៃអគ្គនាយកដ្ឋាន បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។​ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានសន្តិសុខបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ក្រោមការគាំទ្រដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការចូលរួមពីនិស្សិតចំនួន ១៩នាក់មកពីមហាវិទ្យាល័យនានា នៅទីក្រុងភ្នំពេញ។

ជាកិច្ចចាប់ផ្តើមបើកកម្មវិធី ឯកឧត្តម ជុន វ៉ាត បានថ្លៃងលើកឡើងអំពីសារៈសំខាន់នៃការកសាងសមត្ថភាពធនធានមនុស្សដែលមានជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ សព្វថ្ងៃនេះជំនាញមួយនេះគឺមានតម្រូវការយ៉ាងខ្លាំង ទាំងក្នុងស្រុក និងនៅក្នុងតំបន់ ហើយឯកឧត្តមបានផ្តាំផ្ញើរឲ្យបេក្ខជនដែលចូលរួមទាំងអស់ ទោះបីទទួលបានជ័យលាភី ឬមិនបានក្តី ត្រូវខិតខំសិក្សារៀនសូត្រជំនាញមួយនេះបន្ថែមទៀត ដើម្បីឲ្យកម្ពុជាយើងមានធនធានបន្ថែមក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបទៅនឹងការវាយប្រហារនានាពីអ៊ិនធឺណិត។

ការប្រកួតនេះគឺមានរយៈពេលពេញមួយថ្ងៃ ហើយអ្នកដែលទទួលបានជ័យលាភីចំនួនពីររូប​ នឹងត្រូវចាត់បញ្ជូនទៅចូលរួមប្រកួតបន្តនៅប្រទេសសឹង្ហបុរីនាខែកញ្ញាខាងមុខនេះ។

ការប្រកួតនេះគឺមានលក្ខណៈជាទម្រង់ Capture The Flag (CTF)  ប្រភេទ Jeopardy Style ដែលមានដូចជា​ Programming, Crypto, Web, Forensics, Binary Reverse, …​ ។

ការប្រគល់ជ័យលាភី

ក្រោយពីការប្រកួតប្រជែងរយៈពេលពេញមួយថ្ងៃរួចមក ជ័យជំនៈត្រូវបានធ្លាក់ទៅលើនិសិ្សតចំនួនពីររូប​គឺលោក រៀន​ យូដា មកពីសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងលោក ប៉េង ឆៃឡេង មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ឯកឧត្តម ជុន​ វ៉ាត បាន ប្រគល់រង្វាន់ដល់បេក្ខជនជ័យលាភី និងបានផ្តាំផ្ញើរឲ្យបេក្ខជនទាំងពីរប្រឹងប្រែងស្រាវជ្រាវបន្ថែមទៀតមុនពេលដែលខ្លួនចេញ ទៅប្រកួតថ្នាក់តំបន់នៅប្រទេសសឹង្ហបុរីនាពេលខាងមុខនេះ៕

***Disclaimer: CamCERT own some of the content. Our purpose is pure to help spread the awareness, tips or other information related to security to everyone. Even though every information is true, accurate, completed and appropriate, we make no responsibility nor warranty since everything could go wrong.